ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤

ប្រមុខអង្គការសហប្រជាជាតិព្រមានពីហានិភ័យធ្ងន់ធ្ងរនៃការកើនឡើងនូវការវាយប្រហារនៅលីបង់

១៩ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូញ៉ូ ហ្គូធឺរ៉េស កាលពីថ្ងៃពុធបានព្រមានអំពី  ហានិភ័យធ្ងន់ធ្ងរនៃការកើនឡើងនូវការវាយប្រហារនៅក្នុងប្រទេសលីបង់។

 

 

ការព្រមានរបស់លោក ហ្គូធឺរ៉េស នេះបានធ្វើឡើងក្រោយពេលមួយថ្ងៃបន្ទាប់ពីមានការផ្ទុះឧបករណ៍ទទួលសារផេកជឺ (pager) កាលពីថ្ងៃអង្គារ ដែលគិតមកដល់ពេលនេះបានស្លាប់មនុស្ស ១២ នាក់រួមទាំងឯករដ្ឋទូតអ៊ីរ៉ង់ម្នាក់ផងដែរ ហើយជិត ៣ ០០០ នាក់បានរងរបួស។

 

 

លោក ហ្គូធឺរ៉េស បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធដោយបានព្រមានថា ការផ្ទុះដែលកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហេសបូឡានៅប្រទេសលីបង់នេះបានបង្ហាញពីហានិភ័យធ្ងន់ធ្ងរនៃការកើនឡើងនូវការវាយប្រហារនៅប្រទេសនេះដូច្នេះហើយវាចាំបាច់ណាស់ត្រូវតែចាត់វិធានការគ្រប់យ៉ាងដើម្បីបញ្ចៀសការវាយប្រហារជាបន្តទៀត។

 

 

ការព្រមានរបស់លោក ហ្គូធឺរ៉េស នេះក៏បានកើតឡើងចំពេលមានការផ្ទុះមួយទៀតនៅក្នុងចំណោមហ្វូងមនុស្សដែលកំពុងដង្ហែសពនៅក្នុងទីក្រុងមួយនៅភាគខាងត្បូងនៃប្រទេសលីបង់ផងដែរ។ ការផ្ទុះនេះបានសម្លាប់មនុស្ស ២០ នាក់ ហើយជាង ៤៥០ នាក់ទៀតបានរងរបួស។ មកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីហេតុផលនៃការផ្ទុះនេះនៅឡើយទេ ហើយក៏មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយដែរ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024