ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៤នេះ មុននឹងបើកដំណើរការជាផ្លូវការនៅចុងឆមាសទី១ ឆ្នាំ ២០២៥ខាងមុខ ។ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់ដល់ក្រុមការងារសេដ្ឋកិច្ចភីអិនអិនថា បើសិនជាគ្មានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៤នេះ មុននឹងបើកដំណើរការជាផ្លូវការនៅឆមាសទី១ ឆ្នាំ ២០២៥ខាងមុខ ។
ឯកឧត្តមរដ្ឋលេខាធិការ បានពន្យល់ថា ក្រោយការសាងសង់ ត្រូវបានបញ្ចប់នៅចុងឆ្នាំ ២០២៤នេះ គឺឈានដល់ដំណាក់កាលធ្វើតេស្តឧបករណ៍ជាច្រើនប្រភេទទៅតាមលក្ខខណ្ឌបច្ចេកទេស នៅក្នុងអាកាសយានដ្ឋានថ្មីនេះ ដើម្បីឱ្យធានាបាននូវ សុវត្ថិភាពនិងសន្តិសុខ និងទទួលបាននូវ វិញ្ញាបនប័ត្រប្រើប្រាស់ឧបករណ៍ទាំងអស់នោះ។ទន្ទឹមគ្នានេះ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា ក៏បានរំលេចឡើងនូវ សក្តានុពលធំៗចំនួន ៣របស់ អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។
ស្របគ្នានេះ កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៤កន្លងទៅថ្មីៗនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ បានចាប់ផ្តើមការហោះហើរសាកល្បង ឬ Flight Inspection ដោយមានឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញជាអធិបតីភាព និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC) និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់។
ការហោះហើរសម្រាប់ Flight Inspection ឬការហោះហើរសាកល្បងនេះ គឺជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស និងឧបករណ៍ចាំបាច់មួយចំនួនដែលបានបំពាក់រួច មានដូចជា ប្រព័ន្ធបញ្ជាចរាចរណ៍ដែនអាកាស ប្រព័ន្ធឧបករណ៍ចុះចត ឧបករណ៍នាំផ្លូវអាកាស ប្រព័ន្ធរ៉ាដា និងប្រព័ន្ធវិទ្យុទាក់ទងជាដើម ដើម្បីធានាថាឧបករណ៍ទាំងអស់នេះ ដំណើរការប្រកបដោយសុវត្ថិភាព ក្នុងការត្រៀមលក្ខណៈសម្រាប់ការហោះហើរជាផ្លូវការ នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ។គិតត្រឹមចុងខែសីហា ឆ្នាំ ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចវឌ្ឍនភាពបានប្រមាណជាង ៨០%ហើយ ដែលបានចំណាយទឹកប្រាក់សរុប ១ពាន់ ២រយលានដុល្លារអាមេរិក។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ការទទួលអ្នកដំណើររបស់ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា ក្នុងរយៈពេល ៧ខែដើមឆ្នាំ ២០២៤នេះ គឺមានការកើនឡើងដូចៗគ្នា ក្នុងនោះ អាកាសយានដ្ឋានភ្នំពេញ ទទួលបានអ្នកដំណើរជាង ៩៨ម៉ឺននាក់ កើនឡើង ២៤% អាកាសយានដ្ឋានសៀមរាប ទទួលបាន ៣៥ម៉ឺននាក់ កើនឡើង ៣៣% និងអាកាសយានដ្ឋានព្រះសីហនុ ទទួលបានជិត ១ម៉ឺននាក់ កើនឡើង ៣%។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ ដោយកំពុងសាងសង់លើផ្ទៃដីទំហំ ២៦០០ហិកតា ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋានធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានលំដាប់ 4F និងអនុញ្ញាតឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោក ដូចជា យន្តហោះប៊ូអ៊ីង 747-800 និងប្រភេទ Airbus A380-800 ចុះចតបាន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ (Techno airport)