ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

នាវាចម្បាំងអាមេរិក,កាណាដាបើកកាត់ដែនទឹកតៃវ៉ាន់១សប្តាហ៍ក្រោយសមយុទ្ធយោធាចិន



 

 

នាវាចម្បាំងរបស់សហរដ្ឋអាមេរិក១គ្រឿង និងនាវាចម្បាំងរបស់ប្រទេសកាណាដា១គ្រឿង បានធ្វើដំណើរឆ្លងកាត់ជាមួយគ្នានៅច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃអាទិត្យ។ ព្រឹត្តិការណ៍នេះ កើតឡើង១សប្តាហ៍ក្រោយ ប្រទេសចិន ធ្វើសមយុទ្ធយោធាជុំវិញកោះ។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានថ្កោលទោសថា ជា ទង្វើរំខាន។

 

នាវាចម្បាំងអាមេរិក ម្តងម្កាលអមដោយនាវាមកពីបណ្តាប្រទេសសម្ព័ន្ធមិត្ត បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រប្រហែលម្តងក្នុង១ខែ។ ប្រទេសចិន ដែលប្រកាន់យកថាតៃវ៉ាន់ជាចំណែកទឹកដីរបស់ខ្លួន តែងប្រាប់ថា ច្រកផ្លូវទឹកយុទ្ធសាស្ត្រនេះជាកម្មសិទ្ធិរបស់ប្រទេសចិន។

 

យោធាជើងទឹកអាមេរិក នៅថ្ងៃច័ន្ទ បានលើកឡើងថា នាវាចម្បាំងUSS Higgins និងនាវាចម្បាំងកាណាដា HMCS Vancouver បានធ្វើដំណើរឆ្លងកាត់ជាទម្លាប់នៅថ្ងៃអាទិត្យ ក្នុងដែនទឹក«ដែលសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើមហាសមុទ្រត្រូវបានអនុវត្តស្របតាមច្បាប់អន្តរជាតិ»។

 

សេចក្តីថ្លែងការណ៍ដដែល លើកឡើងថា ការធ្វើដំណើរឆ្លងកាត់ បានបង្ហាញពីការប្តេជ្ញាររបស់សហរដ្ឋអាមេរិកនិងកាណាដា ក្នុងការរក្សាសេរីភាពនាវាចរណ៍ដែនសមុទ្រ សម្រាប់ប្រទេសទាំងអស់។ 

 

ទីបញ្ជាការយោធាចិន បានឱ្យដឹងថា កងទ័ពចិន បានឃ្លាំមើលស្ថានការណ៍ និងបានព្រមានដល់នាវាជាច្រើន។ ទីបញ្ជាការយោធាចិន បន្ថែមថា សកម្មភាពរបស់សហរដ្ឋអាមេរិក និងកាណាដា បង្កបញ្ហា និងរំខានដល់សេរីភាព និងស្ថិរភាពទូទាំងដែនកោះតៃវ៉ាន់។ 


 

 


ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024