ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤
តារាចម្រៀងកូរ៉េខាងត្បូង Onew ដែលជាសមាជិកក្រុមចម្រៀងល្បី SHINee ទើបតែចេញអាល់ប៊ុមទោលថ្មី ដែលជាស្នាដៃដំបូងរបស់លោកក្រោយចាកចេញពីផលិតកម្ម SM Entertainment។
សមាជិកក្រុមចម្រៀង SHINee, Onew (អូញូ) បានបញ្ចេញមីនីអាល់ប៊ុមទី៣ របស់ខ្លួនមានចំណងជើងថា “Flow” ព្រមជាមួយវីដេអូចម្រៀងសម្រាប់បទ “beat drum” កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា។
អាល់ប៊ុមរួមទាំងបទចម្រៀងថ្មីនេះ គឺជាការវិលត្រលប់លើកដំបូងក្រោយរយៈពេលជាងមួយឆ្នាំរបស់តារាចម្រៀងវ័យ ៣៤ឆ្នាំរូបនេះ បន្ទាប់ពីអាល់ប៊ុម “Circle” បានចេញកាលពីខែមីនា ឆ្នាំ២០២៣។
មិនតែប៉ុណ្ណោះ អាល់ប៊ុមនេះក៏ជាការបញ្ចេញស្នាដៃចម្រៀងដំបូងរបស់គេក្រោមស្លាកផលិតកម្ម Griffin Entertainment (គ្រីហ្វីន អ៊ិនថឺធេនមេន) ផងដែរ បន្ទាប់ពីរូបលោកបានចុះកុងត្រាផ្ដាច់មុខជាមួយផលិតកម្មនេះកាលពីខែមេសា ក្រោយផុតកុងត្រាជាមួយផលិតកម្ម SM Entertainment ដែលលោកបានជ្រកកោនអស់រយៈពេលជាង ១០ ឆ្នាំកន្លងមក។
បន្ទាប់ពីការចេញអាល់ប៊ុមថ្មីនេះ Onew នឹងរៀបចំការប្រគំតន្ត្រី Solo Concert ជាបន្តបន្ទាប់ ចាប់ផ្ដើមពីនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៥ និងទី៦ ខែតុលា មុននឹងបន្តទៅទីក្រុង Yokohama ប្រទេសជប៉ុន នៅថ្ងៃទី២១ និង២២ ខែវិច្ឆិកា។
គួររំឭកថា Onew បានចាប់ផ្ដើមបង្ហាញមុខដំបូងជាមួយក្រុមចម្រៀង SHINee កាលពីឆ្នាំ២០០៨ ក្នុងនាមជាអ្នកដឹកនាំក្រុម និងបានចាប់ផ្ដើមចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួនមានចំណងជើងថា “Voice” កាលពីខែកុម្ភៈ ឆ្នាំ២០១៨។បច្ចុប្បន្នក្រុម SHINee នៅសេសសល់សមាជិក៤នាក់ ហើយបើទោះជាពួកគេស្ថិតនៅផលិតកម្មខុសៗគ្នា ប៉ុន្តែ Onew បានអះអាងថាក្រុមរបស់ខ្លួននឹងនៅតែបន្តចេញបទចម្រៀងរួមគ្នាទៀតនៅថ្ងៃអនាគត ៕
ប្រែសម្រួល៖ វ៉ាន់ថន