ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
ពិព័រណ៌សិល្បៈទោលលើកដំបូងរបស់សិល្បករ ចូវ ធានលី ឆ្លុះបង្ហាញពីទំនាក់ទំនងសន្តិភាព ធម្មជាតិ និងប្រាសាទបុរាណ កំពុងបើកស្វាគមន៍មហាជនឱ្យចូលទស្សនាដោយស៊េរី ។«ប្ញសគល់ (ប្រភពដើម)» ជាពិព័រណ៌សិល្បៈទោលលើកដំបូងរបស់សិល្បករ ចូវ ធានលី តាមរយៈស្នាដៃគំនូរបង្គុំ និងវីដេអូទោលគ្មានសម្លេងដែលសិល្បករធ្វើការសម្តែងដោយខ្លួនឯងជាលើកទីមួយ។ ស្នាដៃពិព័រណ៌នេះលើកឡើងពីការលូតលាស់នៃគំនិត ការផ្លាស់ប្តូរនៃជីវិត ឥទ្ធិពលសង្គម ដំណើរនៃបទពិសោធន៍ក្នុងការព្យាបាលផ្លូវចិត្តតាមរយៈវប្បធម៌ ថាមពលនៃការប្រត្តិបត្តិជំនឿជាមួយនឹងការផ្សាំងខ្លួនជាមួយធម្មជាតិ ទឹក ដី ព្រៃឈើជាដើម។
ពេលនេះ ពិព័រណ៌សិល្បៈទោល «ប្ញសគល់ (ប្រភពដើម)» កំពុងតាំងបង្ហាញឱ្យមហាជនចូលរួមទស្សនាដោយស៊េរី នៅទីស្នាក់ការស្នាររដ្ឋបាលសិល្បៈ ស្ថិតនៅផ្ទះលេខ១៦ ផ្លូវបេតុងវត្តនិរោធ (បុរីសម្បត្តិមានហេង៣) ភូមិតាងៅកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៧ ខែមីនា ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥។នៅក្នុងពិព័រណ៌ «ប្ញសគល់ (ប្រភពដើម)» នាំមកនូវទិដ្ឋភាពថ្មី បទពិសោធន៍ថ្មី និងគំនិតថ្មី ដើម្បីឱ្យទស្សនិកជនក្រឡេកមើលសារជាថ្មី និងស្វែងយល់បន្ថែមពីទំនាក់ទំនងជិតស្និតរវាងប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរបុរាណ ថាមពលនៃការប្រត្តិបត្តិជំនឿ ការផ្លាស់ប្តូរជីវិត ឥទ្ធិពលសង្គម និងការសម្របខ្លួនទៅនឹងបរិស្ថានដែលស្ថិតនៅជុំវិញខ្លន ដែលជានិមិត្តរូបនៃថាមពលធម្មជាតិ និងជាឬសកែវនៃជីវិត។
មួយរយៈកន្លងទៅ សិល្បករ ចូវ ធានលី បានព្យាយាមស្វែងរកខ្លួនឯង ដោយបានផ្លាស់ប្តូរទីលំនៅដ្ឋានពីមួយកន្លែងទៅមួយកន្លែងទៀតជាច្រើនដង រហូតពេលខ្លះគាត់ស្រពិចស្រពិល ភាពមិនច្បាស់លាស់ ឬនាំដល់ការវង្វេង។ ធានលី បានប្រើចំណេះដឹង សមត្ថភាពដោយពឹងលើវិទ្យាសាស្រ្តអស់ពីលទ្ធភាព តែនៅមិនអាចដោះស្រួលបញ្ហាប្រឈមដែលខ្លួនចង់បាន ហើយធ្វើឱ្យសិល្បករូបនេះជាប់គាំងមិនអាចទៅមុខរួច។ក្រោយពីបានរៀនសូត្រអំពីគ្រួសារ អ្នកចាស់ទុំបុរាណជាច្រើនស្តីពីវប្បធម៌ជំនឿ ពួកគាត់បានប្រត្តិបត្តិជំនឿ និងសាសនាតាមកិច្ចពិធីផ្សេងៗ ពួកគាត់ហាក់បីដូចជាទទួលយកនូវបញ្ហាជីវិតបាននាំមកនូសុភមង្គល និងទទួលយកថាមពលបរិសុទ្ធពោរពេញដោយភាពស្ងប់សុខជូនដល់ក្រុមគ្រួសារ សហគមន៍របស់ពួកគាត់។
ធានលី បានផ្សារភ្ជាបខ្លួនជាមួយទំនៀមទម្លាប់ ទស្សនៈ និងប្រព័ន្ធជំនឿដើម (ជំនឿជីវចល) គាត់បានគោរពប្រត្តិបត្តិជំនឿនេះ តាមចាស់បុរាណដែលជាទីអាស្រ័យនៃភាពស្ងប់ស្ងាត់បានចាប់ផ្តើមឡើងធ្វើឱ្យភាពស្មុគស្មាញរសាយទៅ។ ក្នុងនោះ សិល្បកររូបនេះ ក៏ទទួលបានចម្លើយជាច្រើនដែលធ្លាប់មាន និងបានប្តូរមករស់នៅក្នុងខេត្តសៀមរាប និងកាន់តែជិតស្និទ្ធជាមួយធម្មជាតិ ភាពស្ងប់ស្ងាត់នៅតាមព្រៃឈើតំបន់អង្គរ និងប្រាសាទដែលជាទីសក្ការៈ បានជួយព្យាបាលផ្លូវចិត្តផ្លល់នូវថាមពលដ៏អស្ចារ្យជូនគាត់ ជាពិសេសឥទ្ធិពលនៃជំនឿបានផ្តល់ជីវិតថ្មីដល់សិល្បកររូបនេះ។ផ្ទាំងគំនូរលើក្រណាត់ចំនួន ៥ ផ្ទាំងរបស់សិល្បករ ចូវ ធានលី ដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាលទី១ បង្ហាញបីការអង្កេតទៅលើធម្មជាតិ ការចំំណាយពេលដ៏ច្រើនជាមួយដើមឈើ ព្រៃព្រឹក្សា និងកាអង្គេតមើលផ្ទៃទឹកថ្លាឈ្វេងល្វឹងល្វើយធ្វើឱ្យសិល្បកររូបនេះអាចភ្ជាប់ទំនាក់ទំនងរបស់គាត់ទៅនឹងជម្រៅចិត្តខ្លួនឯង។
ទាំងនេះអាចជាការផ្សារភ្ជាប់ទំនាក់ទំនងខាងចិត្តវិញ្ញាណទៅនឹងទីឋានស័ក្កសិទ្ធ ពេលគាត់ទៅដល់ក្លោងទ្វារនៃប្រាង្គប្រាសាទនីមួយៗ ហាក់បីដូចជាឈានដល់ភពមួយដែលផ្តល់នូវពន្លឺថ្មីធ្វើឱ្យគាត់ភ្លេចនូវបញ្ហា និងភាពស្មុគស្មាញទាំងឡាយទាំងពួង។គំនូរក្លោងទ្វារចំនួន ៣ មើលពីខាងក្នុងទៅខាងក្រៅឃើញពន្លឺនៃសេចក្តីស្ងប់បើមើលពីខាងក្រៅចូលទៅក្នុងវិញក៏បង្ហាញពន្លឺនៃភាពបរិសុទ្ធ។
គំនូរទេសភាពផ្ទៃទឹកថ្លាឈ្វេងអមដោយស្រមោលរុក្ខជាតិជាច្រើន និងទេសភាពព្រៃឈើដ៏ធំត្រឈឹងស្ថិតក្នុងតំបន់អង្គរបានភ្ជាប់ទំនាក់ទំនងជាវិជ្ជមានដល់គាត់ហើយទេសភាពទាំងនេះស្ថិតក្នុងដួងចិត្តគាត់ជានិច្ច ក៏ដូចជាស្ថិតក្នុងដួងចិត្តប្រជាពលរដ្ឋទូទៅដែរ។ឥឡូវលោកអ្នកអាចអញ្ញើញចូលទស្សនាលើស្នាដៃវីដេអូទោលគ្មានសម្លេងបង្ហាញក្នុងអេក្រង់ទូរទស្សន៍ដាក់បញ្ឈរអមជាមួយថ្មមួយដុំបិទសន្លឹកមាសបានពាក់កណ្តាល និងគំនូរលើក្រណាត់ចំនួន ១ផ្ទាំងទៀតបង្ហាញនៅក្នុងវិចិត្រសាលទី២។
នេះជាលើកដំបូងហើយដែលសិល្បករ ចូវ ធានលី ធ្វើការសម្តែងដោយខ្លួនឯងមានការស្មឹងស្មាត ការធ្វើសម្មាធិស្វែងរកអារម្មណ៍ស្ងប់ បិទសន្លឹកមាសលើដុំថ្មនៅតំបន់អង្គរ។ ម្ចាស់ស្នាដៃពិរព័រណ៌ «ប្ញសគល់ (ប្រភពដើម)» បានអង្គេតមើលរូបចម្លាក់បដិមាករសង់ពីថ្មនានាខ្លះបាក់បែកជាបំណែក បាត់រូបរាងដើម តែសម្រាប់គាត់បំណែកថ្មទាំងនេះនៅតែផ្ទុកនូវព្រលឹងបរិសុទ្ធនៃបុព្វបុរស ថ្មនេះបានភ្ជាប់ព្រលឹង ដួងចិត្ត និងក្តីសង្ឃឹមដល់គាត់ ដោយគាត់បានហៅថ្មនេះថា «ថ្មនៃដួងព្រលឹង»៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ