ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

ហ្សូលីយ៉ា រ៉ូសស្យែល ចេញទៅប្រកួត Miss World នៅឥណ្ឌា ទាំងភាពជឿជាក់!

០៧ ឧសភា ២០២៥ | កម្សាន្ដ

 

សំងំរៀបចំអស់មួយរយៈធំ ទីបំផុតដល់ពេលកញ្ញា ហ្សូលីយ៉ា រ៉ូសស្យែល Miss World Cambodia 2025 ផ្ដើមចេញទៅប្រទេសឥណ្ឌាហើយ  ដោយនាងបានបង្ហាញភាពជឿជាក់យ៉ាងមុតមាំពីការប្រកួតដ៏ធំនេះ។

 

 

ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រវិស័យបវរកញ្ញាត្រូវបានបញ្ចប់ហើយ ដោយព្រឹកមិញនេះ កញ្ញា ហ្សូលីយ៉ា រ៉ូសស្យែល Miss World Cambodia 2025 បានចាកចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅប្រទេសឥណ្ឌា ដើម្បីចូលរួមប្រកួតប្រជែងកម្មវិធី Miss World លើកទី៧២ ដែលការប្រកួតលំដាប់អន្តរជាតិដ៏ធំនេះ ចាប់ផ្តើមពីថ្ងៃទី៧-៣១ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋ Telangana។ ឆ្នាំនេះមានបវរកញ្ញាមកពី ១០៨ ប្រទេសជុំវិញពិភពលោកបានចូលរួមប្រកួតប្រជែង ក្នុងនោះរួមទាំងប្រទេសកម្ពុជាយើងផងដែរ។

 


ក្រុមការងារ ក្រុមគ្រួសារ និងបណ្តាអ្នកគាំទ្រ រួមទាំងមិត្តភ័ក្តបវរកញ្ញា-បុរសឯកជាច្រើនរូប បានមកជូនដំណើរ ហ្សូលីយ៉ា រ៉ូ នៅបរិវេនព្រលានយន្តអន្តរជាតិភ្នំពេញដោយផ្ទាល់់ និងបានផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅដល់ Miss World Cambodia 2025 សម្រាប់ការចេញទៅតំណាងកម្ពុជាលើឆាកអន្តរជាតិ។ 

 

 

ក្រឡេកទៅមើលសាម៉ីខ្លួនឯណោះវិញ បានបង្ហាញអារម្មណ៍រំភើបរីករាយដែលការទន្ទឹងរង់ចាំរបស់នាងត្រូវបានបញ្ចប់ ហើយនាងបានត្រៀមខ្លួនជាស្រេចហើយ ក្នុងការត្រដាងទង់ជាតិកម្ពុជាលើវេទិកាពិភពលោកជាមួយគោលដៅច្បាស់លាស់ ហ្មត់ចត់ និងទំនុកចិត្ត។

 

 

ក្រៅពីកម្លាំងចិត្តមុតមាំឆ្ពោះទៅឆាកអន្តរជាតិ ហ្សូលីយ៉ា បានត្រៀមឈុតតំណាងជាតិដ៏មានអត្ថន័យ ឈុតសម្រាប់ប្រកួតប្រជែងតាមវគ្គផ្សេងៗដែលស្ថាប័នបានកំណត់ អ្វីដែលពិសេសគឺគម្រោង «Reading with Julia» សម្រាប់វគ្គ Beauty with Purpose ដែលជាវគ្គដ៏សំខាន់ក្នុងកម្មវិធី Miss World 2025។

 

 

គួររំឮកឱ្យដឹងផងដែរថា នេះជាឆ្នាំដំបូងដែលក្រុមហ៊ុន Cambodia International Models (CIM) គ្រប់គ្រងដោយលោក ម៉ែន និមលរតន៍ ទទួលបានសិទ្ធិគ្រប់គ្រងកម្មវិធី Miss World Cambodia និងបានរៀបចំបញ្ជូនបេក្ខភាពទៅចូលរួមប្រកួតក្រោមការជួយជ្រោមជ្រែងពីម្ចាស់ហាងពេជ្រ CSNJ លោកឧកញ៉ា ចិន សំណាង។ទោះបីនេះជាឆ្នាំដំបូងដែល CIM បញ្ចូនបេក្ខភាពទៅប្រកួតក៏ពិតមែន តែលោកជឿជាក់ថា បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស ហ្សូលីយ៉ា រ៉ូសស្យែល នឹងធ្វើបានល្អលើឆាកអន្តរជាតិ ហើយសង្ឃឹមថា បេក្ខភាពតំណាងកម្ពុជាយើងនឹងអាចដណ្តើមភាពជោគជ័យត្រឡប់មកកម្ពុជាវិញ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025