ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

ខូចចិត្តរឿងស្នេហា២ដងតែ លើកទី៣ រឿន ណាត  ត្រូវ លាវ វ៉េងហួរ សុំរៀបការផ្លូវការក្នុងថ្ងៃកំណើតលើដីទឹក អង្គរ !

១៤ តុលា ២០២៤ | កម្សាន្ដ

 

 

ខកចិត្តរឿងស្នេហាចំនួន ២ដង តែលើកទី៣នេះ កញ្ញា រឿន ណាត មិនខកបំណងទៀតទេ បុរសសង្ហា លាវ វ៉េងហួរ បានសុំ រៀបការជាផ្លូវការក្នុងថ្ងៃកំណើតរបស់ខ្លួន លើទឹកដី អង្គរ។

 

 

កញ្ញា រឿន ណាត បានយល់ព្រមរៀបការជាមួយលោក លាវ វ៉េងហួរ ជាផ្លូវការហើយ បន្ទាប់ពីតារាប្រុសរូបនេះបានផ្តល់ទំនុកនិងសុំនាង រៀបការជាផ្លូវការនៅលើទឹកដីអង្គរ ព្រមទាំង សន្យាការពារបេះដូងនាងអស់មួយជីវិត ។

 

 

លោក លាវ វ៉េងហួរ បាននិយាយថា « ថ្ងៃកំណើតដ៏សែនពិសេស អរគុណអូនដែលបានចូលមកជីវិតបង ដែលបានធ្វើឱ្យជីវិតបងមានសម្រស់ និងមានន័យ បងសន្យាថា បងនឹងការពារបេះដូងអូនអស់មួយជីវិត » ។

 

 

ក្រឡេកទៅមើលកញ្ញា រឿន ណាត វិញ រំភើបអររហូតដល់ស្រកទឹកភ្នែក បន្ទាប់ពីឃើញដៃគូរបស់ខ្លួន Surprise នាងដោយលុតជង្គង់សុំនាងរៀបការនៅមុខប្រាសាទរ អង្គរវត្ត ។ 

 

 

កញ្ញា រឿន ណាត បានបង្ហាញពីទំហំចិត្តរបស់ខ្លួនថា « អរគុណបង ដែលចូលមកថ្នមថែបេះដូងអូន បងធ្វើឱ្យស្នេហានេះស្រស់ស្អាតខ្លាំង បងឱ្យតម្លៃអូនលើសពីអូនប្រាថ្នា អូនមិនដែលទាមទាតែបងផ្តល់ឱ្យគ្រប់យ៉ាង បងធ្វើ​ឱ្យអូនមានអារម្មណ៍ថា ខ្លួនសំណាងណាស់ បងទុកអូនដូចព្រះនាងម្ចាស់ អរគុណដែលចូលមកក្នុងជីវិតអូន » ។

 


ដូចមហាជនបានដឹងស្រាប់ហើយ កញ្ញា រឿន ណាត ធ្លាប់ខូចចិត្តរឿងស្នេហាមិនសមបំណងចំនួន ២ លើកមកហើយ ស្នេហាទាំង២លើកនោះបានធ្វើឱ្យនាងឈឺចាប់និងមិនចង់ចាប់ផ្តើមថ្មីជាមួយបុរសណាម្នាក់ឡើយ ក្នុងអំឡុងពេលបែកបាក់នោះ នាងបានជួបនូវបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ រហូតបានរត់ទៅសំងំនៅខេត្ត មិនជួបមុខនរណាទាំងអស់ ។

 

 

ប៉ុន្តែ ក្រោយលេចវត្តមានលោក លាវ វ៉េងហួរ មក បានធ្វើឱ្យជីវិតនាងចាប់ផ្តើមពន្លឺ និងមានថាមពលឡើងវិញ ក្រោយពីទទួលបានអំពើល្អ និង ទង្វើរដែលលោក លាវ វ៉េងហួរ ធ្វើចំពោះនាងក្នុងអំឡុងពេលនាងខូចចិត្ត និង បាក់ទឹកចិត្ត ។


កញ្ញា រឿន ណាត ថែមទាំងបានប្រាប់ថា លោក លាវ វ៉េងហួរ គឺជាបុរសម្នាក់ដែលល្អ ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ជាពិសេសគឺគាត់ជាមនុស្សដែលច្បាស់លាស់ យើងនឹងរៀបការជាមួយគ្នាក្នុងពេលឆាប់ៗ ចំពោះពេលវេលាច្បាស់លាស់នាងសុំលាក់ទុកសិន ៕

 

 


អត្ថបទ ៖ ម៉ា រីសា រូបភាព៖ ភីអិនអិន និង ហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024