ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ប្រជាពលរដ្ឋកាណាដាមួយចំនួនបានធ្វើពិធីរៀបការសម្រាប់សត្វសុនករបស់ពួកគេជាច្រើនគូនៅរមណីយដ្ឋានមួយក្នុងទីក្រុងវូដវ្យូ (Woodview) នៅប្រទេសកាណាដាក្នុងបំណងបំបែកកំណត់ត្រាពិភពលោកសម្រាប់អាពាហ៍ពិពាហ៍សត្វសុនកដ៏ធំបំផុតលើពិភពលោក។
សត្វសុនកជាច្រើនបានប្រមូលផ្ដុំគ្នាសម្រាប់ពិធីរៀបការសត្វជើងបួននិងមានកន្ទុយនៅឯរមណីយដ្ឋាន Viamede ក្នុងទីក្រុងវូដវ្យូនៅប្រទេសកាណាដាដើម្បីបង្អួតសម្រស់ និងគូស្នេហ៍ដាក់គ្នា។ រូបភាពបានបង្ហាញអំពីសកម្មភាពនៃការដង្ហែគូស្នេហ៍សត្វសុនខនៅលើកម្រាព្រំដោយគេបានតុបតែងដូចជាកូនកំលោះកូនក្រមុំអីចឹងដែរ និងមានការដាក់តាំងនំអាពាហ៍ពិពាហ៍ដ៏ធំបំផុតនៅលើពិភពលោកផងដែរ។
អ្នកសារព័ត៌មានលោក Lloyd Robertson ដែលជាអ្នកគ្រប់គ្រងពិធីមង្គលការសុនខនេះបានប្រកាសនៅពេលនោះថា សូមប្រកាសទទួលស្គាល់សុនកទាំងនេះជាដៃគូក្នុងអាពាហ៍ពិពាហ៍នេះ ដូច្នេះហើយសូមភ្ញៀវទាំងអស់គ្នាទះដៃអបអរសាទរចំពោះគូស្នេហ៍ទាំងនេះ ដូច្នេះហើយពេលនេះសត្វសុនកទាំងអស់នេះអាចលិទ្ធគូស្នេហ៍របស់ខ្លួនបន្ទាប់មកក៏បានអនុញ្ញាតឱ្យញ៉ាំនំខេកយ៉ាងធំមួយនៅក្នុងពិធីនេះ។
ពិធីនេះត្រូវបានរៀបចំដោយអង្គការមិនរកប្រាក់ចំណេញ Golden Rescue របស់កាណាដាក្នុងបំណងបំបែកឯតទគ្គកម្មសម្រាប់ «ពិធីមង្គលការសត្វឆ្កែដ៏ធំបំផុត» ប៉ុន្តែបានបរាជ័យ។ ទោះយ៉ាងណា អង្គការនេះបានបំបែកឯតទគ្គកម្មសម្រាប់ «នំអាពាហ៍ពិពាហ៍សុនកដ៏ធំបំផុត»មានទម្ងន់ ១៤១ គីឡូក្រាម។
សូមរំលឹកថា បច្ចុប្បន្នមជ្ឈមណ្ឌល Aspen Grove Lifestyle Center នៅសហរដ្ឋអាម៉េរិកកំពុងគ្រប់គ្រងកំណត់ត្រាពិភពលោកសម្រាប់«អាពាហ៍ពិពាហ៍សត្វឆ្កែដ៏ធំបំផុត»តាំងពីឆ្នាំ២០០៧មកម្ល៉េះ ដោយមានគូស្នេហ៍សុនកចំនួន ១៧៨ គូបានរៀបការជុំគ្នានៅពេលនោះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន