ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

Taylor Swift ឈ្នះពានធំ ខណៈ Lisa រងការរិះគន់ក្នុងកម្មវិធី MTV VMAs 2024

១៣ កញ្ញា ២០២៤ | កម្សាន្ដ

 

តារាចម្រៀងអាមេរិក Taylor Swift បានក្លាយជាអ្នកឈ្នះពានរង្វាន់ធំជាងគេក្នុងកម្មវិធី MTV Video Music Awards ឆ្នាំ២០២៤ ខណៈវត្តមានចូលរួមរបស់តារាល្បីៗជាច្រើនទៀតដូចជា Lisa ក្រុម BLACKPINK និង Katy Perry ជាដើម។

 


ក្នុងកម្មវិធី MTV Video Music Awards ហៅកាត់ VMA ដែលរៀបចំឡើងនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១១ ខែកញ្ញា តារាចម្រៀង Taylor Swift បានក្លាយជាម្ចាស់ជយលាភីធំជាងគេ ដោយបានឈ្នះពានរង្វាន់រហូតដល់ ៧ ពានម្នាក់ឯង មានដូចជាពានរង្វាន់ធំបំផុត “វីដេអូចម្រៀងប្រចាំឆ្នាំ” សម្រាប់បទ “Fortnight” និងពានរង្វាន់ផ្សេងៗទៀតដូចជា ពានរង្វាន់សិល្បករប្រចាំឆ្នាំ ពានរង្វាន់ Best Pop ពានរង្វាន់ Best Editing ពានរង្វាន់ Best Direction ពានរង្វាន់បទចម្រៀងរដូវក្ដៅ និងពានរង្វាន់ការសហការល្អបំផុត។

 

 

ការឈ្នះពានរង្វាន់លើកនេះធ្វើឱ្យ Taylor Swift អាចបំបែកកំណត់ត្រាសិល្បករទោលដែលឈ្នះពានរង្វាន់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកម្មវិធី MTV VMA ពោលគឺចំនួនសរុប ៣០ពាន។ជយលាភីលេចធ្លោផ្សេងទៀតមានដូចជាតារាចម្រៀង Sabrina Carpenter បានឈ្នះពានរង្វាន់បទចម្រៀងល្អបំផុត និងតារាចម្រៀង Chappell Roan បានឈ្នះពានរង្វាន់សិល្បករថ្មី។

 


សមាជិកក្រុម BLACKPINK, Lisa ក៏បានឈ្នះពានរង្វាន់ធំមួយដែរ គឺពានរង្វាន់សិល្បករខេប៉ុប ដែលធ្វើឱ្យនាងក្លាយជាសិល្បករខេប៉ុបទោលដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលបានឈ្នះពានរង្វាន់នេះចំនួន ២ លើក បន្ទាប់ពីឈ្នះទីមួយគឺកាលពីឆ្នាំ២០២២។ សិល្បករខេប៉ុបពីរក្រុមទៀត គឺក្រុមចម្រៀងបុរស SEVENTEEN និងក្រុមនារី LE SSERAFIM ក៏បានឈ្នះពានរង្វាន់ម្នាក់១ត្រលប់ទៅផ្ទះវិញផងដែរ។

 


ក្រៅពីការប្រគល់ពានរង្វាន់ កម្មវិធី MTV Music Awards ក៏បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើនជាមួយនឹងការសម្ដែងដ៏ពិសេសៗពីតារាអន្តរជាតិជាច្រើនដូចជា តារារ៉េប Eminem តារាចម្រៀង Karol G តារាចម្រៀង Katy Perry ក្រុមចម្រៀង LE SSERAFIM និងការសម្ដែងទោលរបស់ Lisa ផងដែរ។

 


យ៉ាងណាមិញ ការសម្ដែងរបស់ Lisa ជាមួយបទថ្មីៗរបស់នាងគឺបទ “New Woman” និង “Rockstar” បានទទួលការរិះគន់ច្រើនពីសំណាក់អ្នកលេងអ៊ិនធឺណិត ខណៈដែលនាងបានច្រៀងចាក់ឌីស ខុសពីសិល្បករដទៃទៀតដែលសុទ្ធសឹងតែច្រៀងផ្ទាល់។ សារព័ត៌មាន Billboard និង The New York Post បានចាត់ថ្នាក់ការសម្ដែងរបស់តារាថៃរូបនេះជាការសម្ដែងអន់បំផុតលើឆាក VMAs ឆ្នាំ២០២៤ ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024