ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥

សមាគមទូរទស្សន៍ រៀបចំថតចម្រៀងត្រៀម អបអរបុណ្យចូលឆ្នាំថ្មី ! 

០៣ មេសា ២០២៥ | កម្សាន្ដ

 

សមាគមទូរទស្សន៍កម្ពុជា បានថតកម្មវិធីចម្រៀងដើម្បីអបអរសាទរឆ្នាំថ្មី ដោយបានអញ្ជើញសិល្បករ សិល្បការិនីជាច្រើនចូលរួមច្រៀងរាំកម្សាន្តមានទាំងបទចម្រៀង រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងកន្រ្តឹមជាដើម ។

 

 

ថ្វីដ្បិតតែការជួបជុំគ្នាថតអបអរសាទរឆ្នាំថ្មីឆ្នាំនេះមានសិល្បករសិល្បការិនីតិចតួចចូលរួមថតជាងរាល់ដង ប៉ុន្តែសិល្បករទាំងអស់ម្នាក់ៗបានសម្តែងនូវការរីករាយគ្រប់ៗគ្នាដែលមានឱកាសបានជួបគ្នា និងសម្តែងជូនមហាជនទស្សនាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ 

 


 ស្ថិតក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ សិល្បករសិល្បការិនីដែលមានវត្តមាននៅក្នុងការថតកម្មវិធីកាលពីម្សិលមិញនេះ ម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នាជាមួយឈុតសម្លៀកបំពាក់ច្នៃយ៉ាងប្រណិតពី ហួលផាមួង សំពត់បត់ អាវប៉ាក់ ដែលបង្ហាញពីអត្ថសញាណជាតិ  ។ 

 

 

តារាចម្រៀងដែលបានចូលរួមនៅក្នុងការថតពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ រូមមាន លោក យ៉ែម សំអូន , ឈឿន ឧត្តម , ហេង ប៊ុនលាភ , ជុំ លីណូ អ្នកនាង ម៉េង កែវពេជ្ជតា , លោកស្រី ហ៊ឹម ស៊ីវ៉ន , ឆោម និមល  , អឿន ស្រីមុំ និងតារាចម្រៀងនិងសម្តែងវ័យក្មេងៗជាច្រើនទៀត ។ 

 

 

ទោះបីជាឆ្នាំនេះមើលទៅការថតកម្មវិធីថតសម្រាប់ចូលឆ្នាំថ្មីប្រពៃណីខ្មែរ មើលទៅរាងស្ងប់ស្ងាត់ មិនសូវមានសិល្បករល្បីៗចូលរួមច្រើនដូចរាល់ដង ប៉ុន្តែសិល្បករដែលមានវត្តមាននាពេលនោះ ម្នាក់ៗបានសម្តែងនូវការរីករាយដែលបានចូលរួមដោយស្ម័គ្រចិត្ត ។ 

 

 

គួរបញ្ជាក់ផងដែរថាសមាគមទូរទស្សន៍កម្ពុជាឆ្នាំនេះមិនសូវរៀបចំកម្មវិធំដូចរាល់ដង ដោយសារឆ្នាំនេះមានប្រារព្ធពិធីសង្រ្កាន្តចូលឆ្នាំថ្មីធំនៅទឹកដីខេត្ត សៀមរាប ដែលប្រជុំទៅដោយសិល្បករសិល្បការិនីល្បីៗថ្មីចាស់ជាច្រើន ដោយម្នាក់ៗបានត្រៀមខ្លួនរួចជាស្រេចសម្រាបសង្រ្កាន្តឆ្នាំថ្មី នៅទីនោះដែលមានរយៈពេល៣ថ្ងៃជាប់ៗគ្នា ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025