ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥

ម្តាយតារាកូរ៉េ Han So Hee ត្រូវបានចាប់ខ្លួនពីបទបើកល្បែងស៊ីសងខុសច្បាប់

០៣ កញ្ញា ២០២៤ | កម្សាន្ដ

 

ថ្មីៗនេះម្ដាយរបស់តារាសម្ដែងស្រីកំពុងល្បីរបស់កូរ៉េខាងត្បូង Han So Hee ត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទបើកល្បែងស៊ីសងខុសច្បាប់ជាង ១០ កន្លែង។

 


យោងតាមសេចក្ដីរាយការណ៍ពី TV Chosun កាលពីថ្ងៃទី ២ ខែកញ្ញាបង្ហាញថាស្ត្រីអាយុ ៥០ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទបើកល្បែងស៊ីសងខុសច្បាប់។ ស្ត្រីមានឈ្មោះថា Shin និងត្រូវបានគេស្គាល់ថាជាម្តាយរបស់តារាសម្ដែងស្រី Han So Hee ត្រូវបានគេចោទប្រកាន់ពីបទបើកល្បែងស៊ីសងខុសច្បាប់ចំនួន ១២ នៅក្នុងទីក្រុងផ្សេងៗដូចជា Ulsan និង Wonju ចាប់ពីឆ្នាំ ២០២១ រហូតដល់ចុងខែសីហាកន្លងទៅ។

 


គួររំឭកថា អ្នកស្រី Shin មានប្រវត្តិត្រូវបានប្តឹងពីបទឆបោក និងធ្លាប់ទទួលបានការផាកពិន័យពីបទល្មើសស្រដៀងគ្នានេះជាច្រើនលើកមកហើយ។ ករណីនេះបានទាក់ទាញការចាប់អារម្មណ៍បន្ថែមទៀតដោយសារតែសេចក្តីថ្លែងការណ៍ជាសាធារណៈកន្លងមករបស់ Han So-hee បានបង្ហាញថានាងបានឃ្លាតឆ្ងាយពីម្តាយ បន្ទាប់ពីមានបញ្ហាបំណុលជាច្រើន។

 


នៅក្នុងខែមីនា ឆ្នាំ ២០២២ ទីភ្នាក់ងាររបស់ Han So-hee បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទទួលស្គាល់ថា លោកស្រី Shin បានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងក្លែងបន្លំជាច្រើន ប៉ុន្តែបានបំភ្លឺថា Han So-hee មិនជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់ម្តាយនាង ដូចដែលបានកំណត់ដោយតុលាការនោះទេ។Han So hee ធ្លាប់បង្ហើបថាឪពុកម្តាយរបស់នាងបានលែងលះគ្នានៅពេលដែលនាងមានអាយុប្រហែល ៥ ឆ្នាំ ហើយនាងក៏បានរស់នៅជាមួយជីដូនរហូតដល់ចូលរៀនសាកលវិទ្យាល័យ។ ទោះបីម្ដាយមិនមើលថែ ប៉ុន្តែកន្លងមកនាងក៏បានជួយសងបំណុលជំនួសម្ដាយយ៉ាងអស់ពីលទ្ធភាព។

 


គួរបញ្ជាក់ថា តារាស្រីវ័យ ២៩ឆ្នាំរូបនេះចាប់ផ្ដើមទទួលការចាប់អារម្មណ៍ខ្លាំងក្រោយបង្ហាញខ្លួនក្នុងរឿងភាគ The World Of the Married ក្នុងឆ្នាំ ២០២០ ហើយជាបន្ដបន្ទាប់នាងបានបង្ហាញខ្លួនក្នុងរឿងល្បីៗ ដូចជា Nevertheless (ណេវើដឹឡេស), My Name និង Gyeongseong Creature (ខ្យុងសុង គ្រីតឆឺ) ជាដើម ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025