ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

មេដឹកនាំកូរ៉េខាងជើងបានចាត់ទុកកូរ៉េខាងត្បូងថាជាប្រទេសបរទេស និងជាប្រទេសសត្រូវរបស់ខ្លួន

សង្គ្រាមវោហាសាស្ត្ររវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងហាក់កំពុងឡើងកម្ដៅខ្លាំងក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះដោយប្រទេសទាំងពីរបានគំរាមកំហែងវាយប្រហារផ្ទាញ់ផ្ទាល់ដាក់គ្នា។ នៅថ្ងៃសុក្រនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KRT របស់កូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចង្អុលរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងនៅលើផែនទីយោធាមួយ ហើយនិយាយថា កូរ៉េខាងត្បូងគឺជាប្រទេសបរទេស និងជាប្រទេសសត្រូវ។

 

 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះបានបន្ថែមថា ការកត់សម្គាល់នេះបានធ្វើឡើងនៅពេលលោក ជុងអ៊ុន បានចុះទៅពិនិត្យមើលទីស្នាក់ការកណ្តាលនៃកងពលធំទី២របស់កងទ័ពប្រជាជនកូរ៉េកាលពីថ្ងៃព្រហស្បតិ៍។ ទូរទស្សន៍នេះបានបង្ហាញរូបភាពរបស់លោក ជុងអ៊ុន កំពុងសម្លឹងមើលផែនទីដ៏ធំមួយដែលព័ទ្ធជុំវិញដោយកងទ័ពកូរ៉េខាងជើង ហើយនៅលើផែនទីនោះបានរំលេចឱ្យឃើញអំពីទីក្រុងសេអ៊ូល ទោះបីជាគេបានមើលឃើញក្នុងភាពព្រឹលៗក៏ដោយ។

 

 

 

ការចាត់ថ្នាក់កូរ៉េខាងត្បូងថាជាប្រទេសសត្រូវនេះបានធ្វើឡើងនៅពេលមួយថ្ងៃបន្ទាប់ពីសភាជាតិរបស់កូរ៉េខាងជើងបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីកំណត់កូរ៉េខាងត្បូងថាជា«រដ្ឋអរិភាព»ស្របតាមការប្តេជ្ញាចិត្តរបស់លោក ជុងអ៊ុន ក្នុងការបោះបង់ចោលនូវការបង្រួបបង្រួមកូរ៉េទាំងពីរជាគោលដៅជាតិ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024