ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

ដ្បិតមានវ័យក្មេងជាងគេទើបតែ៤ឆ្នាំតែ កុមារី តឹក រតនវឌ្ឍិកា ប្ដេជ្ញាជម្នះតស៊ូដណ្ដើមមកុដឱ្យបាន

២២ តុលា ២០២៤ | កម្សាន្ដ

 

មានអាយុទើបតែ ៤ឆ្នាំក៏ពិតមែនតែ កុមារី តឹក រតនវឌ្ឍិកា មានភាពក្លាហានហ៊ានចូលរួមប្រកួត ដោយបានប្ដេជ្ញាដណ្តើមមកុដ Mini Miss Cambodia 2024 ឱ្យបាន។កុមារី តឹក រតនវឌ្ឍិកា មានទើបមានវ័យ ៤ឆ្នាំបានចូលរួមប្រកួតកម្មវិធីបវរកញ្ញាវ័យក្មេងជាមួយម៉ូដែលតូចៗជាច្រើនរូប ក្នុងការប្រកួត Mini Miss Cambodia 2024។

 

 

ដ្បិតមានវ័យក្មេងជាងគេក្ដី ក៏ប៉ុន្តែកុមារីរូបនេះបានប្រឹងប្រែងខ្លាំង និងប្ដេជ្ញាដល់នាទីចុងក្រោយដើម្បីដណ្ដើមមកុដឆ្នាំនេះវឌ្ឍិកា ត្រូវគេសម្កាល់ថា ជាម៉ូដែលតូចជាងគេបង្អស់ក្នុងការប្រកួត Mini Miss Cambodia 2024 តែនាងមានភាពឆ្លាតវ័យក្នុងការបង្ហាញសមត្ថភាពលើឆាកប្រកួត មិនចាញ់បេក្ខភាពផ្សេងៗទៀតនោះឡើយ។

 

 

កាយវិការ សមត្ថភាពដើរបង្ហាញម៉ូដ និងភាពឆ្លាតវ័យរបស់នាងធ្វើឱ្យអ្នកចូលរួមចាប់អារម្មណ៍យ៉ាងខ្លាំង សូម្បីម្ចាស់ហ្វេនផេកល្បីៗក៏នាំគ្នាកាត់វីដេអូម៉ូដែលតូចរូបនេះបង្ហោះព្រោងព្រាតផងដែរ ថែមទាំងសរសើរពីភាពក្លាហានរបស់នាងទៀតផង។

 

 

ថ្មីៗនេះ អ្នកម្តាយរបស់កុមារី តឹក រតនវឌ្ឍិកា បានប្រាប់ឱ្យភីអិនអិនដឹងថា វឌ្ឍិកា ហៅ កាកា ទើបហាត់រៀនដើរម៉ូដបានប៉ុន្មានខែប៉ុណ្ណោះ តែដោយសារកូនស្រីស្រលាញ់ចូលចិត្តទើបអ្នកស្រីខំប្រឹងជំរុញកូនឱ្យធ្វើតាមក្តីស្រមៃ។ ការសម្រេចចិត្តឱ្យ កាកា ចូលរួមប្រកួតកម្មវិធី Mini Miss Cambodia 2024 គឺដោយសារតែទទួលការលើកទឹកចិត្តពីលោកគ្រូអ្នកគ្រូ ហើយអ្នកស្រីផ្ទាល់ក៏ចង់ឱ្យកូនបានសាកល្បងធ្វើអ្វីថ្មីៗ ដើម្បីបណ្តុះភាពក្លាហាន ភាពជឿជាក់ និងជាការពង្រឹងសមត្ថភាពរបស់កូនទាំងវ័យក្មេងផងដែរ។

 

 

អ្នកម្តាយរូបនេះបន្តថា បច្ចុប្បន្ន កាកា កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមត្រៀមសម្រាប់ការប្រកួតវគ្គបឋម Mini Miss Cambodia 2024 ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខនេះ។ អ្នកស្រី មិនសោកស្តាយនោះទេ ប្រសិនបើលទ្ធផលប្រកួតកូនស្រីចេញមកបែបណា សំខាន់នាងបានធ្វើនូវអ្វីដែលខ្លួនស្រលាញ់ និងបានបណ្តុះភាពក្លាហានរបស់ខ្លួនឯងរួចរាល់ហើយ។

 

 

ទន្ទឹមការលើកឡើងខាងលើ លោក Mathew Tan (ម៉ាតសៀវ តាន់) ស្ថាបនិក The RAMP Academy និងជាគ្រូបង្វឹកម៉ូដែលតូច តឹក រតនវឌ្ឍិកា ក៏រៀបរាប់ឱ្យដឹងផងដែរថា វឌ្ឍិកា ជាក្មេងស្រីគួរឱ្យស្រលាញ់។ នាងមានភាពពិសេសនៅក្នុងខ្លួនដែលអាចធ្វើឱ្យមនុស្សជុំវិញខ្លួនសប្បាយរីករាយតាមនាងបាន។ 

 

នៅតូចបន្តិចក៏ពិតមែន តែម៉ូដែលតូច កាកា មានភាពឆ្លាតវ័យក្នុងការហាត់រៀនដើរម៉ូដ ហើយដើម្បីឱ្យម៉ូដែលតូចរូបនេះមានឱកាសឈ្នះមកុដ Mini Miss Cambodia 2024 លោកក្នុងនាមជាគ្រូបង្វឹកបានបង្ហាត់បង្រៀនចំណេះដឹងជាច្រើនដល់កុមារីរូបនេះ រាប់តាំងពីការដើរ catwalk ការបង្កើតមតិតស៊ូ និងការរៀបចំខ្លួនផ្សេងៗជាច្រើន។ គ្រូបង្វឹករូបនេះសង្ឃឹមថា កូនសិស្សតូចគួរស្រលាញ់របស់លោកនឹងធ្វើបានល្អក្នុងការប្រកួតវគ្គបឋម និងវគ្គផ្តាច់ព្រ័ត្រ នាឈានមកដល់នាពេលឆាប់ៗខាងមុខនេះ។

 

Mathew Tan translated: «យើងដឹងហើយថា កាកា ទើបអាយុ៤ឆ្នាំប៉ុណ្ណោះ តែនាងពិតជាឆ្លាតខ្លាំងមែនទែន នាងចូលចិត្តអ្វីដែលនាងកំពុងធ្វើ ព្រោះនាងចង់ក្លាយជាអ្នកច្នៃម៉ូដទៅថ្ងៃអនាគត។ សម្រាប់ការហាត់រៀនវិញនាងស្តាប់ហើយធ្វើតាមការណែនាំបានយ៉ាងល្អ។ .. យើងបង្រៀននាងឱ្យចេះណែនាំខ្លួន បង្រៀនដើរ catwalk បង្រៀនស្ទីលផុស និងបង្រៀនពីការនិយាយនៅលើឆាកផងដែរ។

 

សម្រាប់ខ្ញុំវាមិនមែនជាបញ្ហាហើយ ទោះបីនាងឈ្នះឬចាញ់ ព្រោះអ្វីដែលសំខាន់គឺនាងរៀនសូត្របានច្រើនពីការប្រកួតមួយនេះ នាងរៀនពីភាពទទួលខុសត្រូវច្រើនជាងមុន នាងរៀនពីការមានវិន័យខ្លាំងជាងមុន ហើយនាងមិនត្រឹមតែ អភិវឌ្ឍន៍ខ្លួនឯងលើការដើរ ការនិយាយប៉ុណ្ណោះទេ តែនាងរៀនអភិវឌ្ឍន៍ខ្លួនឯងតែម្តង និងធ្វើឱ្យខ្លួនឯងមានភាពជឿជាក់ខ្លាំងជាងមុន»។

 

សូមជម្រាបផងដែរថា កុមារី តឹក រតនវឌ្ឍិកា អាយុ ៤ឆ្នាំ ជាសិស្សថ្នាក់មត្តេយ្យ នៅសាលាអន្តរជាតិផារ៉ាហ្គន។ ក្រៅពីហាត់រៀនដើរម៉ូដ តារាម៉ូដែលវ័យក្មេងពោរពេញដោយភាពក្លាហាន វឌ្ឍិកា ក៏ហាត់រៀនរបាំបាឡេ និងព្យាណូ ដែលជាឧបករណ៍តន្ត្រីបច្ចិមប្រទេសដ៏មានប្រជាប្រិយភាពផងដែរ។ តាមគម្រោង នៅឆ្នាំក្រោយក្រុមគ្រួសាររបស់ វឌ្ឍិកា មានគម្រោងឱ្យចូលហាត់រៀនសិល្បៈបុរាណខ្មែរបន្ថែមទៀត ដើម្បីឱ្យកុមារីរូបនេះមានគ្រិះសិល្បៈរឹងមាំ ឆ្ពោះទៅការកសាងអនាគតដ៏រុងរឿង។ 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024