ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

បទថ្មី LE SSERAFIM គ្រងចំណាត់ថ្នាក់លេខ ១ លើតារាង iTunes ១៥ ប្រទេស

០២ កញ្ញា ២០២៤ | កម្សាន្ដ

 

អាល់ប៊ុម Comeback របស់ក្រុមចម្រៀងនារី LE SSERAFIM (ឡឺ សឺរ៉ាហ្វីម) មានចំណងជើងថា 'CRAZY' កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាង iTunes នៃប្រទេសផ្សេងៗជាច្រើនជុំវិញពិភពលោក។

 

 


ផ្អែកតាមការចុះផ្សាយរបស់ allkpop នៅថ្ងៃទី២ ខែកញ្ញានេះ បានឱ្យដឹងថាអាល់ប៊ុមខ្នាតតូចទី ៤ របស់ក្រុមចម្រៀងនារី LE SSERAFIM (ឡឺ សឺរ៉ាហ្វីម) បានជាប់ចំណាត់ថ្នាក់កំពូលក្នុងតារាងអាល់ប៊ុម iTunes ចំនួន ១៥ ប្រទេសនិងតំបន់រួមមាន ប្រទេសឈីលី ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាកាវ ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ និងប្រទេសថៃជាដើម ហើយថែមទាំងបានជាប់លេខ ២ នៅលើតារាងអាល់ប៊ុម iTunes ទូទាំងពិភពលោក និងជាប់លេខ ៦ សម្រាប់តារាង iTunes នៅអឺរ៉ុបទៀតផង។

 

 


លើសពីនេះ បទចម្រៀងនាំមុខក្នុងអាល់ប៊ុមគឺបទ "CRAZY" បានទទួលការចាក់ស្ដាប់ ២ លានដងក្នុងថ្ងៃដំបូងនៅលើ Spotify ដែលជាកំណត់ត្រាខ្ពស់បំផុតធៀបនឹងបទចម្រៀងរបស់ពួកគេដែលចេញក្នុងពេលកន្លងមក ខណៈវីដេអូចម្រៀងបទនេះមានអ្នកចូលទស្សនាលើ Youtube ប្រមាណ ៣០ លានដងបន្ទាប់ពីចេញផ្សាយរយៈពេល ៣ ថ្ងៃ។

 

 

 

ចំពោះតួលេខលក់អាល់ប៊ុមវិញ គេហទំព័រចម្រៀងកូរ៉េ Hanteo (ហានថូ) បានរាយការណ៍ថា អាល់ប៊ុម “CRAZY” បានលក់ដាច់ចំនួន ១៩៥ ២៦៤ (មួយសែនប្រាំបួនម៉ឺនប្រាំពាន់ពីររយហុកសិបបួន) បន្ទះក្នុងថ្ងៃដំបូង។

 

 


គួរបញ្ជាក់ថា អាល់ប៊ុមថ្មីនេះគឺជាការវិលត្រលប់មកឆាកតន្ត្រីវិញលើកដំបូងរបស់ Le Sserafim ក្នុងរយៈពេលជាង ៦ ខែចាប់តាំងពីអាល់ប៊ុមទី ៣ របស់ពួកគេមានចំណងជើងថា “EASY” ត្រូវបានចេញផ្សាយកាលពីខែកុម្ភៈ និងបានឈានដល់ចំណាត់ថ្នាក់លេខ ៨ នៅលើតារាងអាល់ប៊ុមពិភពលោក Billboard 200 ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024