ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

 ប៉េរូរៀបចំពិធីធម្មយាត្រាតាមបែបសាសនាគ្រិស្តនិកាយកាតូលិកដោយមានដង្ហែរូបព្រះយេស៊ូ

នៅទីក្រុងលីម៉ា ប្រទេសប៉េរូ ប្រជាជនជាគ្រិស្តបរិស័ទដែលមានជំនឿទៅលើព្រះយេស៊ូបានរៀបចំក្បួនធម្មយាត្រាដ៏ធំមួយដែលពួកគេតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំអស់រយៈពេលរាប់រយឆ្នាំមកហើយដោយមានដាក់តាំងរូបព្រះយេស៊ូអមទៅជាមួយផង។

 


គេសង្កេតឃើញថាគ្រិស្តបរិស័ទបានប្រមូលផ្ដុំគ្នានៅតាមដងវិថីនៃទីក្រុងលីម៉ា (Lima) ប្រទេសប៉េរូ រហូតដល់រាប់ម៉ឺននាក់ដើម្បីចូលរួមទស្សនាពិធីដង្ហែរូបព្រះយេស៊ូទម្ងន់២តោន ដែលគេដឹកកាត់ដងវិថីនៃរដ្ឋធានីមួយនេះដើម្បីទុកជាផ្នែកមួយនៃការធ្វើធម្មយាត្រាព្រះដ៏អស្ចារ្យរបស់ពួកគេ។

 

 

 

បរិស័ទម្នាក់ដែលចូលរួមពិធីដង្ហែក្បួននេះប្រាប់ថាព្រះអង្គជាព្រះចម្លងមនុស្សលោក ជាព្រះនៃសន្ដានចិត្តល្អ ជំនឿ ការស្រឡាញ់ ការតស៊ូ ការអត់ឱន ការខិតខំក្នុងការងារ និងសុចរិតភាព។ តាមរយៈរូបវីឌីអូឃ្លីបនោះ គេឃើញថាក្រុមបរិស័ទបានដឹករូបព្រះយេស៊ូនៅលើឈើឆ្កាងចេញពីព្រះវិហារណាហ្សារេន (Nazarene)។ អ្នកចូលរួមដទៃទៀតដើរដង្ហែក្បួន និងថតរូបព្រះយេស៊ូ។ អ្នកខ្លះប្រាប់ថាខ្លួនចង់បន់ស្រន់សូមឲ្យព្រះអង្គជួយបញ្ចប់អំពើហិង្សា បទល្មើសផ្សេងៗ និងអំពើពុករលួយដើម្បីជួយឲ្យមនុស្សលោករស់នៅក្នុងសុខសន្តិភាព។ អ្នកខ្លះប្រាប់ថាខ្លួនតែងតែប្ដូរផ្ដាច់ដង្ហែតាមព្រះអង្គជានិច្ច។ ពួកគេមានជំនឿទៅលើព្រះអង្គ។ បន្ទាប់ពីពួកគេបន់ស្រន់អ្វីគឺតែងតែបានដូចសេចក្ដីប្រាថ្នា។

 

 

 

នៅឆ្នាំនេះ ក្បួនធម្មយាត្រាចាប់ផ្ដើមដំបូងនៅល្ងាចថ្ងៃសៅរ៍ម៉ោង៥ ម៉ោងសាកល ដោយមានចំណុចចាប់ផ្ដើមចេញពីព្រះវិហារណាហ្សារេន និងដើរចម្ងាយ១២៩០ម៉ែត្រនៅលើដងវិថីនៃរដ្ឋធានីលីម៉ា។ បន្ទាប់មក អ្នកដើរធម្មយាត្រាត្រូវវិលត្រឡប់មកចំណុចដើមវិញប៉ុន្តែលើកនេះដើរនៅលើផ្លូវផ្សេង។ នេះជាទិដ្ឋភាពមួយជ្រុងនៅក្នុងចំណោមពិធីធម្មយាត្រាដែលគេតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅលើទីតាំងផ្សេងៗគ្នាមួយចំនួន។ កន្លែងខ្លះធ្វើថ្ងៃទី១៨ ខែតុលា កន្លែងខ្លះធ្វើថ្ងៃទី១៩ ខែតុលា និងកន្លែងខ្លះធ្វើថ្ងៃទី១ ខែវិច្ឆិកា។ ពិធីនេះរៀបចំដំបូងកាលពីខែតុលា ឆ្នាំ១៦៨៧នៅពេលមនុស្សនាំគ្នារៀបចំក្បួនដង្ហែដើម្បីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ដោយសារគ្រោះរញ្ជួយដីនៅទីក្រុងលីម៉ា និងខាឡាវ (Callao)៕

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024