ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ម្ចាស់ជយលាភី ៣រូបជំនាញគំនូរ ភាពច្នៃប្រឌិត នឹងតំណាងកម្ពុជាទៅប្រកួតថ្នាក់អន្តរជាតិឆាប់ៗនេះ!

១៧ តុលា ២០២៤ | កម្សាន្ដ

 

 

នៅទីបំផុតយើងបានស្វែងរកឃើញម្ចាស់ជយលាភី ៣រូប ក្នុងចំណោមបេក្ខភាពសរុប ១០២នាក់ ពីការប្រកួតជំនាញគំនូរ និងភាពច្នៃប្រឌិត ក្រោមប្រធានបទ​«ប្រទេសរបស់ខ្ញុំ»។ ម្ចាស់ជយលាភី ៣រូប នឹងតំណាងកម្ពុជាទៅប្រកួតនៅប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗនេះ។

 


 
សារជាថ្មីម្តងទៀតដែលសាលាគ្លូបលអាតកម្ពុជា រៀបចំការការប្រលងថ្នាក់ជាតិក្រោមប្រធានបទ «ប្រទេសរបស់ខ្ញុំ»​ ដែលកម្មវិធីប្រឡងបានប្រព្រឹត្តទៅនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី កាលពីថ្ងៃទី១​៣ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដោយមានការចូលរួមពីអាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ អមដោយស្នាដៃសិល្បៈគំនូរប្លែកៗផ្សេងៗគ្នា បង្ហាញពីស្នាដៃចម្រុះបង្កើតឡើងប្អូនៗផ្ទាល់តែម្តង។ បន្ថែមពីលើនោះ ក៏មានការរាំរបាំបុរាណខ្មែរពីកុមារីតូចគួរឱ្យស្រលាញ់ថែមទៀតផង។
 


ប្អូនៗសិស្សានុសិស្សចំនួន​ ១០២ នាក់ មកពីគ្រប់សាខា​ជុំវិញរាជធានីភ្នំពេញ បានចូលរួមប្រកួតជំនាញគំនូរ​និងភាពច្នៃប្រឌិត ដោយពួកគេបានធ្វើការបង្ហាញទេពកោសល្យ និងភាពច្នៃប្រឌិតរៀងៗខ្លួនដែលទទួលបានតាមរយៈការហាត់រៀនជាមួយសាលាគ្លូប៊លអាត សម្រាប់ការកម្មវិធីប្រឡងគំនូរថ្នាក់ជាតិនាឆ្នាំនេះ ។

 


 
ការប្រកួតត្រូវបានបែងចែកជា៣ក្រុមទៅតាមអាយុដែលបានកំណត់សម្រាប់ក្រុមនីមួយៗ។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ យើងក៏បានរកឃើញម្ចាស់ជយលាភី ៣រូប រួមមាន៖ តាំង និត្យថាវរី អាយុ ៦ឆ្នាំ មកពីសាលា Global Art ទូតចិន បានឈ្នះ Champions Group A , ង៉ុយ បញ្ញាហ្សូរីម៉ា អាយុ ៨ឆ្នាំ មកពីសាខា Global Art តាខ្មៅ បានឈ្នះ Champions group B និង កូឡា សុវណ្ណដុល្លា  អាយុ ១៣ឆ្នាំ មកពីសាខា Global Art ទូតចិន បានឈ្នះ Champion group C ហើយម្ចាស់ជយលាភីដ៏ពូកែទាំង ៣រូប នឹងតំណាងប្រទេសកម្ពុជាទៅប្រកួតថ្នាក់អន្តរជាតិនៅប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមប្រកួតពី២៥ប្រទេសទូទាំងពិភពលោក នាពេលឆាប់ខាងមុខនេះ។

 


 
មែនទែនទៅ ការប្រលងថ្នាក់ជាតិនេះ មិនមែនគ្រាន់តែជាការស្វែងរកអ្នកឈ្នះ ហើយទទួលនូវពានដ៏ធំនោះទេ ប៉ុន្តែវាជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់សិស្សានុសិស្សក្នុងការបញេ្ចញសមត្ថភាពរបស់ខ្លួនជាមួយនឹងសិស្សដទៃ ដើម្បីជាកត្តាជម្រុញដល់ការខិតខំប្រឹងប្រែងដុះខាត់​និងបង្កើនសមត្ថភាពរបស់ខ្លួនឱ្យបានល្អប្រសើជាងមុន។ 

 


 
សូមជម្រាបថា ច្រើនឆ្នាំមកនេះ គ្លូបលអាត នៅតែប្រកាន់ខ្ជាប់នូវទស្សនវិស័យ «ធ្វើឱ្យពិភពលោកប្រសើឡើងតាមរយៈភាពច្នៃប្រឌិត​និងនិវានុវត្តន័» តាមរយៈការណែនាំនូវការអប់រំប្រកបដោយភាពច្នៃប្រឌិតនៅក្មេងវ័យ និងបានផ្តល់នូវវិធីសាស្ត្រក្នុងការដុសខាត់ខួរក្បាលក្មេងៗឱ្យមានភាពច្នៃប្រឌិត មានភាពនិវានុវត្ត​ ដែលនឹងបង្កើននូវសមត្ថភាព​ ក៏ដូចជាធ្វើឱ្យជីវិតល្អប្រសើ​រឡើង៕

 

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024