ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
បវរកញ្ញា អ៊ិន លក្ខិណា មានកម្លាំងចិត្តខ្លាំងណាស់សម្រាប់តំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss Cosmo 2024 នៅវៀតណាម ក្រោយ ND និងអ្នកគាំទ្រទៅជូនដំណើរលើកទឹកចិត្តដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកមិញនេះ។
បវរកញ្ញាដែលល្បីថាដំណើរ Catwalk ស្អាត កញ្ញា អ៊ិន លក្ខិណា ត្រូវបានស្ថាប័នជ្រើសតាំងជា Miss Cosmo Cambodia 2024 ដើម្បីតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Miss Cosmo 2024 ដែលរៀបចំធ្វើឡើងនៅទឹកដីប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤។
ពេលវេលាដែលពុកម៉ែបងប្អូន អ្នកស្នេហាវិស័យបវរកញ្ញា និងអ្នកគាំទ្រ លក្ខិណា រង់ចាំជាយូរបានមកដល់ហើយ ដោយបវរកញ្ញារូបស្រស់នេះ បានចាកចេញពីព្រះរាជណាចក្រកម្ពុជាឆ្ពោះទៅទឹកដីប្រទេសវៀតណាម នាព្រឹកមិញនេះ ជាមួយការជូនដំណើរផ្ទាល់ពី អ្នកស្រី អ៊ឹម សុគន្ធា អ្នកគ្រប់គ្រងថ្នាក់ជាតិកម្មវិធី Miss Grand Cambodia និងអ្នកទិញសិទ្ធិបញ្ជូនបេក្ខភាពទៅប្រកួតកម្មវិធី Miss Cosmo ដំបូងគេបង្អស់ផងដែរ។
ស្ថិតនៅបរិវេនច្រកចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ បវរកញ្ញារាងខ្ពស់ស្រឡះ អ៊ិន លក្ខិណា បានបង្ហាញអារម្មណ៍រំភើបក្រៃលែង ពេលឃើញហ្វេនៗមកជូនដំណើរច្រើនកុះករ ជាពិសេសវត្តមាន អ្នកស្រី អ៊ឹម សុគន្ធា ដែលបានមកចូលរួមលើកទឹកចិត្តនាងដោយផ្ទាល់។
Miss Cosmo Cambodia 2024 បានរៀបរាប់ឱ្យដឹងពីការត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតប្រជែងលំដាប់អន្តរជាតិនេះ អ្វីដែលសំខាងគឺនាងត្រៀមសម្លៀកបំពាក់ប្រណីតៗជិត ១០០ឈុតដើម្បីប្រើប្រាស់ក្នុងការប្រកួតនេះ។ បវរកញ្ញាតំណាងកម្ពុជារូបនេះ ប្តេជ្ញាបញ្ចេញឱ្យអស់ពីសមត្ថភាពដើម្បីដណ្តើមភាពជោគជ័យជូនប្រទេសកម្ពុជាឱ្យបាន។
ដោយឡែក អ្នកស្រី អ៊ឹម សុគន្ធា អ្នកគ្រប់គ្រងថ្នាក់ជាតិកម្មវិធី Miss Grand Cambodia បង្ហាញការគាំទ្រចំពោះ លក្ខិណា យ៉ាងពេញទំហឹង និងបានផ្តាំផ្ញើរ លើកទឹកចិត្តនាងយ៉ាងកក់ក្តៅថែមទៀតផង។ មិនតែប៉ុណ្ណោះ NDរូបនេះបានបង្ហើបឱ្យដឹងថា ប្រសិនឆ្នាំនេះ លក្ខិណា ទទួលបានលទ្ធផលល្អត្រឡប់មកវិញ អ្នកស្រីអាចនឹងពិចារណារៀបចំការប្រកួតថ្នាក់ជាតិ Miss Cosmo Cambodia នៅឆ្នាំក្រោយផងដែរ។
សូមជម្រាបផងដែរថា នេះជាឆ្នាំដំបូងដែលកម្ពុជាយើងបញ្ជូនបេក្ខភាពទៅចូលរួមប្រកួតកម្មវិធី Miss Cosmo ហើយ កញ្ញា អ៊ិន លក្ខិណា ជាបវរកញ្ញាកម្ពុជាដំបូងគេបង្អស់ដែលបាននាំយកទង់កម្ពុជាទៅប្រកួតកម្មវិធីអន្តរជាតិដ៏ធំនេះ។ពេលនេះ លក្ខិណា កំពុងត្រូវការការជួយពីអ្នកទាំងអស់គ្នាសម្រាប់ការបោះឆ្នោតគាំទ្រឱ្យនាងបានឈ្នះពាន Cosmo People's Choice ដែលអ្នកឈ្នះពានរង្វាន់នេះ នឹងបានចូលទៅវគ្គ Top 10 ចុងក្រោយដោយស្វ័យប្រវត្តិតែម្តង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច