ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

Donald Trump ប្រកាសពន្ធ 100% សម្រាប់ភាពយន្តផលិតនៅក្រៅសហរដ្ឋអាមេរិក

០៥ ឧសភា ២០២៥ | កម្សាន្ដ

 

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសយកពន្ធ 100% លើភាពយន្តដែលផលិតនៅក្រៅសហរដ្ឋអាមេរិកដោយនិយាយថា ឧស្សាហកម្មភាពយន្តអាមេរិកកំពុង “ជិតស្លាប់ហើយ” ដោយសារតែនយោបាយរបស់ប្រទេសផ្សេងៗដែលទាក់ទាញអ្នកផលិតភាពយន្ត។

 

 


នៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក Donald Trump បានរៀបរាប់ថា លោកកំពុងផ្តល់សិទ្ធិឱ្យទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ ដូចជាក្រសួងពាណិជ្ជកម្ម ដើម្បីចាប់ផ្តើមជាបន្ទាន់នូវដំណើរការដាក់ពន្ធ 100% លើខ្សែភាពយន្តទាំងអស់ដែលផលិតនៅបរទេស ហើយត្រូវយកទៅបញ្ចាំងសហរដ្ឋអាមេរិក និងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកចង់បានភាពយន្តដែលផលិតនៅអាមេរិក។

 

 

លោកនិយាយថា ឧស្សាហកម្មភាពយន្តអាមេរិកកំពុង “ជិតស្លាប់ហើយ” ដោយសារតែនយោបាយរបស់ប្រទេសផ្សេងៗដែលទាក់ទាញអ្នកផលិតភាពយន្តអាមេរិកឱ្យទៅថតនៅប្រទេសគេ។

 


យ៉ាងណាមិញ គេមិនទាន់ច្បាស់នោះទេថាតើពន្ធនេះនឹងអនុវត្តចំពោះភាពយន្តដែលចាក់ផ្សាយលើសេវា Streaming ដែរឬយ៉ាងណា និងត្រូវគណនាដោយផ្អែកលើថ្លៃដើមផលិត ឬក៏ចំណូលពីការលក់សំបុត្រកុននោះទេ។ ការប្រកាសពន្ធនេះ ត្រូវបានធ្វើឡើងក្រោយរដ្ឋបាល លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយជាច្រើនលើបណ្តាប្រទេសនៅជុំវិញពិភពលោក។

 


គួរបញ្ជាក់ថា រយៈពេលជាច្រើនឆ្នាំមកនេះ ផលិតកម្មថតភាពយន្ត និងរឿងភាគទូរទស្សន៍ជាច្រើនបានចាកចេញពីហូលីវូដ និងរើទីតាំងទៅកន្លែងដែលមានការបន្ធូរបន្ថយពន្ធវិញដើម្បីឱ្យការថតភាពយន្តមានតម្លៃថោក។

 

 

យោងតាមក្រុមហ៊ុនស្រាវជ្រាវ ProdPro ក្នុងឆ្នាំ 2023 ប្រហែលពាក់កណ្តាលនៃការចំណាយលើគម្រោងភាពយន្ត និងទូរទស្សន៍ដែលចាយទុនច្រើនជាង 40 លានដុល្លារបានចេញទៅផលិតនៅក្រៅសហរដ្ឋអាមេរិក។ ចំណែកការផលិតភាពយន្តនៅទីក្រុង Los Angeles ឬតំបន់ហូលីវូដរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះជិត 40% ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025