ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

វៀតណាម ព្យាករកំណើនសេដ្ឋកិច្ចចន្លោះ ៦,៥% ទៅ ៧% ក្នុងឆ្នាំ ២០២៥

២៣ តុលា ២០២៤ | សេដ្ឋកិច្ច

 

រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា ប្រទេសវៀតណាម បានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុបចន្លោះពី ៦,៥% ទៅ ៧% សម្រាប់ឆ្នាំ ២០២៥ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញ ជិញ បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម នឹងកើនឡើងពី ៦,៥% ទៅ ៧% ក្នុងឆ្នាំ ២០២៥ ខណៈរដ្ឋាភិបាលវៀតណាម នឹងជំរុញបន្ថែម ឱ្យមានកំណើនពី ៧% ទៅ ៧,៥%។

 


គោលដៅបានកើតឡើងមុនសុន្ទរកថារបស់លោក Chinh ទៅកាន់រដ្ឋសភានៅព្រឹកនេះ ក្នុងអំឡុងពេលដែលលោកនឹងពិភាក្សាអំពីសុខភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

 


នាយករដ្ឋមន្ត្រីវៀតណាម ជឿជាក់លើកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ អាចឈានដល់ ៧% ហើយបន្តរហូតដល់ឆ្នាំ ២០២៥ ខណៈរដ្ឋាភិបាល មានបំណងសម្រេចនូវ អត្រាអតិផរណាប្រហែល ៤,៥% ជាមធ្យម ក្នុងឆ្នាំ ២០២៥។

 


ប្រទេសវៀតណាម ពឹងផ្អែកលើការនាំចេញ ដែលមានកំណើនជាង ៧% នៅក្នុងត្រីមាសទី ៣ ដោយសាររដ្ឋាភិបាល ខិតខំធ្វើឱ្យមានតុល្យភាពរវាង ការទប់ស្កាត់អតិផរណា ជាមួយនឹងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ច។ជាមួយគ្នានេះ គោលដៅកំណើនរបស់ប្រទេសវៀតណាម គឺមានសុទិដ្ឋិនិយម ខ្ពស់ជាងការព្យាករណ៍ល្បឿន ៦% សម្រាប់ប្រទេសវៀតណាម ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ។

 


ជាចុងក្រោយ នាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា GDP ក្នុងឆ្នាំ ២០២៥ សម្រាប់មនុស្សម្នាក់នឹងមានប្រហែល ៤ពាន់ ៩រយដុល្លារអាមេរិក ហើយរដ្ឋាភិបាល មានបំណងជំរុញទំហំសេដ្ឋកិច្ច ឲ្យកើនឡើងដល់ប្រមាណ ៧៨០ពាន់លានដុល្លារទៅ ៨០០ពាន់លានដុល្លារនៅឆ្នាំ ២០៣០។សូមជម្រាបដែរថា ធនាគារពិភពលោក បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមមានចំនួន ៤៣៣ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៣កន្លងទៅ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024