ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

អ្នកប្ដឹង The iCon Group ឡើងដល់ ៥៦០០នាក់ ខាតបង់សរុប ៤៨ លានដុល្លារ

២១ តុលា ២០២៤ | កម្សាន្ដ

 

ក្រោយបើកការស៊ើបអង្កេតរយៈពេល ១០ថ្ងៃ ប៉ូលីសថៃបានទទួលពាក្យបណ្ដឹងប្រឆាំងក្រុមហ៊ុន The icon Group ប្រមាណ ៥៦០០ ករណី ដោយទឹកប្រាក់ខាតបង់សរុបឡើងដល់ ៤៨ លានដុល្លារ។

 


កាលពីល្ងាចថ្ងៃអាទិត្យ ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ថៃបានចែករំលែកតួលេខដើមបណ្តឹង និងការខូចខាតពាក់ព័ន្ធក្រុមហ៊ុន The iCon Group ថាមនុស្សសរុបចំនួន ៥៦៤៨ នាក់បានដាក់ពាក្យបណ្ដឹង ជាមួយការខាតបង់សរុប ១៦១០ លានបាត ឬប្រមាណ ៤៨ លានដុល្លារអាមេរិក។

 

 

សមត្ថកិច្ចបានឱ្យដឹងថា ប្រជាជនបានដាក់ពាក្យបណ្ដឹងទូទាំងប្រទេសចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២០ ខែតុលា ដោយក្នុងនោះប៉ូលីសបានបញ្ចប់ការសាកសួរដើមបណ្ដឹងចំនួន ២៨២២ នាក់រួចរាល់។ មនុស្សជាច្រើនបានត្អូញត្អែរថាពួកគេមិនអាចលក់ផលិតផលចេញដូចដែលតំណាងក្រុមបានធានានៅក្នុងវគ្គបណ្តុះបណ្តាល ខណៈជនរងគ្រោះមួយចំនួននិយាយថាពួកគេមិនទទួលបានផលិតផលឡើយ ទោះបីបានបង់ប្រាក់គ្រប់ចំនួនក៏ដោយ។

 

 

ប្រភពបន្តថា មនុស្សជាច្រើននាក់ទៀតក្នុងប្រទេសថៃ និងប្រទេសផ្សេងៗទៀតកំពុងប្រមូលភស្តុតាងដើម្បីត្រៀមខ្លួនដាក់ពាក្យបណ្តឹងនៅពេលខាងមុខក្នុងករណីនេះ។ ទន្ទឹមនោះ ការិយាល័យស៊ើបអង្កេតកណ្តាលក៏គ្រោងនឹងចោទប្រកាន់បន្ថែមទៀតលើជនសង្ស័យទាំង ១៨នាក់ពីបទលាងលុយកខ្វក់ ការខ្ចីប្រាក់ក្លែងបន្លំ និងការប្រមូលផ្ដុំមនុស្សខុសច្បាប់ បន្ថែមពីលើចោទប្រកាន់ពីបទក្លែងបន្លំសាធារណៈ និងឧក្រិដ្ឋកម្មតាមកុំព្យូទ័រ។

 

 

សមត្ថកិច្ចបន្តថា ប៉ូលីសមានបំណងបញ្ចប់ការស៊ើបអង្កេតនៅសប្តាហ៍នេះ ហើយនឹងចាប់ខ្លួនជនសង្ស័យបន្ថែមទៀតនៅក្នុងសំណុំរឿងនេះ រួមទាំងមេបណ្ដាញធំៗដែលមានកូនក្រុមច្រើនផងដែរ។ បច្ចុប្បន្នជនសង្ស័យចំនួន ១៨នាក់ដែលរួមមានទាំងពិធីករ Kan (កាន់), តារាសម្ដែង Sam Yuranant (សេម យូរ៉ាណាន់) និងតារាសម្ដែង Min Pechaya (មីន ភីឆាយ៉ា) កំពុងត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងរង់ចាំសេចក្ដីសម្រេចរបស់តុលាការ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024