ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤
តារាសម្ដែងល្បីកូរ៉េ Hyun Bin និង Lee Dong-Wook បានទាក់ទាញអ្នកគាំទ្រកកកុញខណៈចូលរួមកម្មវិធីសម្ពោធបញ្ចាំងភាពយន្តថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុង Toronto ប្រទេសកាណាដា។
អ្នកគាំទ្រភាពយន្តជាច្រើននាក់បានរង់ចាំអស់ជាច្រើនម៉ោងនៅខាងក្រៅរោងភាពយន្ត សម្រាប់ការសម្ពោធបញ្ចាំងភាពយន្តកូរ៉េ "Harbin" នៅទីក្រុង Toronto ប្រទេសកាណាដា កាលពីថ្ងៃអាទិត្យ ដោយសង្ឃឹមថានឹងបានជួបតារាសម្ដែង Lee Dong-Wook (លី ដុងវុក) និង Hyun Bin (យុន ប៊ីន) ដែលទើបតែចាប់ដៃគូសម្ដែងរួមគ្នាលើកដំបូងក្នុងរឿងថ្មីនេះ។
តារាសម្ដែង Lee Don-Wook ដែលល្បីល្បាញខ្លាំងតាមរយៈភាពយន្តភាគ “My Girl” បាននិយាយថា នេះជាលើកទីមួយរបស់លោកដែលបានចូលរួម និងមានភាពយន្តបញ្ចាំងក្នុងកម្មវិធីនេះ ហើយលោកពិតជាអរគុណ និងរីករាយណាស់ដែលបានជួបអ្នកគាំទ្រនេះទីនេះ។ សម្រាប់តារាសម្ដែង Hyun Bin ដែលល្បីល្បាញសម្រាប់ការសម្ដែងភាពយន្តភាគ “Crash Landing on You” នេះក៏ជាលើកដំបូងដូចគ្នា។
គួរបញ្ជាក់ថា "Harbin" គឺជាភាពយន្តបែបប្រវត្តិសាស្ត្រនិយាយអំពីការតស៊ូរបស់កងទ័ពតូច ប៉ុន្តែក្លាហាន ដែលបានប្រយុទ្ធដើម្បីរំដោះប្រទេសកូរ៉េពីការគ្រប់គ្រងគាបសង្កត់របស់ជប៉ុននៅដើមសតវត្សទី ២០ ។
ការប្រយុទ្ធតស៊ូនេះបាននាំឱ្យពួកគេទៅដល់ទីក្រុង Harbin ភាគឦសាននៃប្រទេសចិន ដើម្បីអនុវត្តផែនការធ្វើឃាតនាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសជប៉ុន។
ភាពយន្តនេះដែរជាស្នាដៃដឹកនាំដោយ លោក Woo Min-ho ដែលត្រូវបានស្គាល់ថាជាអ្នកដឹកនាំរឿង "The Man Standing Next" ជាភាពយន្តតំណាងកូរ៉េខាងត្បូងចូលរួមប្រកួតកម្មវិធីអូស្កាឆ្នាំ ២០២១ ៕
ប្រែសម្រួល៖ វ៉ាន់ថន