ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

កុយ អេនណា ប្រកាសដាច់អហង្ការ មិនចេញទៅប្រកួតលើឆាកអន្តរជាតិជំនួស ប៊ី សុធារី ទេ 

០៩ តុលា ២០២៤ | កម្សាន្ដ

 

ក្រោយមានការទាញ កញ្ញា កុយ អេនណា ចូលក្នុងបញ្ហាចម្រូងចម្រាស់កំពុងកើតឡើង ភ្លាមៗនោះនាងបានចេញមុខប្រកាសដាច់អហង្ការ  មិនចេញទៅប្រកួតអន្តរជាតិជំនួសបុគ្គលណាឡើយ។ហេតុការណ៍ថ្មីៗជាច្រើនបានកើតឡើងបន្តបន្ទាប់ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនៃភាពចម្រូងចម្រាស់រវាងស្ថាប័ន MGI និងស្ថាប័ន MGC ដែលជាសហម្ចាស់ផ្ទះរៀបចំការប្រកួតអន្តរជាតិក្នុងឆ្នាំ២០២៤នេះ។

 


 
ក្នុងនោះ បវរកញ្ញាសម្បុរទឹកឃ្មុំ កញ្ញា កុយ អេនណា ក៏ត្រូវបានគេអូសទាញចូលក្នុងប្រធានបទដ៏រស៊ើបនេះ ក្រោយល្បីថា នាងអាចនឹងត្រូវជំនួសតំណែង កញ្ញា ប៊ី សុធារី ទៅចូលរួមប្រកួតកម្មវិធីអន្តរជាតិ ដែលផ្លាស់ទៅរៀបចំនៅប្រទេសថៃជំនួសវិញ។ ឮដំណឹងដ៏រស៊ើបនេះភ្លាម ហ្វេនៗអ្នកស្នេហាវិស័យបវរកញ្ញា និងបណ្តាអ្នកគាំទ្រ កញ្ញា កុយ អេនណា បានចេញមុខប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះការបង្ហាញរូបភាព អេនណា លើបណ្តាញសង្គមទាំងសាម៉ីខ្លួនមិនបានដឹងឮអ្វីនោះឡើយ។
 

 

អ្វីដែលរឹតតែធ្វើឱ្យហ្វេនក្តៅឆួលចិត្តនោះ​ គឺពួកគេបានឃើញឈ្មោះ លោក អ៊ិន សុភិន ដែលជាអតីតអ្នកគ្រប់គ្រងថ្នាក់ជាតិ MGC បានធ្វើការសន្ទនាគ្នាជាមួយ លោក Nawat អំពីការចង់ទិញសិទ្ធរៀបចំកម្មវិធី MGC 2025 និងការសួរនាំបវរកញ្ញាជាច្រើនក្នុងបំណងចង់ឱ្យទៅប្រកួតអន្តរជាតិជំនួស ប៊ី សុធារី ធ្វើឱ្យកើតរឿងក្តៅគគុកថ្មីមួយទៀត រហូតបវរកញ្ញាល្បីៗ និងអ្នកសិល្បៈជាច្រើនអត់ទ្រាំលែងបាន នាំគ្នាបញ្ចេញយោបល់ផ្សេងៗលើបណ្តាញសង្គមជុំវិញរឿងចម្រូងចម្រាស់ដែលកំពុងកើតឡើង។

 


 
ក្រឡេកទៅមើល បវរកញ្ញារាងខ្ពស់ស្រឡះ កុយ អេនណា ឯណោះវិញ មិនបង្អង់យូរក៏បានចេញមុខ live បកស្រាយពីរឿងកំពុងផ្ទុះលើបណ្តាញសង្គម ដោយនាងបានប្រកាសដាច់អង្ហកាថា នាងមិនចេញទៅប្រកួតអន្តរជាតិជំនួសបុគ្គលណាឡើយ ព្រោះបច្ចុប្បន្ននាងកំពុងមមាញឹកការងារសិល្បៈច្រើន ហើយពុំដឹងថា ឆ្នាំណាទើបអាចត្រឡប់មកប្រកួតបវរកញ្ញាវិញនោះទេ។

 

 

អ្វីដែលប្រាកដ គឺនាងមិនជំនួសតំណែងអ្នកណា ដើម្បីចូលរួមប្រកួតកម្មវិធីដែលកំពុងកើតរឿងចម្រូងចម្រាស់នេះឡើយ ដូច្នេះសូមកុំយកនាងទៅដាក់បញ្ជូលក្នុងបញ្ហាទាំងអស់នេះ។ នេះបើតាមការបញ្ជាក់ក្នុងការ live របស់ កុយ អេនណា កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ម្សិលមិញ។តាមរយៈការ live បកស្រាយលើបណ្តាញសង្គមកាលពីយប់មិញ អេនណា ទទួលរងទាំងមតិវិជ្ជមាន និងអវិជ្ជមាន ដោយសារការប្រើប្រាស់ពាក្យពេចន៍ពុំសូវសមរម្យ ប៉ុន្តែនាងក៏បានធ្វើការ live សារជាថ្មី ជាការសូមទោសចំពោះកំហុសអចេតនាដែលបាននិយាយចេញទៅតាមរយៈការ live នោះផងដែរ។  

 


 
សូមជម្រាបថា មកទល់ពេលនេះ គេនៅពុំទាន់ដឹងថា បុគ្គលណាម្នាក់ដែលអាចនឹងជំនួសតំណែង កញ្ញា ប៊ី សុធារី តាមពាក្យចចាមអារាមលើបណ្តាញសង្គមនោះឡើយ ខណៈដែល សុធារី បានប្រកាសដកខ្លួនពីការប្រកួតតាំងពីកើតរឿងភ្លាមៗមកម៉្លេះ ដោយសារតែនាងមិនអាចឱបដៃឈរមើលការប្រមាថម៉ាកងាយដ៏ធំធេងចំពោះក្រុមការងារ ប្រជាជនកម្ពុជា និងប្រទេសកម្ពុជាទាំងមូលនោះឡើយ។


 
លើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកនេះ នៅតែមានភាពស្មុគស្មាញជាមួយបញ្ហាចម្រូងចម្រាស់ដែលបានកើតឡើងប៉ុន្មានថ្ងៃមកនេះ ខណៈដែល អ្នកស្រី​ អ៊ឹម សុគន្ធា បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការរំសាយការធ្វើជាម្ចាស់ផ្ទះកម្មវិធី MGI 2024 ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួនឯង និងក្រុមការងារ។ទោះជាយ៉ាងនេះក្តី​ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមនៅពុំទាន់ស្ងប់ចិត្តចំពោះរឿងដែលបានកើតឡើងនេះឡើយ ដោយពួកគេនៅតែបន្តបញ្ចេញមតិយោបល់រៀងៗខ្លួន និងគាំទ្រមិនឱ្យមានការរៀបចំកម្មវិធី MGC ឆ្នាំក្រោយៗទៀតឡើយ៕
 

 


 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024