ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

វ័យទើប៧ឆ្នាំ កុមារី ហាណា បុស្បា  ត្រៀមប្រកួតបវរកញ្ញាវ័យក្មេងឆាប់ៗ ក្រោយធ្វើរឿងទាំងនេះដ៏ជោគជ័យ

១៧ កញ្ញា ២០២៤ | កម្សាន្ដ

 

កុមារីគួរឱ្យស្រលាញ់ ហាណា បុស្បា ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំងជាមួយសមត្ថភាពសិល្បៈពហុជំនាញ ខណៈអាយុទើបតែ ៧ឆ្នាំ។ ម៉ូដែលវ័យក្មេងកូនកាត់ខ្មែរ-សង្ហបុរី រូបនេះ ត្រៀមអង្រួនឆាកប្រកួត Mini Miss Cambodia 2024 ឆាប់ៗនេះ ដើម្បីដណ្តើមមកុដជយលាភី។កុមារីសែនឆ្លាត ហាណា បុស្បា អាយុ ៧ឆ្នាំ បានបង្ហាញសមត្ថភាពសិល្បៈយ៉ាងរស់រវើករបស់នាងក្នុងពិធីតាំងពិព័រណ៍ស្នាដៃសិល្បៈគំនូរ ដើម្បីប្រមូលថវិកាជួយកុមារា ឆលី ដែលកើតជំងឺមហារីក។  
 


អ្នកចូលរួមជាច្រើនបានសម្តែងការភ្ញាក់ផ្អើលពេលឃើញសមត្ថភាពរបស់ម៉ូដែលវ័យក្មេងកម្ពុជាយើង ជាពិសេស សមត្ថភាពសិល្បៈរបស់ម៉ូដែលតូច ហាណា ដែលនាងបានរាំរបាំនារីជាជួរ ដើរម៉ូដសម្លៀកបំពាក់ក្បិន ៧ពណ៌ បង្ហាញពីពណ៌ប្រចាំថ្ងៃនៃសម្លៀកបំពាក់ខ្មែរ និងបានបកស្រាយបទចម្រៀងជាភាសាអង់គ្លេសយ៉ាងពីរោះរណ្តំទៀតផង។

 


 
សមត្ថភាពសិល្បៈរបស់ ម៉ូដែលតូច ហាណា បុស្បា និងម៉ូដែលវ័យក្មេងកម្ពុជាជាច្រើនរូបទៀត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្លាដល់អ្នកចូលរួមជាតិ-អន្តរជាតិ ព្រោះភាពពូកែ ភាពប៉ិនប្រសព្វ និងដុងសិល្បៈរបស់ប្អុនៗកុមារ។

 


 
ម្តាយរបស់ម៉ូដែលវ័យក្មេងកូនកាត់ខ្មែរ-សង្ហបុរី  ហាណា បុស្បា បានឱ្យដឹងថា ហាណា បានទទួលការបណ្តុះបណ្តាលជំនាញសិល្បៈយ៉ាងពេញលេចពីសាលាបណ្តុះបណ្តាលផ្នែកសិល្បៈពហុជំនាញ Lotus Dance Studio ទើបធ្វើឱ្យនាងមានភាពរឹងមាំក្នុងការបញ្ចេញសមត្ថភាព និងអាចចេះជំនាញសិល្បៈបានច្រើនមុខមិនចាញ់សិល្បកររៀមច្បងនោះឡើយ។ វ័យទើបតែ ៧ឆ្នាំប៉ុណ្ណោះ ម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ហាណា បុស្បា ចេះរាំរបាំបុរាណដល់ទៅ ៣ ចង្វាក់ គឺ បុប្ផាលោកីយ៍ , នារីជាជួរ , របាំជូនពរ ថែមទាំងចេះរាំចង្វាក់ K-POP ដែលពិភពលោកកំពុងពេញនិយមទៀតផង។

 

 

មិនទាន់អស់នៅឡើយទេ កុមារីដ៏ពូកែនេះ មានសមត្ថភាពខ្ពស់អាចដើរបង្ហាញម៉ូដបុរាណ-សម័យយ៉ាងស្ទាត់ជំនាញ និងអាចបកស្រាយបទចម្រៀងជាភាសាអង់គ្លេសបានប្រមាណ ៤០បទឯណោះ។រឹតតែពិសេស ហាណា ថែមទាំងចេះលេងព្យាណូ ដែលជាឧបករណ៍តន្ត្រីបែបបច្ចិមប្រទេសដ៏ពេលនិយម។ តាមដែលដឹងមក គោលបំណងធំរបស់ម៉ូដែលតូចរូបនេះ គឺនាងចង់ក្លាយជាអ្នករបាំបុរាណ និងអ្នកច្មៃម៉ូដដ៏ល្បីម្នាក់។

 


 
ដើម្បីឈោងចាប់ក្តីស្រមៃដ៏ធំក្នុងជីវិត កុមារីវ័យ៧ឆ្នាំនេះបានព្យាយាមហ្វឹកហាត់ពង្រឹងសមត្ថភាពឱ្យកាន់តែពូកែ ហើយឆាប់ៗនេះលោកអ្នកនឹងបានឃើញ ម៉ូដែលវ័យក្មេង ហាណា បុស្បា ប្រកួតលើឆាកកម្មវិធី Mini Miss Cambodia 2024 ដើម្បីដណ្តើមមកុដជយលាភី ក្លាយជាបវរកញ្ញាតំណាងប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។

 


 
កុមារីចេះសិល្បៈពហុជំនាញរូបនេះ មិនសូវភ័យព្រួយចំពោះការប្រកួតនោះឡើយ ព្រោះនាងជឿជាក់លើសមត្ថភាពខ្លួនឯង គួបផ្សំការហ្វឹកហាត់យ៉ាងដិតដល់ នាងមានជំនឿចិត្តថា ខ្លួនឯនឹងធ្វើបានល្អក្នុងការប្រកួតបវរកញ្ញាវ័យក្មេង Mini Miss Cambodia 2024។ កុមារីវ័យ ៧ឆ្នាំនេះ សន្យាធ្វើឱ្យល្អបំផុត និងបញ្ចេញឱ្យអស់ពីសមត្ថភាពឱ្យទស្សនិកជនឃើញពីសក្កានុពលកុមារីកម្ពុជាយើង ដែលពូកែហើយក្លាហានមិនខ្លាចឆាកប្រកួតនោះឡើយ៕
 
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024