ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
បើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក បានបង្ហាញថា កំណើនសេដ្ឋកិច្ច របស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើង ៦,៥% នៅឆ្នាំ ២០២៤នេះ។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកវៀតណាម ចុះផ្សាយនៅថ្ងៃនេះ។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងងើបឡើងវិញមកត្រឹម ៦,៥% នៅឆ្នាំ ២០២៤ ខ្ពស់ជាង ៥,៥% ដែលធនាគារពិភពលោក បានព្យាករ កាលពីខែមេសា។ជាមួយនឹងការព្យាករណ៍នេះ កំណើន GDP របស់វៀតណាម គឺខ្ពស់ជាងប្រទេសចំនួន ៨ផ្សេងទៀតនៅក្នុងតំបន់អាស៊ាន និងប្រទេសចិន។
របាយការណ៍នេះ បានលើកឡើងពីសញ្ញាវិជ្ជមានមួយចំនួនក្នុងសេដ្ឋកិច្ចវៀតណាម បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់ ជាក់ស្តែងដូចជា កំណើននៃការវិនិយោគ ហាក់ដូចជាមានភាពរឹងមាំក្នុងប្រទេសវៀតណាម ខណៈពេលដែល វាធ្លាក់ចុះនៅក្នុងប្រទេសចិន។វៀតណាម ក៏ទទួលបានភ្ញៀវទេសចរត្រឡប់មកវិញ លើសចំនួនមុនការរាតត្បាតកូវីដ១៩ ខណៈ វៀតណាម ក៏ទទួលបានអត្ថប្រយោជន៍ផងដែរពី ការតភ្ជាប់ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ។
ថ្មីៗនេះ ធនាគារ United Overseas Bank (UOB) ដែលមានមូលដ្ឋាននៅសិង្ហបុរី បានបង្កើនការព្យាករណ៍កំណើន GDP របស់ខ្លួនសម្រាប់វៀតណាម នៅឆ្នាំនេះដល់ ៦,៤% ពោលគឺកើនឡើងពីការព្យាករណ៍ពីមុន ៥,៩%។ជាចុងក្រោយ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានបង្កើនការព្យាករណ៍របស់ខ្លួនអំពី កំណើននៅឆ្នាំនេះសម្រាប់ប្រទេសវៀតណាមដល់ទៅ ៦,១%៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ