ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

Brad Pitt និង George Clooney សម្ពោធស្នាដៃថ្មីរួមគ្នានៅមហោស្រព Venice

០២ កញ្ញា ២០២៤ | កម្សាន្ដ

 

តារាសម្ដែងល្បីអាមេរិក Brad Pitt និង George Clooney បានបង្ហាញវត្តមានរួមគ្នាក្នុងកម្មវិធីមហស្រពភាពយន្តទីក្រុង Venice ដើម្បីសម្ពោធភាពយន្តថ្មីរបស់ពួកគេ។

 


តារាលំដាប់ A របស់ហូលីវូដ ២ រូបគឺ Brad Pitt (ប្រេដ ភីត) និង George Clooney (ចច ឃ្លូនី) បានបង្ហាញខ្លួនលើកម្រាលព្រំក្រហមក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុង Venice (វេនីស) ប្រទេសអ៊ីតាលី កាលពីល្ងាចថ្ងៃអាទិត្យ ទី ១ ខែកញ្ញា ដើម្បីអបអរការសម្ពោធបញ្ចាំងភាពយន្តថ្មីរបស់ពួកគេ មានចំណងជើងថា "Wolfs"។

 


តារាសម្ដែងទាំង ២ រូបបានបង្ហាញស្នាមញញឹមដ៏រីករាយនៅចំពោះមុខកាមេរ៉ា អ្នកសារព័ត៌មាន និងអ្នកគាំទ្រយ៉ាងច្រើនកុះករ ខណៈភរិយារបស់តារាសម្ដែង George Clooney គឺអ្នកនាង Amal Clooney (អាម៉ល ឃ្លូនី) ក៏បានចូលរួមកម្មវិធីនេះជាមួយគ្នាដែរ។

 


គួរបញ្ជាក់ថា ភាពយន្ត “Wolfs” គឺជាការវិលត្រលប់មកជួបគ្នាជាថ្មីម្ដងទៀតរបស់ George Clooney និង Brad Pitt រយៈពេល ១៦ឆ្នាំ បន្ទាប់ពីការសហការលើកចុងក្រោយរបស់ពួកគេក្នុងភាពយន្តបែបកំប្លែង “Burn After Reading” កាលពីឆ្នាំ២០០៨។

 


ជាស្នាដៃនិពន្ធ និងដឹកនាំដោយ លោក Jon Watts (ចន វ៉ាត់) ភាពយន្តថ្មីនេះដែរគឺជារឿងបែបឧក្រិដ្ឋកម្ម និងកំប្លែង ខណៈ George Clooney និង Brad Pitt ដើរតួជាអ្នកស៊ីឈ្នួលដោះស្រាយករណីឧក្រិដ្ឋកម្មក្រៅផ្លូវច្បាប់ ដែលចូលចិត្តធ្វើការងារតែម្នាក់ៗឯង ប៉ុន្តែត្រូវបង្ខំចិត្តមកសហការគ្នាក្នុងករណីឃាតកម្មដ៏ធ្ងន់ធ្ងរមួយ។

 

 

បន្ទាប់ពីការសម្ពោធបញ្ចាំងកាលពីថ្ងៃអាទិត្យ ភាពយន្តនេះក៏មានឈ្មោះចូលរួមប្រកួតប្រជែងពានរង្វាន់ក្នុងមហោស្រពភាពយន្ត Venice ដែលនឹងដំណើរការរហូតដល់ថ្ងៃទី ៧ ខែកញ្ញា ផងដែរ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024