ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

មនុស្ស១៨នាក់ របស់ក្រុមហ៊ុន iCon Group ត្រូវបានចាប់ខ្លួនពីករណីបោកប្រាស់

ប៉ូលីសថៃ បានចាប់ខ្លួនជនសង្ស័យទាំង១៨នាក់ ពាក់ព័ន្ធនៅក្នុងសំណុំរឿងបោកប្រាស់ក្រុមហ៊ុន iCon Group រួមមានលោក Warathaphon Waratyaworrakul ឈ្មោះហៅក្រៅ(Boss Paul)ដែលជាស្ថាបនិកក្រុមហ៊ុន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយនេះ។ យោងការិយាល័យស៊ើបអង្កេតកណ្តាល (CIB)ឱ្យដឹងនៅយប់ថ្ងៃពុធ។ 

 

 

នាយកប្រតិបត្តិក្រុមហ៊ុនiCon Groupលោក Warathaphon  Waratyaworrakulឬ(Boss Paul)ចាប់ខ្លួននៅការិយាល័យក្រុមប្រឹក្សាការពារអ្នកប្រើប្រាស់ ថ្ងៃពុធ

 

 

លោក Warathaphon អាយុ៤១ឆ្នាំ ត្រូវបានចាប់ខ្លួននៅការិយាល័យក្រុមប្រឹក្សាការពារអ្នកប្រើប្រាស់ វេលាម៉ោងប្រហែល៤ល្ងាច។ លោកWarathaphonទៅការិយាល័យអ្នកប្រើប្រាស់ដើម្បីថ្លែងការណ៍ពីដំណើរការអាជីវកម្មរបស់លោក ដែលជាអាជីវកម្មមួយ ត្រូវប៉ូលីសដាក់ការស៊ើបអង្កេតទៅលើការលក់បែបពីរ៉ាមីត និងបោកប្រាស់។

 

តុលាការព្រហ្មទណ្ឌថៃនៅថ្ងៃពុធ បានចេញដីកាចាប់ខ្លួនលោក Warathaphon និងមនុស្ស១៧នាក់ផ្សេងទៀត ដែលមានទាំងតារាសិល្បៈ ក្នុងបទចោទបោកប្រាស់មហាជន និងផ្សាយដំណឹងក្លែងក្លាយទៅលើប្រព័ន្ធកំព្យូទ័រ។ 

 

ក្រោយចាប់ខ្លួនប៉ូលីស បាននាំលោកWarathaphon ទៅឆែកឆេរលំនៅដ្ឋាន និងការិយាល័យរបស់លោក។ ក្រោយមក លោកត្រូវបញ្ជូនទៅការិយាល័យស៊ើបអង្កេតកណ្តាល (CIB) នៅទីក្រុងបាងកក។ 

 

លោក Kan Kantathavorn ពិធីករថៃល្បីឈ្មោះនិងជាតារាសម្តែង ពាក់ព័ន្ធក្នុងករណីiCon Group ត្រូវបញ្ចូនទៅការិយាល័យCIB នៅវេលាម៉ោង៧និង៣០នាទីយប់។ លោក Kan Kantathavorn ឈ្មោះហៅក្រៅ (Boss Kan) កាន់កាប់ ភាគហ៊ុន 90% របស់បណ្តាញធុរកិច្ច Waratphon។ ជនសង្ស័យ២នាក់ទៀត មកពីវិស័យកម្សាន្តត្រូវបានចាប់ខ្លួនផងដែរ។ 

លោក Kan Kantathavorn មានមុខងារជា​នាយក​នៅក្នុង​ក្រុមហ៊ុន​យ៉ាង​ហោច​ណាស់​៦ ដែល​​៥ក្រុមហ៊ុនកំពុងមាន​សកម្មភាពអាជីវកម្ម ក្នុងនោះរួមមានក្រុមហ៊ុន៖ ១. Kanploi & The Baby Co., Ltd. ២. kanang Co., Ltd. ៣. Khongkanang Co., Ltd. ៤. Konkanang Co., Ltd. ៥. Skin Buffet Clinic Co., Ltd. 


 

ជនសង្ស័យ៣នាក់ចុងក្រោយដែលប៉ូលីសបានចាប់ខ្លួនមានលោក Saowapha Wongsakha, លោក Songkrot  Sretthanan ហៅ (Boss Peter) និងលោក Chetnaphat Apiwattanakarn ហៅ(Boss Tommy)។ 

 

ជនសង្ស័យដែលចាប់ខ្លួនមុននេះ មានអ្នកនាង Panjarat  Kanokrakthanaphorn ឬ(Boss Tan); Tananont  Hiranchaiwan(Boss Mor Ek); កញ្ញា Natpasorn Chatthanasor(Boss Suay); កញ្ញា Yasikan  Ekchisanuphong(Boss Soda); លោក Nantharat Chaowanapreecha(Boss Om); លោកThawinphas  Phupattanarin(Boss Win); លោក Hassayanont  Ekchisanuphong(Boss Pop), តារាសម្តែងលោក Yuranunt Pamornmontri(Sam)។

 

 

 

 

មនុស្សពាក់ព័ន្ធនិងក្រុមហ៊ុន iCon Group ៣នាក់ទៀតដែលជាប់ឃុំឃាំង មានតារាស្រីល្បីឈ្មោះ នាង Pechaya Wattanamontree ឬ(Boss Min), នាង Wilailak Jengsuwan(Boss Oil) និងលោក Thanarot Thitijariyawatឬ(Boss Off)។

 

មនុស្សច្រើនជាង១១០០នាក់ បានដាក់បណ្តឹងប្រឆាំងនឹងក្រុមហ៊ុន iCon Group ដែលលក់អាហារសុខភាព និងអាហារបំប៉នសុខភាព។ 

 

ក្រុមហ៊ុន បានទាក់ទាញមនុស្សទាំងឡាយឱ្យចូលរួមជាមួយខ្លួនតាមរយៈផ្តល់ការសិក្សាផ្នែកលក់អនឡាញតម្លៃទាប។ ប៉ុន្តែនៅពេលពួកគេចូលរៀន ពួកគេត្រូវចំណាយលុយទិញផលិតផល និងជួយទាក់ទាញអ្នកចូលរួមថ្មីៗបន្តទៀត។ 

 

 

រូបថត ស្ថាបនិក និងនាយកប្រតិបត្តិ iCon Group និងអ្នកជំនួញ តារាខ្មែរ នៅរាជធានីភ្នំពេញ
 

 

ងាកមកឥទ្ធិពលរបស់ iCon Group នៅក្រៅប្រទេសថៃវិញ។ ថ្មីៗនេះ បណ្តាញសង្គមអនឡាញថៃ បានចែកចាយរូបភាពជាច្រើនដែលជាជនរងគ្រោះនៅប្រទេសជិតខាងថៃ៣ប្រទេសមានប្រទេសឡាវ, ប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា, និងមានជនរងគ្រោះសូម្បីនៅប្រទេសជប៉ុន។ 

 

មានរូបថត និងវីដេអូជាច្រើនរបស់ស្ថាបនិកក្រុមហ៊ុន iCon Group លោកWarathaphon Waratyaworrakul ឬ(Boss Paul) បើកសម្ពោធអាជីវកម្មរបស់ខ្លួន នៅប្រទេសឡាវ កាលពី២,៣ឆ្នាំមុន។ កម្មវិធីនេះក៏មានការចូលរួមពីតារាសិល្បៈថៃល្បីឈ្មោះចូលរួមផងដែរ ដើម្បីធានាពីភាពជឿជាក់របស់ក្រុមហ៊ុន។ 

 

នៅប្រទេសឡាវ, ក្រុមហ៊ុន iCon Group  មានសមាជិកច្រើនជាង១០០០នាក់់ រួមមានតារាសិល្បៈល្បីៗនៅប្រទេសឡាវ។

 

តារាថៃ៣រូប មានមុខងារ ជាមន្ត្រីគ្រប់គ្រងតំបន់របស់ក្រុមហ៊ុន  iCon Group បានផ្សព្វផ្សាយពី iCon Group នៅប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា និងបានហៅប្រជាជនប្រទេសទាំង២នេះ វិនិយោគដើម្បីក្លាយជាអ្នកចែកចាយរបស់ក្រុមហ៊ុន។ 

 

ជាមួយគ្នា នៅប្រទេសជប៉ុន មានស្ត្រីថៃម្នាក់ បានប្រកាសនៅលើបណ្តាញសង្គមអនឡាញ Facebook ថា លោកស្រីត្រូវបានល្បួងឱ្យក្លាយជាប្រធានបណ្តាញក្រោមក្រុមហ៊ុនiCon Group និងបានណែនាំអាជីវកម្មនេះ ទៅប្រជាជនថៃជាច្រើននៅប្រទេសជប៉ុន។ ប៉ុន្តែការវិនិយោគរបស់ពួកគេជួបការខាតបង់។ ស្ត្រីថៃរូបនេះបន្តថា ពួកគេទទួលបានប្រាក់ត្រលប់មកវិញត្រឹមតែ៤០០០បាត ក្រោយដាក់ទុន២៥០,០០០បាត ក្នុងម្នាក់ជាអ្នកចែកចាយរបស់ក្រុមហ៊ុន iCon Group។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024