ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

 ម៉េង កែវពេជ្ជតា នាំកូនស្រីគ្រងឈុតអប្សរាអង្គរ ផលិតចម្រៀងលើកតម្កើងសិល្បៈវប្បធម៌ជាតិខ្មែរ

១១ កញ្ញា ២០២៤ | កម្សាន្ដ

 

 

 ម៉េង កែវពេជ្ជតា ត្រៀមទម្លាក់បទចម្រៀងថ្មីមួយបទទៀត ចំណងជើង «ចាប៉ីផ្អែម» ដែល ជាស្នាដៃចម្រៀងរៀបរាប់ពីភាពអស្ចារ្យនៃសិល្បៈវប្បធម៌ជាតិខ្មែរកំពុងទទួលការគាំទ្រពីទស្សនិកជន។គួរឱ្យភ្ញាក់ផ្អើលខ្លាំង ថ្មីៗនេះតារាចម្រៀង ម៉េង កែវពេជ្ជតា បានបើកដៃស្វាគមន៍សិល្បករស្រករក្រោយ ព្រីន មកបកស្រាយចម្រៀងរួមគ្នា ចំណងជើងថា «ពេលណាបងមករកអូន» ដែលស្នាដៃរួមគ្នាលើកដំបូងនេះផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លា និងមានអ្នកចុចចូលស្តាប់កម្សាន្តលើឆានែលយូធូបប្រមាណជាង ៣លានដងឯណោះ។

 

 

មិនបង្អង់យូរ តារាចម្រៀងជើងចាស់រូបនេះ បានសម្រិតសម្រាំងផលិតបទចម្រៀងថ្មីៗបន្តទៀត ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន។ ប៉ុន្តែ លើកនេះរៀងប្លែកបន្តិច ព្រោះ ពេជ្ជតា បែរជាចាប់អារម្មណ៍ផលិតបទចម្រៀងបែបបុរាណ ដែលជួយផ្សព្វផ្សាយពីភាពអស្ចារ្យនៃប្រាង្គប្រាសាទអង្គរវត្ត ជាសម្បត្តិដូនតាខ្មែរដ៏ថ្លាថ្លៃមិនអាចកាត់ថ្លៃបាន។

 

 

«ចាប៉ីផ្អែម» ជាចំណងជើងបទចម្រៀងថ្មីរបស់ ម៉េង កែវពេជ្ជតា និងកូនស្រី ម៉េង ពេជ្ជតាសង្វាពេជ្រ ហៅ អូនផ្អែម ដែលនាងជាអ្នកលេងចាប៉ីដងវែងដោយផ្ទាល់តែម្តង។ក្រៅពីការច្រៀងរាប់ពីភាពអច្ឆរិយៈនៃសម្បិត្តវប្បធម៌ និងកេរមរតកដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ តារាចម្រៀងជើងចាស់រូបនេះ បាននាំកូនស្រីបណ្តូលចិត្តគ្រងឈុតបុរាណ អប្សរាអង្គរ ពត់ពែនខ្លួនយ៉ាងល្វត់ល្វន់នៅបរិវេនប្រាសាទអង្គរវត្តបង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យក្រៃលែងសម្រាប់ពុកម៉ែបងប្អូនស្តាប់កម្សាន្ត និងបានទស្សនាពីភាពអស្ចារ្យនៃដែនដីកម្ពុជាអច្ឆរិយៈ។ 

 

 

រឹតតែវិសេសវិសាលជាងនេះទៀត ក្នុងបទ «ចាប៉ីផ្អែម» នេះ ក៏ស្តែងបង្ហាញពីគុណតម្លៃនៃឧបករណ៍តន្ត្រីបុរាណខ្មែរ ចាប៉ីដងវែង ឱ្យពិភពលោកកាន់តែបានស្គាល់ និងឱ្យប្រជាជាតិកម្ពុជាកាន់តែស្រលាញ់ហើយចេះថែរក្សាសម្បត្តិវប្បធម៌ខ្មែរយើង។

 

 

តាមរយៈខមមិនឆ្លើយឆ្លងជាមួយអ្នកគាំទ្រ រាជនីសម្លេងមាស ម៉េង កែវពេជ្ជតា បានឱ្យដឹងថា នេះជាលើកទី១ ដែលនាងនិងកូនស្រីបានគ្រងឈុតអប្សរាអង្គរលើទឹកដីអង្គរអច្ឆរិយៈ ខេត្តសៀមរាប។

 

 

ដំបូងនាងគិតថា ការស្លៀកឈុតបុរាណថតចម្រៀងអាចនឹងជួបផលលំបាកច្រើន តែប្រហែលដោយសារបុណ្យបារមីដូនតាខ្មែរជួយឱ្យការថតបទចម្រៀងនេះដំណើរការទៅយ៉ាងរលូន គ្មានបញ្ហាអ្វីសោះឡើយ។ ដូច្នេះ នាងសង្ឃឹមថា ស្នាដៃនេះនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិរហូតតទៅ។

 

 

ចម្រៀងពេញនៃបទ «ចាប៉ីផ្អែម» នឹងទម្លាក់ជូនប្រិយមិត្តស្តាប់កម្សាន្តនាពេលឆាប់ៗខាងមុខនេះ លើឆានែលយូធូប MKP Meng Keo Pichda ឬលោកអ្នកអាចតាមដានការ update ថ្មីៗលើទំព័រហ្វេសប៊ុក Meng Keo Pichenda - ពេជ្ជតា៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ និងហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024