ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
បេក្ខភាពផ្លូវការ ១១នាក់ Miss Queen Phnom Penh 2025 កំពុងពង្រឹងសមត្ថភាព និងបានប្ដេជ្ញាចិត្តនឹងព្យាយាមដណ្ដើមមកុដរៀងៗខ្លួន ខណៈផ្ដាច់ព្រ័ត្រនឹងចូលមកដល់ឆាប់ៗ។
ចំណាយពេលក្នុងការប្រកួតជាច្រើនសប្តាហ៍រួចមក ការប្រកួត Miss Queen Phnom Penh 2025 ឈានដល់វិញ្ញាសាររឹតតែសំខាន់ មុនរាត្រីផ្តាច់ព្រ័ត្រត្រូវប្រារព្ធឡើងនាចុងខែកញ្ញា ឆ្នាំ២០២៤ នេះ។
លោក មឿកដេត ដេវ៉ីត អ្នកគ្រប់គ្រងថា្នក់ខេត្ត Miss Queen Phnom Penh 2025 បានឱ្យដឹងថា បច្ចុប្បន្នបេក្ខភាពផ្លូវការ មានចំនួន ១១នាក់ ដោយពួកគេត្រៀមជាស្រេចសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនឹងឈានមកដល់នាពេលឆាប់ៗនេះ។
ដើម្បីពង្រឹងសមត្ថភាពបេក្ខភាពឱ្យមានការប្រកួតប្រជែងខ្ពស់វិញ្ញាសារសំខាន់ៗមានដូចជា ការប្រកួតឈុតប្រពៃណីខ្មែរ , ការប្រកួតឈុតហែលទឹក និងការប្រកួតឈុតរាត្រីស្រមោលសរ ដែលទស្សនិកជនអាចចូលរួមបោះឆ្នោតជូនបេក្ខភាពដែលលោកអ្នកពេញចិត្តបានដោយស៊េរី។
អ្នកគ្រប់គ្រងថា្នក់ខេត្តរូបនេះ បញ្ជាក់ឱ្យដឹងទៀតថា មែនទែនទៅ ការប្រកួតបវរកញ្ញាផ្សេងៗ រួមទាំងការប្រកួតថ្នាក់ជាតិ Miss Queen Cambodia ក៏មានដាក់បញ្ចូលវិញ្ញាសារទាំង ៣ ខាងលើនេះផងដែរ ទើបលោកចង់ឱ្យបេក្ខភាពទាំងអស់ទទួលបានបទពិសោធន៍ ដើម្បីភាពងាយស្រួលដល់ការប្រកួតថ្នាក់ជាតិ។
សំខាន់ជាងនេះទៀតនោះ គឺលោកចង់ឱ្យបវរកញ្ញាភេទទី៣កម្ពុជា បានសាកល្បងសកម្មភាពផ្សេងៗដូចដែលបុរសស្រ្តីបានធ្វើ ឱ្យត្រូវទៅនឹងទស្សនៈវិស័យរបស់កម្មវិធីបវរកញ្ញាភេទទី៣កម្ពុជាតែម្តង ដែលចង់ចូលរួមលើកតម្កើងភេទី៣ក្នុងសង្គមកម្ពុជា។
បន្ថែមពីលើនោះ បេក្ខភាពផ្លូវការទាំង ១១រូប ក៏ចូលរួមចែករំលែកក្តីស្រលាញ់តាមរយៈការធ្វើសកម្មភាពសប្បុរសធម៌ផ្សេងៗតាមលទ្ធភាពដែលអាចធ្វើបានផងដែរ។ អ្នករៀបចំខាងលើ សង្ឃឹមថានឹងអាចជ្រើសរើសបានម្ចាស់ជយលាភីដ៏ស័ក្កសមម្នាក់ ដើម្បីតំណាងរាជធានីភ្នំពេញចូលរួមការប្រកួតថ្នាក់ជាតិ នាចុងខែកញ្ញាខាងមុខនេះ៕
*
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច