ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

ទុករឿងប្រកួតបវរកញ្ញាមួយឡែក កុយ អេនណា ងាកមកពង្រឹងទីផ្សារសិល្បៈជំនួសវិញ!

១៨ កញ្ញា ២០២៤ | កម្សាន្ដ

 

ដើម្បីយកពេលពង្រឹងការងារសិល្បៈ  កុយ អេនណា បានសម្រេចចិត្តពន្យាពេលចូលប្រកួតបវរកញ្ញាសិន។ នាងជឿជាក់ថា ការប្រឡូកការងារសិល្បៈ ជួយឱ្យមានបទពិសោធន៍ច្រើនទុកជាទុនសម្រាប់ការត្រឡប់មកប្រកួតនាពេលខាងមុខ។

 


 
អាចនិយាយបានថា ជាដំណឹងគួរឱ្យសោកស្តាយសម្រាប់អ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា ជាពិសេសហ្វេនៗដែលចង់ឃើញបវរកញ្ញារាងខ្ពស់ស្រឡះ កុយ អេនណា ត្រឡប់មកអង្រួនឆាកបវរកញ្ញាម្តងទៀត។ ប៉ុន្តែថ្មីៗនេះ អេនណា បានបញ្ជាក់សារជាថ្មីថា នាងសូមពន្យាពេលត្រឡប់មកប្រកួតបវរកញ្ញាសិន ដើម្បីយកពេលមកពង្រឹងការងារសិល្បៈផ្សេងៗដែលសម្រុកមករកនាងដូចទឹកបាក់ទំនប់។

 


 
ម្ចាស់ជយលាភី 1st Runner up Miss Grand Cambodia 2023 ដឹងថា ការសម្រេចចិត្តបែបនេះនឹងធ្វើឱ្យអ្នកគាំទ្ររបស់នាងសោកស្តាយ តែនាងចង់ឱ្យហ្វេនៗបើកចិត្ត ហើយទទួលយកការសម្រេចចិត្តនេះ។ នាងជឿជាក់ថា ការចំណាយពេលធ្វើការ ជាការបើកឱកាសឱ្យខ្លួនឯងក្រេបជញ្ជក់យកបទពិសោធន៍ថ្មីៗពីមនុស្សជុំវិញខ្លួន ពិសេសបទពិសោធន៍ការធ្វើការជាក្រុម ដែលនឹងជះផលវិជ្ជមានការប្រកួតបវរកញ្ញានាពេលអនាគត។

 


 
ឆ្លៀតឱកាសនេះ បវរកញ្ញាសម្បុរទឹកឃ្មុំ កុយ អេនណា ក៏នឹងហ្វឹកហាត់ពង្រឹងសមត្ថភាពផ្សេងៗ រួមទាំងការប្រើប្រាស់ភាសាអង់គ្លេសផងដែរ។ នេះបើតាមការបញ្ជាក់របស់ កញ្ញា កុយ អេនណា ក្នុងពិធីចុះកុងត្រា អគ្គរដ្ឋទូតសុឆន្ទៈទឹកអប់ Classy កាលពីរសៀលថ្ងៃទី១៧ កញ្ញា ម្សិលមិញ នៅ Caravan Hotel by EHM។ក្នុងថ្ងៃដ៏មានអត្ថន័យនៃការចុះកុងត្រាជាអគ្គរដ្ឋទូតសុឆន្ទៈនេះ កុយ អេនណា បានបង្ហាញអារម្មណ៍រំភើប ក្រោយទទួលបានការងារមួយនេះ។

 


 
អេនណា សន្យាថា នឹងបំពេញតួនាទីនេះឱ្យបានល្អបំផុត។ បវរកញ្ញារូបស្រស់នេះបញ្ជាក់ថា ឆាប់ៗនេះនាងនឹងមានអ្វីថ្មីមកពញ្ញាក់អារម្មណ៍ប្រិយមិត្តអ្នកគាំទ្រទាំងអស់គ្នា។បកប្រែ អ្នកនាង ម៉េយ៍ ៖ «ខ្ញុំសប្បាយចិត្តខ្លាំងមែនទែនដែលបាន អេនណា មកធ្វើជាទូតសុឆន្ទៈ។ ខ្ញុំស្រលាញ់ អេនណា ខ្លាំងៗ ព្រោះខ្ញុំក៏ជាអ្នកគាំទ្រម្នាក់របស់ អេនណា ផងដែរ ... របៀបនៃការធ្វើការ ការខិតខំប្រឹងប្រែង ជារួមគឺខ្ញុំស្រលាញ់គ្រប់យ៉ាងដែលជា អេនណា»។
 


ក្រៅពីការងារសិល្បៈដ៏មមាញឹក កញ្ញា កុយ អេនណា ក៏បានឆ្លៀតពេលចូលរួមការងារសង្គម និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានាតាមភាពជាក់ស្តែងដែលអាចធ្វើទៅបាន។ មិនតែប៉ុណ្ណោះ តាមរយៈការងារថ្មីៗដែលនាងទទួលបានក្រោយចប់កុងត្រាជាមួយស្ថាប័ន Miss Grand Cambodia ធ្វើឱ្យនាងមានលទ្ធភាពចូលរួមប្រូម៉ូតផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍សំខាន់ៗជុំវិញប្រទេសកម្ពុជា៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024