ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

វ័យ ៣២ឆ្នាំ Selena Gomez ក្លាយជាមហាសេដ្ឋីមានទ្រព្យពាន់លានដុល្លារ

០៩ កញ្ញា ២០២៤ | កម្សាន្ដ

 

តារាស្រីចម្រៀងនិងសម្ដែងស្រីល្បីអាមេរិក Selena Gomez បានក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិពាន់លានដុល្លារទាំងវ័យក្មេង ក្រោយជោគជ័យខ្លាំងក្នុងជំនួញគ្រឿងសម្អាង។

 


តារាសម្តែង ចម្រៀង និងជាសហគ្រិនវ័យ ៣២ ឆ្នាំ Selena Gomez ទើបតែសម្រេចបានជោគជ័យដ៏ធំផ្នែកហិរញ្ញវត្ថុ ធ្វើឱ្យនាងក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតមួយរូបនៅសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Bloomberg ទ្រព្យសម្បត្តិរបស់នាងត្រូវបានគេវាយតម្លៃថាមានប្រមាណ ១,៣ ពាន់លានដុល្លារ។

 


បើទោះបីទ្រព្យសម្បត្តិមួយចំនួនរបស់ម្ចាស់បទ “Same Old Love” បានមកពីការច្រៀង ការធ្វើ BA ឱ្យម៉ាកល្បីៗ និងការសម្តែងក៏ពិតមែន ប៉ុន្តែផ្អែកតាមប្រភពព័ត៌មានដដែល ទ្រព្យសម្បត្តិភាគច្រើនរបស់នាង គឺបានមកពីភាគហ៊ុនរបស់នាងក្នុងក្រុមហ៊ុនគ្រឿងសម្អាង Rare Beauty ដែលនាងបានបង្កើតផ្ទាល់កាលពី៥ឆ្នាំមុន។ បច្ចុប្បន្នក្រុមហ៊ុននេះមានតម្លៃសរុបប្រមាណ ២ ពាន់លានដុល្លារ។

 


គួរបញ្ជាក់ថា Selena Gomez គឺជាបុគ្គលល្បីដែលមានអ្នកតាមដានច្រើនបំផុតលំដាប់ទី៣ លើ Instagram ពោលគឺប្រមាណ ៤២៤ លាននាក់ ធ្វើឱ្យនាងអាចទទួលបានតម្លៃខ្លួនខ្ពស់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មម្ដងៗ។ ជាក់ស្ដែងនាងធ្លាប់បានចុះកិច្ចសន្យាផ្សព្វផ្សាយតម្លៃ ៣០ លានដុល្លារជាមួយក្រុមហ៊ុន Puma និងកិច្ចសន្យាតម្លៃ ១០ លានដុល្លារពីក្រុមហ៊ុន Coach។

 


ប្រាក់ចំណូលមួយចំណែកតូចទៀតគឺមកពីការសម្ដែងរឿងភាគទូរទស្សន៍ "Only Murders in the Building" ដែលបច្ចុប្បន្នបានបន្តដល់រដូវកាលទី ៥ ហើយ ខណៈដែលនាងអាចរកបាន ៦ លានដុល្លារក្នុងមួយរដូវកាល ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024