ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

មហោស្រពភាពយន្តខ្លីចតុមុខ ពាំនាំភាពយន្តខ្លីដ៏មានគុណភាព ៥៧រឿង មកចាក់បញ្ចាំងឥតគិតថ្លៃ នាចុងសប្តាហ៍នេះ!

២១ តុលា ២០២៤ | កម្សាន្ដ

 

ឆ្លងកាត់ការជម្រុះយ៉ាងសម្រិតសម្រាំងពីគណៈកម្មការជំនាញក្នុងវិស័យភាពយន្ត មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៣ ចម្រាញ់បានភាពយន្តខ្លីដ៏មានគុណភាពចំនួន ៥៧រឿង ត្រៀមចាក់បញ្ចាំងជូនទស្សនិកជនទស្សនាឥតតគិតថ្លៃនាចុងសប្តាហ៍នេះ។

 

 

ការទន្ទឹងរង់ចាំជាយូររបស់ទស្សនិកជន និងយុវសមិទ្ធករដែលស្រលាញ់វិស័យភាពយន្តបានមកដល់ហើយ ដោយមហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៣ នឹងត្រូវប្រារព្ធឡើងនាចុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤។

 

 

លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ មានប្រសាសន៍ឱ្យដឹងថា ធ្មេចបើកៗមហោស្រពភាពយន្តខ្លីចតុមុខឈានដល់ឆ្នាំទី១៣ហើយ។ ពីមួយឆ្នាំទៅមួយឆ្នាំមហោស្រពយើងមានភាពរីកចម្រើនលូតលាស់គួរឱ្យកត់សម្គាល់ បើទោះបីជាមានបញ្ហាផ្នែកហិរញ្ញវត្ថុបន្តិចក្តី តែយើងនៅតែដើរទៅមុខយ៉ាងសន្សឹមៗ។ 

 

 

ជាក់ស្តែង សម្រាប់ឆ្នាំ២០២៤នេះ មហោស្រពយើងទទួលបានភាពយន្តដាក់ពាក្យប្រកួតរហូតដល់ទៅជាង ៣០០រឿង ប៉ុន្តែឆ្លងកាត់ការវិនិច្ឆ័យយ៉ាងល្អិតល្អន់ យើងចម្រាញ់បាន ៥៧រឿងមកពី១២ប្រទេស ដែលត្រៀមចាក់បញ្ចាំងជូនក្នុងមហោស្រពនាចុងសប្តាហ៍នេះ។ ក្នុងចំណោមនោះមានភាពយន្ដខ្លីកម្ពុជាសម្រាប់ប្រកួតចំនួន ៥ ដែលភាគច្រើនជារឿងបែបពញ្ញាក់អារម្មណ៍ និងការស៊ើបអង្កេត ដែលវាជារសជាតិថ្មីរបស់យុវសមិទ្ធករខ្មែរយើង។ក្រៅពីការចាក់បញ្ចាំងភាពយន្តខ្លីដ៏មានគុណភាព មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៣ ក៏រៀបចំឱ្យការជួបជុំជជែកពីវិស័យភាពយន្ត និងសិក្ខាសិលាចែករំលែកចំណេះដឹងជុំវិញវិស័យភាពយន្ត រួមទាំងការរៀបចំពិសេសជាច្រើនដែលត្រៀមបង្ហាញក្នុងពិធីបើកមហោស្រពនៅថ្ងៃទី២៥ ខែតុលាខាងមុខ។

 

 

ដើម្បីស្វែងយល់បន្ថែមពីភាពយន្តខ្លីដែលជាស្នូលឆ្ពោះទៅការបង្កើតភាពយន្តខ្នាតវែងនាពេលអនាគត លោក ស៊ុំ ស៊ីថែន អំពាវនាវឱ្យពុកម៉ែបងប្អូន និងយុវជន យុវនារី ចូលរួមទស្សនាភាពយន្តខ្នាតខ្លីក្នុងមហោស្រពភាបយន្តខ្លីចតុមុខឱ្យបានច្រើនកុះករ ដោយភាពយន្តទាំងអស់ចាក់បញ្ចាំងជូនដោយឥតគិតថ្លៃ នៅទីតាំងរោងភាពយន្តទំនើបចំនួន ៥ រួមមាន៖ Legend Cinema អូឡាំព្យាម៉ល, Major Cineplex សាខាសូរិយា, Fabel Cinema, Workspace 2 និង Cine Hub (ស៊ីណេហឹប)។

 

 

លោកអ្នកក៏អាចបោះឆ្នោតគាំទ្រភាពយន្តខ្លីដែលខ្លួនស្រលាញ់ពេញចិត្ត ដើម្បីស្នាដៃភាពយន្តខ្លីនោះមានឱកាសឈ្នះពានរង្វាន់ពីមហោស្រពផងដែរ។គួរបញ្ជាក់ថា មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៣ នឹងប្រារព្ធឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ ដែលពិធីបើកនឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី២៥ ខែតុលា នៅរោងភាពយន្តទំនើប Legend Cinema អូឡាំព្យាម៉ល៕


 

 អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024