ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ក្រោយសំងំព្យាបាលជំងឺភរិយាអស់ពេលយ៉ាងយូរ ពេលនេះតារាចម្រៀងរ៉េប និងជា Coach កម្មវិធីល្បីឈ្មោះរបស់ PNN Rapper Fighter ឃីងឈី បាន ដាច់ចិត្តទំលាយរឿងមិនសប្បាយចិត្តនិងប្រកាសលក់ផ្ទះជាបន្ទាន់ដើម្បីយកប្រាក់ទៅប្តូរក្រលៀនឱ្យភរិយា ។
តារាចម្រៀងរ៉េបដ៏ល្បីឈ្មោះ និងជាគ្រូបង្វឹកកម្មវិធី Rapper Fighter ដ៏ល្បីឈ្មោះរបស់ PNN ឃីងឈី កំពុងជួបទុក្ខជាខ្លាំងដោយលោកប្រកាសលក់ផ្ទះជាបន្ទាន់ដើម្បីយកប្រាក់ព្យាបាលភរិយារបស់ខ្លួន ដែលត្រៀមប្ដូរក្រលៀនចេញ។
ទស្សនិកជនឃើញតារាចម្រៀងរ៉េប ឃីងឈី សើចសប្បាយនៅតាមកម្មវិធីប្រគំតន្រ្តីនានា តែធាតុពិតលោកកំពុងជួបវិប្បត្តិនិងរឿងមិនសប្បាយចិត្តព្រោះត្រូវការថវិការជាបន្ទាប់ដើម្បីព្យាបាលភរិយា ។
តាមពិតភរិយាតារាចម្រៀងរ៉េបរូបនេះ បានធ្លាក់ខ្លួនឈឺយូរមកហើយ។ ជាក់ស្តែងកាលពីដើមឆ្នាំ២០២៥ភរិយារបស់លោកធ្លាប់បានប្រកាសដាក់សេងនិងលក់ហាងសាឡនរបស់ខ្លួនជាបន្ទាន់ ដើម្បីយកប្រាក់មើលជំងឺខ្សោយតម្រងនោម ។
កាលនោះពុំសូវមានអ្នកចាប់អារម្មណ៍ឡើយ ដោយឡែកចូលដល់ខែឧសភានេះស្រាប់តែជំងឺរបស់ភរិយា ឃីងឈី កាន់តែធ្ងន់ធ្ងរឡើងរហូត្រូវការប្រាក់បន្ទាន់ដើម្បីធ្វើការវះកាត់ប្តូរក្រលៀន ។ តារាចម្រៀងរ៉េបល្បីឈ្មោះខាងលើ បានប្រកាសនៅលើផេករបស់ខ្លួនថា « ផ្ទះលក់បន្ទាន់តម្លៃក្រោមទីផ្សារ ត្រូវការលុយវះកាត់ប្តូរក្រលៀនឱ្យភរិយាខ្ញុំ » ។
គ្រាន់តែឃើញលោក ប្រកាសបែបនេះធ្វើឱ្យសិល្បករនិងសប្បុរសជនជាច្រើនមានការតក់ស្លុត និងបានជួយជាថវិការផ្ទាល់ខ្លួនខ្លះៗតាមលទ្ធភាព ជួយដល់តារាចម្រៀងរូបនេះ ដើម្បីជួយសម្រួលបន្ទុកគ្រួសារ ខណៈដែលលក់ផ្ទះមិនទាន់ចេញ ។
ថ្វីដ្បិតតែជីវិតកំពុងជួបវិប្បត្តិផ្លូវចិត្ត ឃីងឈី នៅតែចេញប្រកបការងារចម្រៀងដូចធម្មតាដើម្បីរកប្រាក់ចិញ្ចឹមជីវិត ឆ្លៀតពេលលោកត្រូវមើលថែភរិយានិងកូនតូចទាំងពីរនាក់របស់ខ្លួន ។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងរ៉េបលោក ឃីងឈី បានរៀបការប្រមាណជាង៧ឆ្នាំមកហើយដោយទទួលបានកូនប្រុសចំនួន២នាក់ជាចំណងដៃ ។
ភរិយារបស់លោកគឺជាថៅកែហាងសាឡនមួយកន្លែង ក្រោយពីមានបញ្ហាសុខភាព ភរិយារបស់លោកក៏បានប្រកាសសេងនិងលក់ហាងសម្រាកនិងព្យាបាលជំងឺ ។ លោក ក៏ជាគណកម្មការនៅក្នុងកម្មវិធីប្រកួតចម្រៀង Rapper Fighter របស់ទូរទស្សន៍ ភីអិនអិន ផងដែរ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក