ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
តារាសម្ដែងស្រីជួរមុខពីររូបរបស់ហូលីវូដគឺ Angelina Jolie និង Salma Hayek បានបង្ហាញខ្លួនរួមគ្នាក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិតូរ៉ុនតូ ប្រទេសកាណាដា។
តារាសម្ដែង Angelina Jolie និង Salma Hayek (សេលម៉ា ហាយេក) បានធ្វើឱ្យអ្នកគាំទ្រភាពយន្តជ្រួលច្របល់ ខណៈអ្នកទាំងពីរបានចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិតូរ៉ុនតូ កាលពីថ្ងៃទី៨ ខែកញ្ញា ដើម្បីសម្ពោធភាពយន្ត “Without Blood”។
"Without Blood" គឺជាភាពយន្តទី ៥ របស់ Angelina Jolie ក្នុងតួនាទីជាអ្នកដឹកនាំរឿង ដោយមានតារាស្រី Salma Hayek ដែលជាមិត្តជិតស្និទ្ធសម្ដែងជាតួឯក។
គួរបញ្ជាក់ថាតារាស្រីទាំងពីររូបចាប់ផ្ដើមស្និទ្ធស្នាលនឹងគ្នានៅពេលដែលពួកគេបានសម្ដែងក្នុងខ្សែភាពយន្ត “Eternals” របស់ Marvel Studios។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន តារាសម្ដែង Salma Hayek បាននិយាយថាឆ្នាំនេះគឺជាឆ្នាំអស្ចារ្យសម្រាប់ Angelina Jolie ខណៈដែលកាលពីខែមុន នាងបានបង្ហាញស្នាដៃសម្ដែងថ្មីក្នុងរឿង “Maria” នៅមហោស្រពភាពយន្តក្រុង Venice ប្រទេសអ៊ីតាលី។
គួរបញ្ជាក់ថា ភាពយន្ត “Without Blood” គឺជាស្នាដៃនិពន្ធ ដឹកនាំ និងផលិតដោយ Angelina Jolie ផ្ទាល់ ដោយមានសាច់រឿងនិយាយពីដំណើរស្វែងរកការសងសឹក និងព្យាបាលផ្លូវចិត្តរបស់ក្មេងស្រីម្នាក់ក្នុងអំឡុងសង្គ្រាម។ បន្ទាប់ពីសម្ពោធបញ្ចាំងនៅមហស្រពភាពយន្តតូរ៉ុនតូ ភាពយន្តនេះនឹងត្រូវចែកចាយទូទាំងពិភពលោកតាមរយៈក្រុមហ៊ុន Fremantle (ហ្វ្រីមេនថល) ប៉ុន្តែកាលបរិច្ឆេទចេញបញ្ចាំងជាក់លាក់មិនទាន់មានការបញ្ជាក់នៅឡើយទេ ៕
ប្រែសម្រួល៖ វ៉ាន់ថន