ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

Dahyun ក្រុម TWICE ចូលរួមកម្មវិធីបង្ហាញម៉ូដ Michael Kors នៅ New York

១៣ កញ្ញា ២០២៤ | កម្សាន្ដ

សមាជិកក្រុមចម្រៀងនារីខេប៉ុប TWICE, Dahyun និងតារាចម្រៀងចិន JC-T បានស្ថិតក្នុងចំណោមតារាល្បីៗអន្តរជាតិជាច្រើនដែលចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដរបស់ប្រេន Michael Kors ក្នុងព្រឹត្តិការណ៍ New York Fashion Week។

 


អ្នកគាំទ្រជាច្រើនបានឈររង់ចាំរាប់ម៉ោងដើម្បីបានឃើញការបង្ហាញវត្តមានរបស់សមាជិក TWICE, Dahyun (ដាយ៉ុន) និងតារាចម្រៀងប្រុសចិន JC-T ដែលជាទូតសុច្ឆន្ទៈរបស់ម៉ាកសម្លៀកបំពាក់អាមេរិក Michael Kors (ម៉ាយឃើល ខស) ក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់រដូវក្ដៅនិងរដូវផ្ការីកឆ្នាំ២០២៥ របស់ម៉ាកសម្លៀកបំពាក់មួយនេះ ដែលបានប្រារព្ធឡើងក្នុងកំលុងព្រឹត្តិការណ៍ New York Fashion Week កាលពីពេលថ្មីៗ។

 


តារាល្បីៗអន្តរជាតិជាច្រើនទៀតដែលបានចូលរួមកម្មវិធីនេះដែររួមមាន តារាសម្ដែង Lindsay Lohan (លីនសេ ឡូហាន), តារាសម្ដែង Kerry Washington និងតារារ៉េប Mary J. Blige (មែរី ជេ ប្លាច) ជាដើម។

 


ផ្នែកខាងក្នុងនៃកម្មវិធី ភ្ញៀវកិត្តិយសទាំងអស់ត្រូវបានស្វាគមន៍ដោយការបង្ហាញម៉ូដសម្លៀកបំពាក់ថ្មីចំនួន ៦៦ ឈុត ដោយឈុតជាច្រើនមានការបំផុសគំនិតពីខ្សែភាពយន្ត “Ripley” (រីផ្លេ)។

 

 

អ្នកច្នៃម៉ូដ Michael Kors ដែលជាម្ចាស់ម៉ាកយីហោផ្ទាល់បានឱ្យដឹងថាសម្រាប់ Collection ថ្មីនេះគឺលោកចង់ផ្ដោតលើសម្លៀកបំពាក់ដែលធ្វើឡើងដោយដៃទាំងការត្បាញនិងដេរប៉ាក់ ដែលសក្ដិសមមិនត្រឹមតែសម្រាប់ចូលរួមកម្មវិធីសំខាន់ៗតែក៏តម្រូវសម្រាប់ជីវិតប្រចាំថ្ងៃដូចគ្នា។ ការបង្ហាញម៉ូដចាប់ផ្ដើមដោយបណ្ដុំឈុតពណ៌ស និងពណ៌ខ្មៅ មុននឹងប្ដូរទៅពណ៌បែបធម្មជាតិដូចជាពណ៌ត្នោត និងពណ៌បៃតង។

 


គួរបញ្ជាក់ថាកម្មវិធី New York Fashion Week ឆ្នាំ២០២៤ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី១១ ខែកញ្ញា បន្ទាប់ពីដំណើរការរយៈពេល ៦ថ្ងៃ ដោយមានក្រុមហ៊ុន និងអ្នកច្នៃម៉ូដល្បីៗប្រមាណ ៦០ ចូលរួមបង្ហាញ Collection ថ្មីៗរបស់ខ្លួន ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024