ថ្ងៃអាទិត្យ ទី១០ ខែ​វិច្ឆិកា ឆ្នាំ២០២៤

កម្ពុជា បន្ថែមការទូទាត់ឆ្លងដែន QR Code ជាមួយក្រុមហ៊ុន Ant International

១៥ តុលា ២០២៤ | សេដ្ឋកិច្ច

 

ធនាគារជាតិនៃកម្ពុជា សហការជាមួយ ក្រុមហ៊ុន Ant International បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូដ (QR Code) រវាងប្រទេសចិន និងព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅហើយ។

 

 

នាពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែន រវាងប្រទេសចិន និងកម្ពុជា តាមរយៈ កម្មវិធី Alipay+ និងប្រព័ន្ធបាគង (KHQR Code) លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តការរវាងក្រុមហ៊ុន Ant International និង ធនាគារជាតិនៃកម្ពុជា នឹងអនុញ្ញាតឱ្យអតិថិជនរបស់ Alipay+ មកពី ៩ប្រទេស អាចធ្វើការទូទាត់ដោយ ស្កេន KHQR នៅកម្ពុជាបាន។ 

 


លោកជំទាវ បន្តថា កិច្ចសហប្រតិបត្តការនេះ នឹងជួយសម្រួលដល់ភ្ញៀវទេសចរណ៍បរទេស និងការលក់រាយនៅកម្ពុជា ឱ្យកាន់តែងាយស្រួល ខណៈនៅដំណាក់កាលបន្ទាប់ អ្នកប្រើប្រាស់ កម្មវិធី Bakong នឹងអាចស្កេនទូទាត់តាមរយៈ Alipay នៅប្រទេសចិន និង Alipay+ នៅប្រទេសដ៏ទៃ ដោយងាយស្រួល។

 


លោកជំទាវ ជា សិរី ក៏បានបញ្ជាក់ថា ការប្រើប្រាស់នេះ គឺសម្រាប់តែគណនីប្រាក់រៀលតែប៉ុណ្ណោះ ដូច្នេះសូមលើកទឹកចិត្តឱ្យអ្នកលក់ទាំងអស់នៅកម្ពុជា មាន KHQR និងគណនីប្រាក់រៀល ដើម្បីទទួលបានផលប្រយោជន៍ទាំងនេះ។

 


ទន្ទឹមគ្នានេះ លោក Edward Yue ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Ant International ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អូស្រ្តាលី និងនូវែលសេឡង់ បានមានប្រសាសន៍ដែរថា កិច្ចសហប្រតិបត្តិការនេះ រំពឹងនឹងជួយគាំទ្រដល់ វិស័យទេសចរណ៍របស់កម្ពុជា ដែលជា សសរស្តម្ភដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចកម្ពុជា ខណៈអ្នកដំណើរអន្តរជាតិ នឹងមានភាពងាយស្រួលក្នុងការទូទាត់នៅកម្ពុជា ប្រកបដោយសុវត្ថិភាព។


គួរបញ្ជាក់ដែរថា នៅក្នុងប្រព័ន្ធទូទាត់ឆ្លងដែនរបស់ Alipay+ តភ្ជាប់ពាណិជ្ជករជាង ៩០លានកន្លែង ជាមួយនឹង ម្ចាស់គណនីច្រើនជាង ១ពាន់ ៦រយលានគណនី ដោយមានកម្មវិធីទូទាត់ច្រើនជាង ៣០ អាចធ្វើការទូទាត់បាននៅតំបន់អាស៊ី និងលើសពីនេះ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឆិល សុភ័ស្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024