ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ធ្លាប់តែប្រើជីវិតហាយសូរ និងប្រើប្រាស់សំភារៈទំនើបៗ តែពេលនេះតារាសម្តែង ដួង ម៉ានិច្ច ប្រែប្រួលហើយដោយនាងសុខចិត្តបោះបង់របស់ទាំងនោះចោល ប្រើជីវិតយ៉ាងសាមញ្ញជាមួយស្វាមី ព្រមទាំងងាកមកកាន់ធម៌អារវិញ ។
តារាសម្តែង ដួង ម៉ានិច្ច និងស្វាមីសុខចិត្តប្រើជីវិតយ៉ាងសាមញ្ញនៅស្រុកស្រែចម្ការ បន្ទាប់ពីរៀបការរួច ដោយអ្នកទាំងពីរមិនខ្វល់ពីភាពឡូយឆាយ ឬជីវិតហ៊ឺហារដូចជាពេលមុនទៀតទេជាពិសេស អ្នកទាំងពីរបាននាំគ្នាកាន់វិស័យពុទ្ធសាសនា ដើម្បីធ្វើឱ្យខ្លួនមានចិត្តស្ងប់ ។
តារាសម្តែង ដួង ម៉ានិច្ច និងលោក ឆាត ដែលជាស្វាមី តែងតែធ្វើវិដេអូសប្បាយៗ ជាមួយនិងក្នុងការដាំដំណាំហូបផ្លែ និងដាំបន្លែធម្មជាតិនៅលើដីរបស់ខ្លួនក្នុងខេត្ត កំពត ។ ពេលនេះអ្នកទាំងពីរមិនខ្វល់ពីជីវិតហ៊ឹហារ ឡូយឆាយដូចមុនឡើយ សូម្បីតែអាជីពសម្តែងក៏មិនមានវត្តមានអ្នកទាំងពីរដែរ ។
ជួបជាមួយគូស្វាមីភរិយា ដួង ម៉ានិច្ច និងលោក ឆាត កាលពីពេលថ្មីៗនេះអ្នកទាំងពីរបានប្រាប់ថា ជីវិតរបស់អ្នកទាំងពីរលំបាកមកជាង២០ ឆ្នាំហើយ ល្មមដល់ពេលដែលស្វែងរកក្តីសុខដាក់ខ្លួនខ្លះ ។ ចាប់តាំងពីរៀបការរួចតារាសម្តែង ដួង ម៉ានិច្ច និងស្វាមីបាននាំគ្នាទៅរៀនធម៌បង្កើនចំណេះដឹង និងធ្វើឱ្យខ្លួនកាន់តែមានអារម្មណ៍ស្ងប់ និងមានក្តីសុខ ។
ថ្វីដ្បិតតែមានអាយុច្រើនបន្តិចក្តីតែអ្នកនាង និង ស្វាមី មិនទាន់មានគម្រោងយកកូននៅឡើយទេ ដោយសារតែអ្នកទាំងពីរគិតថា ចង់ចំណាយពេលវេលាជាមួយគ្នាឱ្យបានច្រើនសិន ។
ចំពោះការងារសិល្បៈ ដួង ម៉ានិច្ច បានអះអាងថា នាងនៅតែស្រឡាញ់ និង ទទួលថតរឿងដូចមុនដដែល គ្រាន់តែរឿងភាគនាងមិនទទួលថតឡើយ ដោយសារនាងចង់ចំណាយពេលវេលាជាមួយស្វាមី និង ធ្វើការងរដែលខ្លួនស្រឡាញ់នៅស្រុកស្រែចំការច្រើនជាង ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច និង ហ្វេសប៊ុក