ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

Rosé បំបែកកំណត់ត្រាជាច្រើនតាមរយៈបទដំបូងជាងមួយ Bruno Mars

២១ តុលា ២០២៤ | កម្សាន្ដ

 

បទចម្រៀងរួមគ្នាដំបូងរបស់សមាជិក BLACKPINK, Rosé និងកំពូលតារាចម្រៀងអាមេរិក Bruno Mars កំពុងវាយលុកខ្លាំងលើអ៊ិនធឺណិត និងបានបំបែកកំណត់ត្រាជាច្រើនលើវេទិកាចម្រៀងពិភពលោក។

 


សមាជិក BLACKPINK Rosé (រ៉ូហ្សេ) បានក្លាយជាម្ចាស់កំណត់ត្រាបទចម្រៀងពីតារាខេប៉ុបស្រីដែលមានអ្នកស្ដាប់ថ្ងៃដំបូងច្រើនបំផុតលើ Spotify បន្ទាប់ពីបទ “APT.” របស់នាងជាមួយ Bruno Mars បានទទួលការចូលស្ដាប់រហូតដល់ ៦,៨៥ លានដងក្នុងថ្ងៃដំបូង។

 

 

នៅថ្ងៃបន្ទាប់ គឺកាលពីថ្ងៃសៅរ៍ បទចម្រៀងនេះបានឡើងដល់ចំណាត់ថ្នាក់លេខ ២ លើតារាង Global Spotify Chart ដោយទទួលបានការស្ដាប់ចំនួន ១០ លានដងបន្ថែមទៀត ធ្វើឱ្យបទនេះក្លាយជាបទចម្រៀងពីតារាស្រីខេប៉ុប និងតារាអាស៊ីដំបូងក្នុងប្រវត្តិសាស្ត្រដែលមានអ្នកស្ដាប់លើស ១០ លានដងក្នុងមួយថ្ងៃលើ Spotify ខណៈបទដែលកាន់កាប់កំណត់ត្រានេះកន្លងមកគឺបទ “Pink Venom” របស់ BLACKPINK ដូចគ្នា។

 


មិនតែប៉ុណ្ណោះ បទ “APT” ក៏បានជាប់ចំណាត់ថ្នាក់កំពូលលើតារាងចម្រៀងធំៗទាំងអស់ក្នុងប្រទេសកូរ៉េដូចជា Melon, Hanteo Chart, Bugs និង Genie Music ហើយនៅលើ Youtube វីដេអូចម្រៀងបទនេះទទួលបានការចូលទស្សនាខ្ទង់ ៧០ លានដងក្នុងរយៈពេលត្រឹម ៣ថ្ងៃ ខណៈនៅលើ Tiktok មានអ្នកបង្ហោះវីដេអូលេងពីបទនេះប្រមាណ ១ សែនវីដេអូ។

 

 

គួរបញ្ជាក់ថាបទ “APT.” គឺជា Pre-release track ពីអាល់ប៊ុមទោលដំបូងរបស់ Rosé មានចំណងជើងថា “rosie” (រ៉ូហ្ស៊ី) ដែលត្រៀមចេញផ្លូវការនៅថ្ងៃទី៦ ខែធ្នូខាងមុខនេះ។ អាល់ប៊ុមនេះនឹងជាការស្នាដៃដំបូងរបស់តារាស្រីវ័យ ២៧ ឆ្នាំរូបនេះបន្ទាប់ពីបានចុះកុងត្រាជាមួយក្រុមហ៊ុនចម្រៀងអាមេរិក Atlantic Records ដែលជាទ្រនំរបស់តារាអន្តរជាតិល្បីៗជាច្រើនទៀតដូចជា Bruno Mars, Ed Sheeran និង Charli XCX ជាដើម ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024