ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
ប្រវត្តិស្នេហ៍នាងនាថ » វគ្គ ២ ដែលមានចំណងជើងថាមានឈ្មោះថា « ជើងមេឃពណ៌ស្វាយ » បានមកដល់តាមការសំណូមពរទស្សនិកជនហើយ ប៉ុន្តែនៅពីក្រោយការផលិតវគ្គ ២ នេះគឺជួបនូវការលំបាកជាច្រើនដែលគ្រប់គ្នានឹកស្មានមិនដល់ ។
ទាំងអ្នកដឹកនាំអ្នកគ្រប់គ្រង និងសិល្បករសិល្បការិនីសុទ្ធតែបានបង្ហាញពីផលលំបាកក្នុងការថតរឿង « ប្រវត្តិស្នេហ៍នាងនាថ » វគ្គ ២ ដែលមានឈ្មោះថា « ជើងមេឃពណ៌ស្វាយ ដោយសារតែវគ្គផលិតឡើងយ៉ាងសម្រិតសម្រាំង និងមានបញ្ចូលនូវសិល្បករថ្មីៗជាច្រើនរូបចូលរួមសម្តែង ក្នុងនោះមានទាំងឈុតឆាកកំសត់ កំប្លែង និង ឈុតឆាកវាយប្រហារជាដើម... ។
« ប្រវត្តិស្នេហ៍នាងនាថ » វគ្គ ១ បានបញ្ចប់ទៅយ៉ាងរលូន និងមានអ្នកចូលរួមទស្សនា និងគាំទ្រស្នាដៃនេះយ៉ាងច្រើនកុះករ ។ ដោយឡែកនៅក្នុងថ្ងៃសម្ពោធរឿង « ប្រវត្តិស្នេហ៍នាងនាថ » វគ្គ ២ កាលពីថ្ងៃទី ១៥ ខែ កញ្ញា កន្លងមកនេះក៏មិនធម្មតាដែរ មានសិល្បករសិល្បការិនីជាច្រើនបានចូលរួមអបអរសាទរ ម្នាក់ៗបានលាន់មាត់សរសើរគ្រប់ៗគ្នាថា «ប្រវត្តិស្នេហ៍នាងនាថ » វគ្គ ២ ដែលមានឈ្មោះថា « ជើងមេឃពណ៌ស្វាយ » ពិតជាអស្ចារ្យជាងវគ្គ ១ ដោយសារក្នុងវគ្គនេះមានឈុតឆាតជាច្រើនដែលយើងគ្រប់គ្នានឹកស្មានមិនដល់ ។
លោក លៀក លីដា ចាងហ្វាង ផលិតកម្ម LD បានឱ្យដឹងផងដែរថា ចំពោះរឿង « ប្រវត្តិស្នេហ៍នាងនាថ » វគ្គ២ នេះ ជាវគ្គពិសេស និងមានប្លង់គួរឱ្យចាប់អារម្មណ៍ជាច្រើនទាំងកំសត់ កំប្លែង និង ឈុតឆាកវាយប្រហារ ។« ប្រវត្តិស្នេហ៍នាងនាថ » វគ្គ ២ ក៏បានបញ្ចូលនូវតួអង្គថ្មីៗជាច្រើនផ្សេងទៀតដើម្បីធ្វើឱ្យសាច់រឿងកាន់តែអស្ចារ្យ ដួចជាលោក ភុល សុវណ្ណដានីន និង ពូឃ្លាំង ជាដើម...។
ប៉ុន្តែនៅពីក្រោយនៃការថតឈុតឆាកទាំងអស់នោះ គឺក្រុមការងារបានជួបនូវការលំបាកជាច្រើន ជាក់ស្តែងលោក ភុល សុវណ្ណដានីន , ពូ ឃ្លាំង និង កញ្ញា មាលា ដែលជាតួឯកស្រី ម្នាក់ៗបាននិយាយថា « ប្រវត្តិស្នេហ៍នាងនាថ »វគ្គ ២ ពិតជាជួបនូវការលំបាកច្រើន មុននឹងសម្រេចបានសាច់រឿងដ៏ល្អមួយនេះជូនទស្សនិកជនទស្សនា ។
ដោយឡែកកញ្ញា មាលា ដែលជាតួឯកស្រីនៅក្នុងរឿងនេះបានឱ្យដឹងផងដែរថាសម្រាប់ការថតរឿង « ប្រវត្តិស្នេហ៍នាងនាថ » វគ្គ ២ ពិតជាលំបាកជាងវគ្គ ១ ដោយសារតែវគ្គនេះគឺមានឈុតឆាកគ្រោះថ្នាក់ និង ឈុតលំបាកជាច្រើនដែលនាងមិនធ្លាប់បានជួបប្រទះ នាងសង្ឃឹមថា « ប្រវត្តិស្នេហ៍នាងនាថ »វគ្គ ២ នឹងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជននៅពេលដាក់បញ្ចាំង ។
« ប្រវត្តិស្នេហ៍នាងនាថ »វគ្គ ២ នឹងចាប់ផ្តើមដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១៩ ខែ កញ្ញា នាប៉ុន្មានថ្ងៃខាងមុខនេះនៅគ្រប់រោងភាពយន្តទាំងខេត្តក្រុង ។ ទាំងសិល្បករទាំងអ្នកដឹកនាំរំពឹងថា ភាពយន្តថ្មីនេះនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនច្រើនជាងវគ្គដំបូង ។ លោក លៀក លីដា បានបញ្ជាក់បន្ថែមថា នៅពេលដែលរឿង« ប្រវត្តិស្នេហ៍នាងនាថ » ទាំង ៣ វគ្គ បញ្ចាំងចប់ លោកនឹងយកភាពយន្តនេះទៅដាក់បញ្ចាំងនៅក្រៅប្រទេស ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ សែត ប៊ុនថាន់