ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

Lisa ក្លាយជាតារាអាស៊ីដំបូងក្នុងប្រវត្តិសាស្ត្រដែលបានសម្ដែងនៅ Victoria Secret

១៨ តុលា ២០២៤ | កម្សាន្ដ

 

 

សមាជិកក្រុម BLACKPINK, Lisa បានក្លាយជាតារាខេប៉ុប និងតារាសញ្ជាតិថៃដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានសម្ដែងក្នុងកម្មវិធីបង្ហាញម៉ូដឈុតក្នុងដ៏ល្បី Victoria Secret។បន្ទាប់ពីខកខានអស់រយៈពេល ៦ ឆ្នាំ កម្មវិធីបង្ហាញម៉ូដឈុតក្នុងនារីដ៏ល្បីល្បាញរបស់អាមេរិក Victoria Secret បានវិលត្រលប់មកវិញ ជាមួយការរៀបចំកាន់តែធំជាងមុន នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៥ ខែតុលា។

 


តារាម៉ូដែលជួរមុខលំដាប់ពិភពលោករួមមាន Gigi Hadid, Bella Hadid, Tyra Banks, Adriana Lima និងម៉ូដែលល្បីៗជាច្រើនរូបទៀតបានចូលរួមបង្ហាញម៉ូដដ៏អស្ចារ្យនៅក្នុងកម្មវិធី Victoria's Secret 2024 ហើយអ្វីដែលបានផ្លាស់ប្ដូរគឺការបង្ហាញម៉ូដលើកនេះមិនមែនផ្ដោតតែលើតារាម៉ូដែលរាងស្អាតទំហំចង្កេះតូចដូចមុនឡើយ ប៉ុន្តែគឺមានតារាម៉ូដែលបែបចម្រុះទាំងទំហំរូបរាង ពណ៌សម្បុរនិងជាតិសាសន៍ ឆ្លើយតបនឹងការផ្លាស់ប្ដូរនៃផ្នត់គំនិតសង្គមលើស្តង់ដាររូបសម្រស់។

 

 

មិនតែប៉ុណ្ណោះ វត្តមានលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់តារាចម្រៀងអាស៊ី គឺសមាជិកក្រុម BLACKPINK Lisa ក៏បានទទួលការចាប់អារម្មណ៍ខ្លាំងដែរ។ ក្នុងកម្មវិធីនេះ Lisa បានបកស្រាយបទចម្រៀងទោលពីរបទរបស់នាងរួមមានបទ “Rockstar” នៅពេលបើកកម្មវិធី និងបទ “Moonlit Floor” ក្នុងខណៈពេលដែលតារាម៉ូដែលចេញដើរបង្ហាញម៉ូដលើឆាក Runway។

 

 

ក្រៅពី Lisa តារាចម្រៀងជើងចាស់អាមេរិក Cher និង​តារា​ចម្រៀង​អាហ្រ្វិក​ខាង​ត្បូង Tyla ក៏បាន​សម្ដែង​ក្នុង​​កម្មវិធីនេះដែរ ដែលធ្វើឱ្យកម្មវិធីកាន់តែមានភាពអធិកអធមស័ក្ដិសមនឹងការទន្ទឹងរង់ចាំរយៈពេល ៦ឆ្នាំរបស់អ្នកគាំទ្រវិស័យម៉ូដ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024