ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

IMF រក្សាការព្យាករកំណើនសេដ្ឋកិច្ចចិន ៥% ក្នុងឆ្នាំ ២០២៤

០៦ សីហា ២០២៤ | សេដ្ឋកិច្ច

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរក្សាការព្យាករសេដ្ឋកិច្ចរបស់ប្រទេសចិន ត្រឹម ៥% នៅឆ្នាំ ២០២៤ ដោយលើកឡើងពី សេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងត្រីមាសទី ១ និងវិធានការគោលនយោបាយថ្មីៗរបស់ចិន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។

 

 

ប្រភពដដែលបានគូសបញ្ជាក់ថា កំណើន GDP របស់ប្រទេសចិន ឆ្នាំ ២០២៤ ត្រូវបានគេព្យាករថា នឹងស្របតាមគោលដៅរបស់ប្រទេសចិន ហើយអតិផរណា ត្រូវបានគេរំពឹងថា នឹងកាន់តែប្រសើរឡើង ហើយផលប៉ះពាល់នៃតម្លៃទំនិញ បន្តធ្លាក់ចុះ។

 


ជាមួយគ្នានេះ IMF បានគូសបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការសម្របសម្រួលការកែសម្រួលវិស័យអចលនទ្រព្យ និងបង្កើនទំនុកចិត្តរបស់អ្នកទិញផ្ទះ ភ្ជាប់ជាមួយ វិធានការគោលនយោបាយរូបិយវត្ថុដែលអនុវត្តដោយធនាគារកណ្តាលចិន។

 


IMF ក៏បានសង្កត់ធ្ងន់លើ តួនាទីសំខាន់របស់ប្រទេសចិន ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល និងការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។លើសពីនេះ IMF ក៏បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន សម្រាប់ឆ្នាំ ២០២៥ ដល់ ៤,៥%។

 


ដោយឡែក ការប្រើប្រាស់ក្នុងស្រុកនៅតែទន់ខ្សោយ ដោយបានភ្ជាប់ទៅនឹង ទំនុកចិត្តផុយស្រួយ ដោយសារវិបត្តិវិស័យអចលនទ្រព្យអូសបន្លាយ និងជាឧបសគ្គដល់ ការស្ទុះងើបឡើងវិញនៃ សេដ្ឋកិច្ចពេញលេញ។

 


ទោះយ៉ាងណា ប្រទេសចិន បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីគាំទ្រទីផ្សារអចលនទ្រព្យ ប៉ុន្តែត្រូវការជាចាំបាច់បន្ថែមទៀត ដើម្បីធានាបាននូវការងើបឡើងវិញលឿនជាងមុន ក្នុងអំឡុងពេលអន្តរកាល៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025