ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

កាន់តែក្ដៅគគុក P. Diddy រងបណ្ដឹងរំលោភផ្លូវភេទលើបុរស និងស្ត្រី ៦ នាក់បន្ថែមទៀត

១៦ តុលា ២០២៤ | កម្សាន្ដ

 

 

ខណៈកំពុងស្ថិតក្នុងពន្ធនាគាររង់ចាំការកាត់ទោសនៅខែឧសភា ឆ្នាំ ២០២៥ តារារ៉េបនិងផលិតករតន្ត្រីល្បីឈ្មោះអាមេរិក P. Diddy ថ្មីៗនេះបានរងបណ្ដឹងចោទប្រកាន់ចំនួន ៦បន្ថែមទៀតពាក់ព័ន្ធការរំលោភ និងបៀតបៀនផ្លូវភេទ។

 

 

កាលពីថ្ងៃទី ១៤ ខែតុលា លោក Tony Buzbee (ថូនី បាស្ប៊ី) ជាមេធាវីតំណាងឱ្យជនរងគ្រោះជាង ១២០ នាក់រួមទាំងក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ដែលបានចោទប្រកាន់ តារារ៉េប Sean Combs (ស្ហន ខមស៍) ឬ P. Diddy ពីបទរំលោភផ្លូវភេទ និងការបំពានផ្សេងៗទៀត បានឱ្យដឹងថាជនរងគ្រោះទើបដាក់ពាក្យបណ្ដឹងចុងក្រោយមានបុរសចំនួន ៤ នាក់ និងស្ត្រី ២ នាក់។ 

 

 

ដោយមិនបានបង្ហាញអត្តសញ្ញាណ ជនរងគ្រោះទាំងនោះបានចោទប្រកាន់ថាពួកគេត្រូវបានគេរំលោភបំពានផ្លូវភេទ និងកេងចំណេញផលប្រយោជន៍ដោយ Diddy ក្នុងពេលខុសៗគ្នាពីចន្លោះឆ្នាំ ១៩៩៥ រហូតដល់ឆ្នាំ ២០២១។ទស្សនាវដ្ដីអាមេរិក People ​បាន​លាតត្រដាង​ព័ត៌មាន​លម្អិត​មួយ​ចំនួន​ក្នុង​ឯកសារ​បណ្តឹង ដោយនារីរងគ្រោះម្នាក់បានបង្ហើបថា ក្នុងឆ្នាំ ២០០៤ នៅពេលដែលនាងមានអាយុ ១៩ ឆ្នាំ P. Diddy បានអញ្ជើញនាង និងមិត្តភ័ក្ដិស្រីម្នាក់ទៀតទៅសណ្ឋាគារមួយនៅសង្កាត់ Manhattan ក្រុងញូវយ៉ក ហើយក៏បង្ខំឱ្យពួកគេផឹកស្រា និងប្រើប្រាស់គ្រឿងញៀន មុន​នឹង​ចាប់​រំលោភ​និង​គំរាម​កំហែង​អាយុ​ជីវិត។

 


ចំណែកករណីរបស់នារីរងគ្រោះម្នាក់ទៀតបានកើតឡើងនៅក្នុងឆ្នាំ ១៩៩៥ ដោយនាងបានចោទប្រកាន់ P. Diddy ពីបទរំលោភនាងនៅក្នុងបន្ទប់ទឹកនៅឯពិធីជប់លៀងមួយក្នុងទីក្រុងញូវយ៉ក។ ក្រោយធ្វើសកម្មភាពរួច P. Diddy បានដើរចេញ ធ្វើដូចជាគ្មានអ្វីកើតឡើង និងបានគំរាមនាងថា "កុំប្រាប់នរណាម្នាក់អំពីរឿងនេះ មិនដូច្នេះទេ នាងនឹងបាត់ខ្លួន”។

 

 


លើសពីនេះ ប្រភពព័ត៌មានក៏បានចេញផ្សាយឯកសារពីពាក្យបណ្តឹងពីជនរងគ្រោះជាបុរសដែលចោទប្រកាន់ថា P. Diddy បានរំលោភខ្លួនក្នុងឆ្នាំ ១៩៩៨ នៅពេលដែលរូបគេមានអាយុ ១៦ ឆ្នាំ។ ជនរងគ្រោះរូបនេះបាននិយាយថាខ្លួនត្រូវបានអញ្ជើញឱ្យចូលរួមពិធីជប់លៀងមួយ ហើយ P. Diddy បានយករូបគេទៅរំលោភក្នុងបន្ទប់ឯកជន ដោយប្រើអំណាចនិងពាក្យបោកបញ្ឆោតថានឹងជួយឱ្យគេបានក្លាយជាតារា ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024