ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
សមាជិកក្រុមនារីខេប៉ុប NewJeans បាននាំគ្នា Live ទម្លាយរឿងដែលពួកគេរងអំពើអយុត្តិធម៌ និងបានស្នើសុំឱ្យក្រុមហ៊ុន HYBE ប្រគល់តំណែង CEO ឱ្យ Min Hee-jin ដែលជាអ្នកចាត់ការដើមរបស់គេវិញជាបន្ទាន់។
កាលពីថ្ងៃទី១១ ខែកញ្ញា សមាជិកទាំង ៥ របស់ NewJeans បាននាំគ្នាចូល Live លើ YouTube ដើម្បីនិយាយពីបញ្ហាដែលពួកគេកំពុងប្រឈម ជាពិសេសបានជំរុញឱ្យ HYBE តែងតាំង Min Hee Jin ជានាយកប្រតិបត្តិនៃ ADOR ឡើងវិញឱ្យបានមុនថ្ងៃទី២៥ ខែកញ្ញានេះ។
សមាជិក Minji បាននិយាយអំពីភាពតានតឹងកំពុងបន្តរវាង Min Hee Jin និង HYBE ថា៖ "អស់រយៈពេលកន្លះឆ្នាំ រឿងដែលមិនចាំបាច់ និងគួរឱ្យហត់នឿយទាំងអស់នៅតែបន្ត។ ក្នុងនាមជាអ្នកពាក់ព័ន្ធផ្ទាល់ ពួកយើងពិតជាមិនស្រួលចិត្តនោះទេ”។
គួររំឭកថា HYBE ដែលជាផលិតកម្មខេប៉ុបធំបំផុត និងជាទ្រនំក្រុមចម្រៀង BTS បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងផលិតករស្រី Min Hee Jin កាលពីខែមេសាកន្លងទៅ ពីបទបំពានអំណាចគ្រប់គ្រង ហើយនៅថ្ងៃទី ២៧ ខែសីហា ពួកគេបានតែងតាំង Kim Joo Young អតីតប្រធានផ្នែកធនធានមនុស្សរបស់ HYBE ជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាក្រុមហ៊ុនគ្រប់គ្រង NewJeans។
ជាលទ្ធផល Min Hee Jin ត្រូវបានដកហូតសិទ្ធិគ្រប់គ្រងរបស់នាងបន្ទាប់ពីបម្រើការជានាយកប្រតិបត្តិរបស់ ADOR អស់រយៈពេលប្រហែល ២ ឆ្នាំ ៩ ខែចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១។
ក្នុងវីដេអូ Live នេះដែរ Hanni ក៏បានចែករំលែករឿងមួយនៅពេលដែលអ្នកចាត់ការតារាម្នាក់របស់ HYBE បានណែនាំក្រុមចម្រៀងរបស់ពួកគេឱ្យព្រងើយកន្តើយនឹងនាង ទោះបីជាតារាទាំងនោះបានស្វាគមន៍នាងរួចហើយក៏ដោយ។
នៅពេលនាងយករឿងនេះនិយាយប្រាប់ នាយកប្រតិបត្តិថ្មី ពួកគេបែរជាគ្មានដំណោះស្រាយអ្វីទាល់តែសោះ។ការចេញ Live លើកនេះធ្វើឱ្យមានមតិជាច្រើនបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងពីអនាគតរបស់ក្រុមចម្រៀង NewJeans ស្របពេលដែលសង្គ្រាមថ្នាក់ដឹកនាំនៅតែបន្ត ៕
ប្រែសម្រួល៖ វ៉ាន់ថន