ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤

សហប្រជាជាតិបោះឆ្នោតជំរុញឱ្យអ៊ីស្រាអែលអនុវត្តតាមការសម្រេចរបស់តុលាការ ICJ ឆ្នាំ២០០៤

១៩ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចចិត្តមួយកាលពីថ្ងៃពុធដោយជំរុញឱ្យប្រទេសអ៊ីស្រាអែលអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ឆ្នាំ២០០៤ចំពេលមានជម្លោះនៅតំបន់ហ្គាហ្សា។ មហាសន្និបាតសហប្រជាជាតិនេះត្រូវបានបើកប្រជុំនៅបុរីញូវយ៉កសហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធដោយបានអនុម័តសេចក្ដីសម្រេចចិត្តមួយដើម្បីជំរុញឱ្យប្រទេសអ៊ីស្រាអែលអនុវត្តតាមសេចក្ដីរបស់តុលាការ ICJ ឆ្នាំ២០០៤។

 

 

ការបោះឆ្នោតនេះបានទទួលការគាំទ្រពីប្រទេសចំនួន ១២៤ ហើយ១៤ប្រទេសទៀតបានបោះឆ្នោតប្រឆាំងរួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសអាហ្សង់ទីនផងដែរ ខណៈដែល៤៣ប្រទេសបានបោះឆ្នោតអនុប្បវាទ។ សេចក្ដីសម្រេចចិត្តនេះបានអំពាវនាវឱ្យមានការដកទ័ព និងអ្នកតាំងទីលំនៅរបស់អ៊ីស្រាអែលចេញពីទឹកដីប៉ាឡេស្ទីន និងបានទាមទារឱ្យដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះវត្តមានជាបន្តបន្ទាប់របស់អ៊ីស្រាអែល ហើយក៏បានទាមទារឱ្យបញ្ឈប់ការបញ្ជូនសព្វាវុធទៅឱ្យប្រទេសអ៊ីស្រាអែលផងដែរ។

 

 

លោក រីខាដូ ឡាហ្គុរីញ៉ូ (Ricardo Lagorio) តំណាងអចិន្ត្រៃយ៍របស់អាហ្សង់ទីនប្រចាំអង្គការសហប្រជាជាតិបានពន្យល់អំពីការជំទាស់របស់ខ្លួនថា សេចក្ដីសម្រេចចិត្តនេះបានលុបចោលការចាប់ផ្ដើមការវាយប្រហាររបស់ពួកហាម៉ាសនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលវាជាការពិតមិនអាចបំភ្លេចបានឡើយ។ ម្យ៉ាងទៀតសេចក្ដីសម្រេចចិត្តនេះនឹងធ្វើឱ្យមានហានិភ័យដល់គំនិតផ្តួចផ្តើមសម្រេចបានបទឈប់បាញ់ ដែលសាធារណរដ្ឋអាហ្សង់ទីនបានប្តេជ្ញាចិត្តគាំទ្រយ៉ាងម៉ឺងម៉ាត់៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024