ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

Baekhyun ក្រុម EXO បំបែកកំណត់ត្រាលក់អាល់ប៊ុមបាន ៣ លានបន្ទះ

១១ កញ្ញា ២០២៤ | កម្សាន្ដ

 

តារាចម្រៀងកូរ៉េ Baekhyun ដែលជាសមាជិកក្រុម EXO បានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យខេប៉ុប ដោយបានក្លាយជាតារាខេប៉ុបទោលដំបូងគេអាចលក់អាល់ប៊ុមដាច់សរុបលើស ៣ លានបន្ទះ។

 


កាលពីថ្ងៃទី៦ ខែកញ្ញា សមាជិកក្រុម EXO, Baekhyun (ផេកខ្យន) បានបញ្ចេញមីនីអាល់ប៊ុមទោលទី៤របស់ខ្លួនមានចំណងជើងថា "Hello, World” ព្រមជាមួយវីដេអូចម្រៀងសម្រាប់បទនាំមុខរបស់អាល់ប៊ុមមានចំណងជើងថា “Pineapple Slice”។

 


រហូតមកដល់ថ្ងៃទី១០ ពោលរយៈពេល ៥ថ្ងៃបន្ទាប់ពីចេញលក់ អាល់ប៊ុមថ្មីនេះបានលក់ដាច់ដល់ ១ លានបន្ទះនៅលើវិបសាយ Hanteo (ហានថូ) ដោយនេះជាអាល់ប៊ុមទី ៣ហើយរបស់ Baekhyun (ផេកខ្យន) ដែលអាចលក់ដាច់បានលើស ១ លានបន្ទះ បន្ទាប់ពីអាល់ប៊ុម “Delight” និងអាល់ប៊ុម “Bambi”។

 

 

ជាមួយតួលេខលក់សរុបជាង ៣ លានបន្ទះ ធ្វើឱ្យតារាវ័យ ៣២ឆ្នាំក្លាយជាតារាខេប៉ុបទោលដែលអាចលក់អាល់ប៊ុមដាច់ច្រើនបំផុតលើវិបសាយ Hanteo (ហានថូ)  ចាប់តាំងពីឆ្នាំ២០០៤មក។

 


មិនតែប៉ុណ្ណោះ បទចម្រៀងរបស់ Baekhyun (ផេកខ្យន) បានទទួលការចូលស្ដាប់សរុបរហូតដល់ ១ ពាន់លានដងនៅលើវេទិកាស្ដាប់ចម្រៀងអន្តរជាតិ Spotify និង ២ ពាន់លានដងនៅលើវេទិកាស្ដាប់ចម្រៀងកូរ៉េ Melon ដែលបង្ហាញយ៉ាងកាន់តែច្បាស់ពីភាពជោគជ័យមិនធម្មតារបស់គេក្នុងនាមជាតារាចម្រៀងទោល។

 


គួររំឭកថា Baekhyun (ផេកខ្យន) បានបង្ហាញមុខលើកដំបូងជាមួយក្រុម EXO ក្នុងឆ្នាំ២០១២ និងបានចេញអាល់ប៊ុមដំបូងមានចំណងជើងថា “City Lights” ក្នុងឆ្នាំ២០១៩។

 

 

អាល់ប៊ុម "Hello, World” គឺជាអាល់ប៊ុមដំបូងដែលរូបគេបានចេញក្រោមផលិតកម្ម INB100 ជាក្រុមហ៊ុនដែលគេបានបង្កើតរួមគ្នាជាមួយសមាជិក EXO, Xiumin (ស៊ីវមីន) និង Chen (ឆេន) ក្រោយចាកចេញពីផលិតកម្ម SM Entertainment ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024