ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ស៊ីន យូប៊ីន ត្រូវហ្វេនបរទេសចោមរោមសុំហត្ថលេខា​ ពេលទៅចូលរួមកម្មវិធីលំដាប់អន្តរជាតិមួយនេះ

១១ តុលា ២០២៤ | កម្សាន្ដ

 

 

លើកមុនហ្វេនៗចោមរោមសុំហត្ថលេខានៅច្រកចូលមហោស្រពភាពយន្តអន្តរជាតិ Cannes Film Festival 2024 លើកនេះ កញ្ញា ស៊ីន យូប៊ីន ត្រូវហ្វេនបរទេសចោមរោមសុំហត្ថលេខាព្រោងព្រាតពេលទៅចូលរួមកម្មវិធីលំដាប់អន្តរជាតិ ដែលរៀបចំឡើងដោយទស្សនាវដ្តី ELLE (អ៊ែល) កាលពីពេលថ្មីៗនេះ។តារាសម្តែងស្រីឆ្នើមលំដាប់ប្រទេសកម្ពុជា កញ្ញា ស៊ីន យូប៊ីន កំពុងធ្វើឱ្យពិភពលោកចាប់អារម្មណ៍លើនាងរឹតតែខ្លាំងឡើង ក្រោយបង្ហាញវត្តមានចូលរួមកម្មវិធីលំដាប់អន្តរជាតិ ដែលរៀបចំឡើងនៅប្រទេស ថៃ ដោយទស្សនាវដ្តី ELLE (អ៊ែល) ជាទស្សនាវដ្តីដ៏ល្បីលំដាប់ពិភពលោក។ 

 


កម្មវិធីដែលសិល្បការនីខ្មែររូបនេះបានចូលរួមមានឈ្មោះថា ELLE FASHION WEEK 2024 ជាពិធីជួបជុំទ្រង់ទ្រាយជុំ ដែលមានការចូលរួមពីតារាល្បីៗលំដាប់អន្តរជាតិជាច្រើន រួមទាំងតារាល្បីៗក្នុងតំបន់អាស៊ានផងដែរ។អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន តារាស្រីកម្ពុជា កញ្ញា ស៊ីន យូប៊ីន ត្រូវហ្វេនៗបរទេសចោមរោមសុំហត្ថលេខាឡើងកកកុញ ថែមទាំងមានអ្នកស្រែកហៅឈ្មោះ​ ស៊ីន យូប៊ីន យ៉ាងច្រើន សម្តែងពីការសាទរចំពោះវត្តមានតារាស្រីកម្ពុជារូបនេះ។

 


 
តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ យូប៊ីន មើលទៅភ្ញាក់ផ្អើលខ្លាំងមែនទែន ពេលឮហ្វេនៗបរទេសនាំគ្នាស្រែកហៅឈ្មោះរបស់នាង និងបានចោមរោមសុំឱ្យនាងចុះហត្ថលេខាឱ្យពួកគេ។ នេះពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលដែលហ្វេនអន្តរជាតិស្គាល់ឈ្មោះសិល្បការនីខ្មែរយ៉ាងច្បាស់បែបនេះ ដែលវាឆ្លុះបញ្ចាំងពីឥទ្ធិពល និងភាពល្បីល្បាញរបស់តារាកម្ពុជាលើឆាកអន្តរជាតិ។

 


 
នេះមិនមែនជាលើកដំបូងដែលហ្វេនអន្តរជាតិនាំគ្នាចោមរោមសុំហត្ថលេខា និងថតរូបជាមួយ កញ្ញា ស៊ីន យូប៊ីន នោះឡើយ។ ជាក់ស្តែង កាលពីពេលដែល យូប៊ីន ចូលរួមដើរកម្រាលព្រំក្រហមកម្មវិធី Cannes Film Festival 2024 អំឡុងខែឧសភា កន្លងទៅ នាងក៏ត្រូវបានហ្វេនៗនៅប្រទេសបារាំងស្រែកហៅឈ្មោះច្បាស់ៗ ហើយសុំហត្ថលេខារបស់នាងយ៉ាងព្រោងព្រាតផងដែរ។

 


 
រូបភាព និងសកម្មភាពចូលរួមកម្មវិធីអន្តរជាតិនានារបស់តារាស្រីកម្ពុជា កញ្ញា ស៊ីន យូប៊ីន សរបញ្ជាក់ឱ្យឃើញពីឥទ្ធិពលរបស់សិល្បករខ្មែរលើឆាកអន្តរជាតិ ទាំងវិស័យភាពយន្ត និងហ្វេសសិន ព្រោះកន្លងមក យូប៊ីន បានលេចមុខក្នុងកម្មវិធីធំៗលំដាប់អន្តរជាតិជាច្រើនទាំងតំបន់អាស៊ី និងអ៊ឺរ៉ុបផងដែរ ជាហេតុធ្វើឱ្យរឹតតែស្គាល់ពីភាពអស្ចារ្យរបស់សិល្បការនីខ្មែរ ដែលមានសមត្ថភាព សម្រស់ និងឥទ្ធិពលមិនចាញ់ប្រទេសដ៏ទៃនោះឡើយ។

 


 
អ្វីដែល យូប៊ីន បានធ្វើកន្លងមកទទួលបានការសាទរយ៉ាងខ្លាំងក្លាពីប្រជាជនកម្ពុជា ព្រោះនាងមិនត្រឹមតែនាំយកទង់ជាតិកម្ពុជាទៅបង្ហាញលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែតារាស្រីរូបនេះបានពាំនាំវប្បធម៌ និងអរិយធម៌ដ៏ផូរផង់របស់ខ្មែរយើងទៅបង្ហាញឱ្យពិភពលោកបានស្គាល់តាមរយៈហ្វេសសិនសម្លៀកបំពាក់ និងគ្រឿងលម្អតុបតែងកាយជាដើម។

 


 
កន្លងមក កញ្ញា ស៊ីន យូប៊ីន ធ្លាប់ប្រកាសឱ្យដឹងថា ទោះបីត្រូវជួបឧបសគ្គច្រើនខ្លាំងកម្រិតណាក៏ដោយក៏នាងមិនបោះបង់មហិច្ឆិតាក្នុងការបង្ហាញនាំយកសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរទៅបង្ហាញឱ្យពិភពលោកបានឃើញនោះឡើយ ហើយនាងនឹងរិះរកគ្រប់មធ្យោបាយដើម្បីបញ្ជ្រាបពីកម្ពុជាឱ្យពិភពលោកស្គាល់កាន់តែច្បាស់ តាមរយៈកេរ្តិ៍ឈ្មោះ និងកិត្តិនាមជាសិល្បការនីខ្មែរ។
 


សូមជម្រាបផងដែរថា ក្រៅពីវត្តមានរបស់តារាសម្តែងស្រីដែលទទួលពានអន្តរជាតិច្រើនរាប់មិនអស់ ស៊ីន យូប៊ីន ដែលបានចូលរួមកម្មវិធីលំដាប់អន្តរជាតិនេះ ក៏មានសិល្បករខ្មែរ ២រូបទៀត ដែលបានលេចវត្តមានក្នុងកម្មវិធី ELLE FASHION WEEK 2024 របស់ទស្សនាវដ្តី ELLE នោះគឺ​ តារាចម្រៀងល្បីឈ្មោះ នីកូ និងតារាស្រីវ័យក្មេងកំពុងមានប្រជាប្រិយភាព ស៊ីន ជេននី ដោយអ្នកទាំងពីរបណ្តើរគ្នាយ៉ាងត្រសង នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះ៕


 
 
 អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024