ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

ជោគជ័យម្នាក់ឯងមិនគ្រប់ នៀន នៀន លូកដៃជួយជ្រោមជ្រែងបវរកញ្ញាភេទទី៣ ឱ្យរីកស្មើមុខស្មើមាត់ក្នុងចង្កោមបវរកញ្ញា-បុរសឯកនៅកម្ពុជា

២៣ កក្កដា ២០២៤ | កម្សាន្ដ

បន្ទាប់ពីគ្រងមកុដ Miss Star Cambodia 2024 បវរកញ្ញាភេទទី៣រូបស្រស់ នៀន នៀន បានប្រើប្រាស់សម្លេងដ៏មានឥទ្ធិពល មកជួយជ្រោមជ្រែងបវរកញ្ញាភេទទី៣ផ្សេងទៀត ឱ្យរីកស្មើរមុខស្មើរមាត់ក្នុងចង្កោមបវរកញ្ញា-បុរសឯកនៅកម្ពុជា។

 


 

ស្របពេលដែលវិស័យបវរកញ្ញានៅកម្ពុជាមានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ កម្មវិធីប្រកួតបវរកញ្ញាភេទទី៣ ក៏រីកចម្រើនលូតលាស់ខ្លាំងទៅតាមនោះផងដែរ។ គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រកួតបវរកញ្ញាភេទទី៣ បានរីកសាយភាយច្រើនរហូតដល់មានការប្រកួតថ្នាក់ខេត្តថែមទៀតផង។ទោះជាយ៉ាងនេះក្តី កត្តាប្រឈមមួយចំនួននៅតែបន្តកើតមានឡើងចំពោះការប្រកួតបវរកញ្ញាភេទទី៣នៅកម្ពុជា។ 

 

 

ដោយមើលឃើញពីចន្លោះខ្វះខាត ជាកត្តារាំងស្ទះនៃការរីកលូតលាស់ការប្រកួតបវរកញ្ញាភេទទី៣នៅកម្ពុជា កញ្ញា នៀន នៀន Miss Star Cambodia 2024 មិនឱបដៃឈរមើលនោះឡើយ ផ្ទុយទៅវិញ នាងបានប្រើប្រាស់សម្លេងដ៏មានឥទ្ធិពលរបស់ខ្លួនមកលើកទឹកចិត្តប្អូនៗជំនាន់ក្រោយ ដោយរំពឹងថា បវរកញ្ញាភេទទី៣ទាំងអស់អាចមានជំហរ និងមានភាពក្លាហានក្នុងការបង្ហាញភាពជាខ្លួនឯងទៅកាន់មនុស្សជុំវិញខ្លួន។

 

 

លើសពីនេះទៅទៀត បវរកញ្ញារាងតូចច្រឡឹង នៀន នៀន ក៏បានចំណាយធនធានផ្ទាល់ខ្លួន ជាមួយផលិតផល Saiiana Cambodia ដើម្បីជួយបន្ថែមភាពស្រស់ស្អាតដល់បងប្អូនភេទទី៣ជាច្រើន ដែលមានបំណងចង់ផ្លាស់ប្តូរខ្លួនឯង។ រឹតតែគួរឱ្យចាប់អារម្មណ៍ នៀន នៀន ក៏បានធ្វើការ sponsor សំបុត្រយន្តហោះឱ្យ Maiya សម្រាប់ការធ្វើដំណើរទៅប្រកួតកម្មវិធីអន្តរជាតិនាពេលឆាប់ៗនេះខាងមុខផងដែរ។

 

 

ក្រោយជោគជ័យលើការប្រកួតថា្នក់ជាតិកាលពីពេលថ្មីៗ ម្ចាស់ប្រេន Saiiana Cambodia ដែលគ្រប់គ្នាបង្ហាញការកោតសរសើរមិនដាច់ពីមាត់ ត្រៀមជាស្រេចសម្រាប់ការតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ នៅប្រទេសប្រេស៊ីល នៃទ្វីបអាមេរិកខាងត្បូង។ នាងមិនអះអាងពីក្តីរំពឹងឡើយ ប៉ុន្តែប្តេជ្ញាថា នឹងធ្វើឱ្យបានល្អបំផុត ដើម្បីនាំយកភាពជោគជ័យពីវេទិកាអន្តរជាតិមកជូនជាតិមាតុភូមិ។

 

 

គួររំឮកផងដែរថា ក្រៅពីមមាញឹកខ្លាំងលើមុខជំនួញផ្ទាល់ខ្លួន បវរកញ្ញាភេទទី៣រូបស្រស់ នៀន នៀន ក៏មានគេទាក់ទងការងារសិល្បៈច្រើនផងដែរ ដូចជា ការថតសម្អាង និងភាពយន្តជាដើម៕


 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024