ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

ប្រធានាធិបតីថ្មីឥណ្ឌូនេស៊ី​លោកPrabowo Subiantoស្បថសច្ចាប្រណិធានចូលកាន់តំណែង

 

 

លោក Prabowo Subianto នៅថ្ងៃអាទិត្យ(២០តុលា) បានស្បថសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូនេស៊ីដែលជាប្រទេសប្រជាធិបតេយ្យធំបំផុតលំដាប់ទី៣នៅក្នុងពិភពលោកក្រោយឈ្នះការបោះឆ្នោតក្រោមគោលនយោបាយអាហារមិនគិតប្រាក់សម្រាប់សិស្សសាលា និងមានកូនប្រុសអតីតប្រធានាធិបតីកាន់តំណែងអនុប្រធានាធិបតី។

 

ពិធីចូលកាន់តំណែងមានការចូលរួមពីមេដឹកនាំបណ្តារដ្ឋជាច្រើនប្រទេស រួមមានប្រធានរដ្ឋប្រហែល២០ប្រទេស។ លោកHan Zheng អនុប្រធានាធិបតីប្រទេសចិន, លោកAnwar Ibrahimនាយករដ្ឋមន្ត្រីម៉ាឡេស៊ី, លោក Lawrence Wongនាយករដ្ឋមន្ត្រីសឹង្ហបុរី, និងលោក Xanana Gusmaoនាយករដ្ឋមន្ត្រីទីម័រខាងកើត ស្ថិតនៅក្នុងចំណោមភ្ញៀវកិត្តិយសដែលបានទៅចូលរួមពិធី។ 

 

អតីតមេបញ្ជាការកងកម្លាំងពិសេសអាយុ៧៣ឆ្នាំរូបនេះ បានឈ្នះការបោះឆ្នោតនៅថ្ងៃ១៤កុម្ភៈមានសម្លេងគាំទ្រជិត៦០ភាគរយ និងបានចំណាយពេល៩ខែរៀបចំសម្ព័ន្ធសភាដ៏រឹងមាំ។

 

ការចោទប្រកាន់នាពេលកន្លងមកប្រឆាំងនឹងលោក Prabowoពាក់ព័ន្ធនៅក្នុងការចាប់ជម្រិតសកម្មជននិស្សិត និងការល្មើសសិទ្ធិមនុស្សនៅតំបន់ Papua និងប្រទេស East Timor។ ហើយក៏មានក្តីកង្វល់ខ្លាំងពីបែបផែនប្រជាធិបតេយ្យរបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ។ នេះបើតាមការលើកឡើងរបស់សកម្មជនសិទ្ធិមនុស្ស។ 

 

លោក Prabowo ជានិច្ចកាលបានបដិសេធការចោទប្រកាន់ដែលធ្វើឱ្យលោកត្រូវដកចេញពីជួរកងទ័ពនៅឆ្នាំ១៩៩៨។ ជាឆ្នាំតែមួយដែលឥណ្ឌូនេស៊ីចាកចេញពីការកាន់អំណាចរាប់ឆ្នាំរបស់លោកអតីតប្រធានាធិបតីSuharto។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024