ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

Jennie គ្រងចំណាត់ថ្នាក់កំពូលលើ iTunes ជុំវិញពិភពលោកជាមួយបទ “Mantra”

១៦ តុលា ២០២៤ | កម្សាន្ដ

 

 

សមាជិកក្រុម BLACKPINK, Jennie បានគ្រងចំណាត់ថ្នាក់លេខ១ លើតារាង iTunes ៥៩ ប្រទេសជាមួយបទថ្មី “Mantra” ថែមទាំងអាចបំបែកកំណត់ត្រាលើ Spotify ទៀតផង។

 

 

ទំព័រព័ត៌មានតន្ត្រី Chart Data រាយការណ៍ថា បទ "Mantra" (ម៉ានត្រា) របស់ Jennie បានបង្កើតកំណត់ត្រាថ្មីនៅលើ Spotify ដោយបានក្លាយជាបទចម្រៀងពីតារាខេប៉ុបទោលស្រីដែលទទួលបានការចូលស្ដាប់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់រយៈពេល ២៤ ម៉ោងដំបូង ពោលគឺរហូតដល់ ៥,២៤ លានដង។

 

 

ក្នុងថ្ងៃចេញផ្សាយ បទចម្រៀង “Mantra” បានបង្ហាញខ្លួននៅលេខ ៥ នៅលើតារាង Top 50 Global របស់ Spotifyខណៈ​ក្រុមហ៊ុន Odd Atelier (អត អឹតថេលៀ) ដែលជាទីភ្នាក់ងាររបស់សមាជិក BLACKPINK រូបនេះផ្ទាល់ បានឱ្យដឹងទៀតថា “Mantra” គឺបទ​ចម្រៀង​របស់​តារា​ចម្រៀងខេប៉ុបស្រីទោល​ដំបូងដែលអាច​ឡើង​ដល់​ចំណាត់ថ្នាក់លេខ ១ នៅ​លើ​តារាង iTunes របស់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​នេះ។

 

 

បើក្រឡេកតារាង iTunes ជុំវិញពិភពលោក បទចម្រៀងនេះបានឡើងដល់លេខ ១ ចំនួន ៥៩ ប្រទេស គិតត្រឹមថ្ងៃទី១៤ ខែតុលា ដោយក្នុងនោះរួមមានទាំងប្រទេសអាហ្សង់ទីន ប្រ៊ុយណេ កម្ពុជា ឈីលី ក្រិច ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងប្រទេសជាច្រើនទៀត។

 

 

គួរបញ្ជាក់ថា បទ "Mantra" គឺជាបទទោលដំបូងរបស់ Jennie ដែលបានចេញក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយគិតចាប់តាំងពីបទ “You & Me” បានចេញកាលពីខែតុលាឆ្នាំមុន។ 

 

 

បទថ្មីនេះមានអត្ថន័យលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាអាចបញ្ចេញពន្លឺតាមវិធីផ្ទាល់ខ្លួនរៀងៗខ្លួន ដោយបង្ហាញពីសារនៃការស្រឡាញ់ខ្លួនឯង និងការគាំទ្រគ្នាទៅវិញទៅមក។​ បទនេះដែរក៏ជាបទដំបូងសម្រាប់ការសហការគ្នារវាងក្រុមហ៊ុន Odd Atelier របស់ Jennie និងក្រុមហ៊ុនចម្រៀងអាមេរិក Columbia Records ផងដែរ ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024