ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

“Pachinko” ភាពយន្តភាគដ៏ល្បីរបស់ Lee Minho បង្ហាញរដូវកាលថ្មីផ្លូវការ

២៣ កក្កដា ២០២៤ | កម្សាន្ដ

 

ភាពយន្តភាគល្បីកូរ៉េ “Pachinko” ទើបតែបង្ហាញឈុតខ្លីៗសម្រាប់រដូវកាលទី២ ជាមួយការវិលត្រលប់របស់តួអង្គសំខាន់ៗពីវគ្គមុនដូចជា Lee Minho និងតារាល្បីៗជាច្រើនទៀត។

 


ភាពយន្តភាគ “Pachinko” (ប៉ាជីនកូ) ដែលរួមសម្ដែងដោយតារាជួរមុខកូរ៉េជាច្រើនដូចជាតារាប្រុស Lee Minho (លី មីនហូ) តារាជើងចាស់ Youn Yuh Jung (យូន យូជុង) និងតារាស្រី Kim Min Ha (គីម មីនហា) បានបញ្ចេញឈុតខ្លីៗសម្រាប់រដូវកាលទី២របស់ខ្លួនដោយបាននាំទស្សនិកជនទៅកាន់ទីក្រុងអូសាកា ប្រទេសជប៉ុន និងបង្ហាញពីការជួបគ្នាជាថ្មីរបស់តួឯកប្រុសស្រីទាំងពីរ។

 


ផលិតឡើងដោយផ្អែកសាច់រឿងតាមប្រលោមលោកលក់ដាច់បំផុតរបស់កាសែត New York Times ភាពយន្តភាគ “Pachinko” រៀបរាប់ពីជីវិតគ្រួសារជនអន្តោប្រវេសន៍កូរ៉េ ៤ ជំនាន់ឆ្លងកាត់ស្ថានភាពហែកហួរដោយសង្គ្រាមចាប់ពីដើមទសវត្សរ៍ឆ្នាំ ១៩០០ ដល់ឆ្នាំ ១៩៨០។

 

 

ក្រៅពីការវិលត្រលប់របស់តួអង្គសំខាន់ៗក្នុងវគ្គមុន វីដេអូ Trailer សម្រាប់រដូវកាលថ្មីនេះក៏បានបង្កការចាប់អារម្មណ៍ខ្លាំងផងដែរដោយមានសមាជិក BLACKPINK Rosé (រ៉ូហ្សេ) ចូលរួមច្រៀងចម្រៀងប្រកបភាពយន្តមួយបទមានចំណងជើងថា “Viva La Vida”។

 


រដូវកាលទី ១ ដែលបានចេញកាលពីខែមីនា ឆ្នាំ២០២២ និងត្រូវបានផលិតជាភាសាកូរ៉េ ជប៉ុន និងអង់គ្លេស បានទទួលជោគជ័យជាខ្លាំង ព្រមទាំងបានឈ្នះពានរង្វាន់នៅកម្មវិធីជាតិនិងអន្តរជាតិជាច្រើនរួមទាំងកម្មវិធី Critics Choice Awards កម្មវិធី Gotham Awards និងកម្មវិធីច្រើនទៀត។

 


ភាពយន្ត “Pachinko” រដូវកាលទី ២ ដែលមានសរុបចំនួន ៨ ភាគ នឹងចាប់ផ្ដើមចាក់ផ្សាយនៅលើ Apple TV ចំនួន១ភាគក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី ២៣ ខែសីហា រហូតដល់ថ្ងៃទី ១១ ខែតុលា ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024