ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
មានវ័យទើបតែ១០ឆ្នាំប៉ុណ្ណោះតែ កុមារី ថៃ ដារ៉ូត បានឈ្នះមកុដពីកម្មវិធី World Junior Tourism Ambassador 2024 នៅ ប្រទេស ម៉ាឡេស៊ី ដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង។
វ័យទើប១០ឆ្នាំប៉ុណ្ណោះ តែកុមារី ថៃ ដារ៉ូត ដណ្តើមបានជយលាភីលើឆាកអន្តរជាតិបន្តបន្ទាប់។ ជាក់ស្តែងថ្មីៗនេះ កុមារីវ័ ដារ៉ូត ទើបតែដណ្តើមបានមកុដ World Junior Tourism Ambassador 2024 ពីការប្រកួតនៅម៉ាឡេស៊ី ធ្វើឱ្យគ្រូបណ្តុះបណ្តាល ក្រុមគ្រួសារ ជាពិសេសអ្នកម្តាយមានមោទនភាពលើកូនស្រីជាពន់ពេក។
ផ្តល់បទសម្ភាសន៍នៅច្រកចេញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ម្សិលមិញ ថៃ ដារ៉ូត បានបង្ហាញអារម្មណ៍មោទនភាពដែលអាចដណ្តើមមកុដអន្តរជាតិជូនជាតិកម្ពុជា ដូចអ្វីដែលនាងបានតាំងចិត្តទុក។
ទោះបីការប្រកួតមានផលលំបាកច្រើន តែកុមារីដ៏ពូកែនេះអាចឆ្លងកាត់ទៅបាន រហូតទម្លាក់បេក្ខភាពមកពីបណ្តាប្រទេសផ្សេងៗ ក្លាយជាក្មេងស្រីកម្ពុជាដំបូងគេបង្អស់ដែលឈ្នះមកុដ World Junior Tourism Ambassador 2024។
លោក Mathew Tan (ម៉ាតសៀវ តាន់) National Director និងជាគ្រូបណ្តុះបណ្តាលរបស់ ដារ៉ូត រំភើបគ្មានអ្វីប្រៀបផ្អឹម ពេលឃើញកូនសិស្សមានសមត្ថភាពខ្ពស់ខ្លាំងបែបនេះ។ លោកតែងតែមានជំនឿចិត្តខ្ពស់លើភាពពូកែរបស់ ដារ៉ូត ហើយក្មេងស្រីរូបនេះមិនដែលធ្វើឱ្យលោកខកបំណងម្តងណាឡើយ។
កុមារីវ័យ១០ឆ្នាំ ថៃ ដារ៉ូត ពុំដែលត្អួនត្អែលថាហត់នឿយម្តងណាឡើយ ផ្ទុយទៅវិញ នាងសប្បាយដែលបានធ្វើនូវអ្វីដែលខ្លួនស្រលាញ់ ហើយប្តេជ្ញាធ្វើឱ្យបានល្អបំផុតក្នុងការបំពេញតួនាទីម្ចាស់មកុដ World Junior Tourism Ambassador 2024 ដើម្បីប្រម៉ូតផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងស្រុកបង្ហាញទៅឱ្យអន្តរជាតិបានឃើញ។
ភាពជោគជ័យ ៣ ដងផ្ទួនៗធ្វើឱ្យក្មេងស្រីរូបនេះកាន់តែមានជំនឿចិត្តខ្ពស់ក្នុងការសម្រេចបំណងប្រាថ្នារបស់ខ្លួនឯង ដែលចង់ក្លាយជាតារាម៉ូដែល ឬជាបវរកញ្ញាល្បីឈ្មោះលើពិភពលោក៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច